អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនហាត់សម​ឡោមព័ទ្ធតៃវ៉ាន់ ដើម្បីបង្ហាញសមត្ថភាពថាចិនមានកម្លាំងសព្វាវុធទំនើបបាញ់ចំគោលដៅ

ចាប់ពីថ្ងៃសៅរ៍​សប្តាហ៍​មុនមក​ កងទ័ពចិនបានបើកការធ្វើសមយុទ្ធយោធាដ៏ធំ ដើម្បីហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់។ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ កងទ័ពចិនបានហាត់សមបាញ់​ប្លោង ទំលាក់គ្រាប់​ ចំចំណុច​គោលដៅយ៉ាងច្បាស់បំផុត ដែលសុទ្ធតែជា​ទីតាំងយុទ្ធសាស្ត្រសន្តិសុខ​ របស់​កោះតៃវ៉ាន់។ សមយុទ្ធយោធាដ៏ធំរបស់ចិននេះ និង​បន្តនៅថ្ងៃចន្ទនេះទៀត ជាមួយ​នឹងការហាត់សមបាញ់គ្រាប់ពិតៗតែម្តង។ លោក Peer De Jong អតីតមេបញ្ជាការកងទ័ពបារាំង ហើយ​បច្ចុប្បន្នជាអនុប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល Themiis ដើម្បីស្ថិរភាពនិង​សន្តិភាព បាន​លើកឡើងថា សមយុទ្ធយោធារបស់ចិន ហាត់សមឡោមព័ទ្ធនិងវាយ​ប្រហារកោះតៃវ៉ាន់នាពេលនេះ​ គឺជា​បង្ហាញកម្លាំងប្រាប់ទៅតៃវ៉ាន់និងអាមេរិក ថា ចិនមានសមត្ថភាព​គ្រឿងសព្វាវុធទំនើប បាញ់​ចំគោលដៅយ៉ាងច្បាស់បំផុត​។

រូបថត ថតបានពីការផ្សាយបន្តផ្ទាល់នៃការធ្វើសមយុទ្ធយោធា នៅតាមកញ្ចក់ទូរទស្សន៍ចិន CCTV13 ថ្ងៃសៅរ៍ ទី​៨មេសា ២០២៣
រូបថត ថតបានពីការផ្សាយបន្តផ្ទាល់នៃការធ្វើសមយុទ្ធយោធា នៅតាមកញ្ចក់ទូរទស្សន៍ចិន CCTV13 ថ្ងៃសៅរ៍ ទី​៨មេសា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម
02:32

សម្រង់បទវិភាគរបស់​លោក Peer De Jong

"ការហាត់សមឡោមព័ទ្ធទាំងស្រុងលើតៃវ៉ាន់ ដែលកងទ័ពចិនកំពុងតែធ្វើនាពេលនេះ គឺមានកម្មវត្ថុ បង្ហាញថា ចិនមាន​សមត្ថភាព រៀបចំ​រាំងខ្ទប់ បិទគ្រប់ច្រកទាំងអស់នៅជុំវិញកោះតៃវ៉ាន់។ គឺក្នុងក្របខណ្ឌនេះហើយ បានជាការធ្វើសមយុទ្ធនេះ ចិនបាន​ប្រើ នាវាចម្បាំង​ជាង​១០គ្រឿង ធុនធំៗ ហើយ​ច្រើនប្រភេទ អមពីលើដោយ​យន្តហោះចម្បាំងជាច្រើនគ្រឿងថែមទៀត។

តំបន់នេះ បើ​និយាយ​ជាក់ស្តែងទៅ វាត្រូវបានគេចាត់ទុកថាជាតំបន់របស់អាមេរិកទៅហើយ។ កងពលទី៥នៃកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ចុះឡើងនៅតំបន់នេះ ហើយ​មានជប៉ុន មានកូរ៉េខាងត្បូង និងតៃវ៉ាន់ទៀត។​ និយាយជារួម នៅជំុវិញតៃវ៉ាន់ វាគឺមណ្ឌលជួរមុខ ដែលអាមេរិក​គ្រប់គ្រង។ មានន័យថា រាល់ការចូល​មករំខាន ពីសំណាក់កម្លាំងរបស់ចិន​ គឺវាធ្វើ​ផ្អើលរញ្ជួយកម្លាំង​កងទ័ពនៅ​តំបន់នេះទាំងមូល ដែលសុទ្ធតែជា​សម្ភារៈសព្វាវុធធន់ធ្ងន់ ព្រោះថាធាតុពិតទៅ អាមេរិកចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូល សឹងតែដូចរបស់ខ្លួនទាំងអស់ទៅហើយ។​ កាលៈទេសៈពេលនេះ អ្វីដែលយើងកំពុងឃើញ គឺការហោះក្រវែលកំញើញគ្នា រវាង​ឥន្ទ្រី​អាេមរិក និងនាគរបស់ចិន​ នៅក្នុង​ក្របខណ្ឌមួយដ៏ស្មុគស្មាញ​ ពិបាកស្មានណាស់។

សមយុទ្ធរបស់ចិន ធ្វើឡើងក្នុងកម្រិត២ព្រមគ្នា។ ទីមួយ គឺ​ការឡោមព័ទ្ធបិទខ្ទប់ ឲ្យ​កោះតៃវ៉ាន់ឯកា​ទាំងស្រុង។ ទី២ គឺ​ការកំញើញកម្លាំងប្រាប់ទៅ​គ្រប់ភាគីផ្សេងទៀត អ្នកណាក៏ដោយដែលចង់មកអន្តរាគមន៍ជួយតៃវ៉ាន់ ឲ្យតែចូលកៀក គឺនឹងត្រូវ​កំទេចជាស្វ័យប្រវត្តិ​ដោយ​គ្រឿងសព្វាវុធទំនើបរបស់ចិន។ បន្ថែមពីនេះ ទីតាំងសំខាន់របស់តៃវ៉ាន់ ដែលនឹងរងនូវការវាយ​ប្រហារមុនគេ នៅថ្ងៃផ្ទុះសង្គ្រាមពិត​ គឺអាចមាន​ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ទីបញ្ជាការដ្ឋាន​ បន្ទាយ​ប្រមូលទ័ព និង​ប្រព័ន្ធខែលការពារ។ តៃវ៉ាន់ជាកោះតូច តែមាន​ប្រព័ន្ធការងារសំបូរបែប មានបណ្តាញ​រូងក្រោមដី ហើយ​ចិន​ក៏ប្រហែលជាកំពុងតែព្យាយាម ប្រមូលព័ត៌មានទាំង​អស់នេះដែរ។ ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទាំងនេះរបស់តៃវ៉ាន់​ អាចនឹងក្លាយជាផ្ទាំងស៊ីបដំបូងគេបង្អស់ ដោយ​ចិននឹងប្រើគ្រាប់មីស៊ីលដ៏ទំនើប បាញ់ចំគោលដៅមិន​ឲ្យខុស។ ពាក្យថាបាញ់ចំគោលដៅច្បាស់ៗនេះ សំខាន់ណាស់ ព្រោះយើងនិយាយអំពី​ ការបាញ់ចំត្រង់ៗ ខុសយ៉ាងហោច ត្រឹម ១០ ២០ម៉ែត្រពីគោលដៅប៉ុណ្ណោះ។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ