អានតួអត្ថបទ
សិង្ហបុរី-ប្រព័ន្ធយុត្តិធម៌

លោកមេធាវី M.Ravi ត្រូវតុលាការសិង្ហបុរីព្យួរមិន​ឲ្យ​ប្រកបវិជ្ជាជីវៈ ព្រោះ​រិះគន់ប្រព័ន្ធយុត្តិធម៌សិង្ហបុរី

លោកមេធាវីសិង្ហបុរីម្នាក់ ឈ្មោះ Ravi Madasamy ដែលល្បីឈ្មោះក្នុងការការពារក្តី​ ឲ្យជនជាប់ចោទ ដែលប្រឈមនឹងទោសប្រហារជីវិតនោះ ត្រូវបាន​តុលាការ​ប្រទេសនេះ សម្រេចព្យួរមិនឲ្យ​ប្រកបវិជ្ជាជីវៈ រយៈពេល​៥ឆ្នាំ។ តុលាការសិង្ហបុរី បានចោទមេធាវីរូបនេះ ថា​បាន​ធ្វើខុសក្រមសីលធម៌ តាមរយៈការនិយាយរិះគន់​មកលើ​ប្រព័ន្ធយុត្តិធម៌សិង្ហបុរី​ ដោយ​គ្មាន​មូលដ្ឋាន​។​

លោកមេធាវី Ravi Madasamy ដែលគេហៅកាត់ថា  M. Ravi កំពុងថ្លែងទៅកាន់អ្នកកាសែត នៅខាងមុខ​តុលាការកំពូលសិង្ហបុរី ថ្ងៃទី ២៦ មេសា ២០០៦
លោកមេធាវី Ravi Madasamy ដែលគេហៅកាត់ថា M. Ravi កំពុងថ្លែងទៅកាន់អ្នកកាសែត នៅខាងមុខ​តុលាការកំពូលសិង្ហបុរី ថ្ងៃទី ២៦ មេសា ២០០៦ ASSOCIATED PRESS - WONG MAYE-E
ផ្សាយពាណិជ្ជកម្ម

លោកមេធាវី Ravi Madasamy ត្រូវគេស្គាល់ថា គឺជាមេធាវី ដែលតែងតែហ៊ាននិយាយរិះគន់​មិនតមមាត់ ទៅលើ​ប្រព័ន្ធយុត្តិធម៌របស់សិង្ហបុរី​។ កាលពីឆ្នាំ២០២០ បន្ទាប់ពីបានជ័យជំនះនៅសាលាឧទ្ធរណ៍ ដែលកាត់ក្តីឲ្យ​កូនក្តីខ្លួនឈ្មោះ Gobi Aveda ជាប់ចោទពីបទរត់ពន់គ្រឿងញៀន ឲ្យរួចផុត​ពីទោសប្រហារជីវិតនោះ លោក​មេធាវី Ravi Madasamy បានប្រកាសថា រដ្ឋអាជ្ញាសិង្ហបុរី មានទម្លាប់ធ្វើការចាស់គម្រិល រឹងរូសខ្លាំងហួសហេតុ នៅក្នុងដំណើរការចោទប្រកាន់ទោស។ លោកថែមទាំងបាន​ទាមទារ ឲ្យរដ្ឋអាជ្ញា​ ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិង្ហបុរី ថ្លែងសុំទោស​កូនក្តីលោក​ជាសាធារណៈថែមទៀតផង។​

គឺពាក្យសំដីទាំងនេះហើយ ដែលត្រូវបាន​តុលាការសិង្ហបុរី យកជាមូលហេតុ​ ដើម្បីសម្រេចនៅ​ថ្ងៃ​ទី​២១មីនា ព្យួរលោក​មិន​ឲ្យ​ប្រកបវិជ្ជាជីវៈ រយៈពេល​៥ឆ្នាំជាប់គ្នា​។ តុលាការបាន​អះអាងថា គ្មានមេធាវីណាម្នាក់ ត្រូវបាន​អនុញ្ញាត ឲ្យ​ប្រើពាក្យសំដី​ដែលគ្មានការទទួលខុសត្រូវ រិះគន់មក​លើ​ប្រព័ន្ធយុត្តិធម៌​សិង្ហបុរី ដោយ​គ្មានមូលដ្ឋានបានឡើយ។ ទង្វើបែបនេះ វាប៉ះពាល់យ៉ាងខ្លះ មកលើ​ភាពរឹងមាំនៃប្រព័ន្ធយុត្តិធម៌ ក៏ដូចជាទំនុកចិត្តរបស់​ប្រជាពលរដ្ឋមកលើ​ប្រព័ន្ធយុត្តិធម៌​។​

សូមរំលឹកថា នេះមិនមែនជាលើកទី១ទេ ដែល​លោកមេធាវី Ravi Madasamy ត្រូវតុលាការសិង្ហបុរីស្តីបន្ទោស។ កាលពីឆ្នាំ​២០០៧ លោកធ្លាប់ត្រូវបាន​តុលាការព្យួរមិន​ឲ្យ​ប្រកបវិជ្ជជីវៈមេធាវី រយៈពេល​១ឆ្នាំ រួចម្តងហើយ បន្ទាប់ពី​លោក​បានរិះគន់​ស្ថាប័នអយ្យការសិង្ហបុរី ព្រមទាំងគំរាមថាលោកចង់ប្តឹង ​គណមេធាវីសិង្ហបុរី​ ដែល​មិនធ្វើការងារដោយ​ឯករាជ្យ ​ក្នុងការការពារ​មេធាវី ពីការគំរាម​របស់​រដ្ឋអាជ្ញា​។ គួរបញ្ជាក់ដែរ ថាគឺ​លោកមេធាវី Ravi Madasamy ដែលជាអ្នកការពារក្តី​ ឲ្យ​បុរសពិការ​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ Nagaenthran K. Dharmalingam ដែលត្រូវតុលាការសិង្ហបុរីកាត់ទោសប្រហារជីវិត ពីបទមានគ្រឿងញៀនជាប់ខ្លួន​ត្រឹមប៉ុន្មាន​ក្រាម​។ ការប្រហារជីវិត កាលពីខែមេសាឆ្នាំ​២០២២ ដែលបានធ្វើ​ឲ្យ​មានប្រតិកម្មរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិ ទៅលើ​ប្រព័ន្ធយុត្តិធម៌ដ៏តឹងតែងគ្មានមេត្តា​របស់សិង្ហបុរី។

លោកPhil Robertson តំណាងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានលើកឡើងថា នៅលើ​ពិភពលោកនេះ គ្មាន​ប្រទេសប្រជាធិបតេយ្យណា គេព្យួរ​មេធាវី​ម្នាក់មិន​ឲ្យ​ប្រកបវិជ្ជាជីវៈ ដោយ​គ្រាន់តែមេធាវីនោះនិយាយបញ្ចេញមតិ ពាក់ព័ន្ធនឹង​សំណុំរឿងក្តីដែលខ្លួន​ការពារនោះទេ។​ លោក​បន្តថា​ ទង្វើបំបិទសិទ្ធិសេរីភាពរបស់​ប្រព័ន្ធយុត្តិធម៌​​សិង្ហបុរីនេះ គឺវាធ្វើ​ឲ្យ​ប្រទេស​ក៏ដូចជាសង្គមខ្លួន ដើរថយក្រោយទៅវិញទេ។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ