អានតួអត្ថបទ

អាមេរិក៖គ្រាប់មីស៊ីលមួយចំនួនរបស់កូរ៉េខាងជើងជាគ្រាប់មីស៊ីលក្លែងក្លាយ និងមិនដំណើរការ

ឧបទ្វីប​កូរ៉េ​កំពុង​បន្ត​ជោរជន់​ដោយ​ព័ត៌មាន​បែក​ធ្លាយ​ចេញ​ពី​មន្ទីរប៉ង់តាហ្គោន។ ទាក់ទង​នឹង​កូរ៉េខាងត្បូង ព័ត៌មាន​បាន​លើក​ឡើង​រឿង​រដ្ឋបាល​អាមេរិក​លួច​ស្តាប់​ទូរស័ព្ទ​មន្រ្តីជាន់ខ្ពស់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង។ ចំណែក​ទាក់ទង​នឹង​កូរ៉េខាងជើង​វិញ ព័ត៌មាន​បាន​លើក​ឡើង​រឿង​គ្រាប់មីស៊ីល​ខ្លះ​ជា​គ្រាប់មីស៊ីល​ក្លែងក្លាយ និង​មិន​ដំណើរការ។ គ្រាប់មីស៊ីល​ដែល​មន្ទីរប៉ង់តាហ្គោន​ចង់​និយាយ គឺ​គ្រាប់មីស៊ីល​ដែល​ក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​នា​ឱកាស​ក្បួន​ព្យុះហយាត្រា​ចុង​ក្រោយ​នេះ។

អាមេរិកថា គ្រាប់មីស៊ីលមួយចំនួនរបស់កូរ៉េខាងជើងជាគ្រាប់មីស៊ីលក្លែងក្លាយ និងមិនដំណើរការ។
អាមេរិកថា គ្រាប់មីស៊ីលមួយចំនួនរបស់កូរ៉េខាងជើងជាគ្រាប់មីស៊ីលក្លែងក្លាយ និងមិនដំណើរការ។ AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​កងទ័ព​ក្នុង​ថ្ងៃទី៨ កុម្ភៈ​ដើម្បី​អបអរសាទរ​ខួប ៧៥ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាមានិត​កូរ៉េ ទីក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​នៅ​ចំពោះ​មុខ​វត្តមាន​មេដឹកនាំ​លោក​គីម ជុងអ៊ុន និង​កូនស្រី​របស់​លោក។ គ្រាប់មីស៊ីល​ដែល​មិន​អាច​កំបាំង​ភ្នែក​ភ្ញៀវជាតិ និង​អន្តរជាតិ​បាន គឺ​គ្រាប់មីស៊ីល​ប្រភេទ Hwasong ចំនួន ១១គ្រាប់។ ជា​លក្ខណៈ​ទ្រឹស្តី គ្រាប់មីស៊ីល​ប្រភេទ​នេះ​អាច​បំពាក់​ក្បាលនុយក្លេអ៊ែរ​ច្រើន​គ្រាប់ និង​អាច​វាយប្រហារ​លើ​ដែនដី​អាមេរិក​ទាំង​មូល។

វត្តមាន​គ្រាប់មីស៊ីល​ប្រភេទ​នេះ​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ក្រុង​ព្យុងយ៉ាង​អាច​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​សមត្ថភាព​ការពារ​មីស៊ីល​របស់​អាមេរិក។ តែ​ការ​បែកធ្លាយ​ព័ត៌មាន​ពី​ក្រសួង​ការពារជាតិ​អាមេរិក​ពេល​នេះ​បាន​ទម្លាក់​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង។ នេះ​ក៏​ដោយសារ​តែ​នៅ​ក្នុង​ចំណោម​គ្រាប់មីស៊ីល​ដែល​ក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​នា​ឱកាស​ក្បួន​ព្យុះហយាត្រា​ថ្ងៃទី៨ កុម្ភៈ មាន​ភាគ​ច្រើន​ជា​គ្រាប់មីស៊ីល​ក្លែងក្លាយ និង​មិន​ដំណើរការ។ កម្មវត្ថុ​របស់​កូរ៉េខាងជើង​ក្នុង​ការ​បង្ហាញ​រូបភាព​គ្រាប់មីស៊ីល​ដ៏​ច្រើន​នេះ គឺ​ដើម្បី​ចង់​បញ្ជាក់​ពី​បរិមាណ​ស្តុក និង​ពី​ប្រសិទ្ធភាព​គ្រាប់មីស៊ីល​របស់​ខ្លួន។

មួយ​វិញ​ទៀត និង​បើ​តាម​ឯកសារ​បែកធ្លាយ​ដដែល រដ្ឋបាល​អាមេរិក​មាន​មន្ទិលសង្ស័យ​ពី​សមត្ថភាព​របស់​កូរ៉េខាងជើង​ក្នុង​ការ​ផលិត​មីស៊ីល​ដែល​អាច​ដំណើរការ។ មូលហេតុ គឺ​កង្វះ​វត្ថុធាតុដើម​ដោយសារ​តែ​ប្រទេស​ជាប់​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​បិទប្រទេស​តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ