អានតួអត្ថបទ
សិង្ហបុរី-ទោសប្រហារជីវិត

សិង្ហបុរីគ្រោងប្រហារជីវិតអ្នកទោសម្នាក់ ពាក់ព័ន្ធនឹងកញ្ជា១គីឡូក្រាម ខណៈក្រុមគ្រួសារស្រែកដង្ហើយឲ្យ​លើក​លែងទោស

បុរសអាយុ៤៦ឆ្នាំម្នាក់ ឈ្មោះ Tangaraju Suppiah នឹងត្រូវតុលាការ​សឹង្ហបុរីប្រហារជីវិតនៅថ្ងៃពុធទី​​២៦មេសាខាងមុខ ដោយជាប់ទោសពីបទចូលរួម​ក្នុងជួញដូរកញ្ឆា ចំនួន​១គីឡូក្រាម។ ការសម្រេចទោស ដែលត្រូវបាន​ក្រុម​គ្រួសារ ក៏ដូចជាអង្គការសិទ្ធិមនុស្សរិះគន់ជាខ្លាំង ថាវាមានភាព​អមនុស្សធម៌ និងពោរ ពេញដោយ​ចន្លោះប្រហោង​។ ក្រុមគ្រួសារ​អ្នកទោស កំពុងតែព្យាយាមនៅ​នាទីចុងក្រោយ ដើម្បី​អំពាវនាវ ឲ្យ​មាន​ការលើកលែងទោសប្រហារជីវិត។

ច្រកទ្វារចូលតុលាការសឹង្ហបុរី រូបថតថ្ងៃទី ២៥ កុម្ភៈ ២០២២
ច្រកទ្វារចូលតុលាការសឹង្ហបុរី រូបថតថ្ងៃទី ២៥ កុម្ភៈ ២០២២ AP - Toh Ee Ming
ផ្សាយពាណិជ្ជកម្ម

ក្រុមគ្រួសារជនជាប់ទោស ឈ្មោះ Tangaraju Suppiah កំពុងតែព្យាយាមស្រែកដង្ហើយ ឲ្យ​មានការលើកលែងទោសប្រហារជីវិត​ ដោយអះអាងថា សវនាកាត់ទោស មិនត្រូវបានធ្វើឡើងដោយ​យុត្តិធម៌ត្រឹមត្រូវនោះទេ។ នៅក្នុងកម្មវិធីសន្និសីទកាសែត នៅថ្ងៃអាទិត្យទី​២៣មេសា ក្រុមគ្រួសារអ្នកទោសរូបនេះ បានអះអាងថា Tangaraju Suppiah ជាមនុស្សល្អស្លូតត្រង់ និង​មិនដែលធ្លាប់​បានប៉ះពាល់​ប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងកញ្ឆា ដែលសមត្ថកិច្ចសិង្ហបុរីបាន​ចាប់ឃាត់នោះឡើយ។ ជាងនេះទៀត Tangaraju Suppiah  ត្រូវបាននគរសិង្ហបុរីសួរចម្លើយ ដោយ​គ្មានវត្តមានមេធាវី និងដោយ​គ្មានអ្នកបកប្រែភាសាតាមិលថែមទៀតផង។

យ៉ាងណាក៏ដោយ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឆ្លើយតបវិញថា តុលាការបាន​ផ្តល់​ឲ្យ​អ្នកទោសនូវការទំនុកបម្រុងផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ដូចមានចែងតាមច្បាប់នីតិវិធីព្រហ្មទណ្ឌ ហើយអ្នកទោសខ្លួន​ឯង ជាអ្នកដែល​មិន​បានស្នើសុំឲ្យ​មាន​អ្នកបកប្រែ។

សុំបញ្ជាក់ថា បុរសឈ្មោះ Tangaraju Suppiah ដើមកំណើតតាមិល ត្រូវបានតុលាការសិង្ហបុរី ផ្តន្ទាទោសប្រហារជីវិត​នៅឆ្នាំ​២០១៨ ពីបទ​ចូលរួមក្នុង​សកម្មភាព​ជួញដូរកញ្ឆា ចំនួន​ប្រមាណ​ជាង​១គីឡូក្រាម​។ ចៅក្រមតុលាការកំពូលសិង្ហបុរី បានលើកឡើងថា ជនជាប់ចោទគឺជាម្ចាស់លេខទូរស័ព្ទចំនួន២ ដែល​បណ្តាញ​ជួញដូរកញ្ឆាបានប្រើប្រាស់​។ ដូច្នេះគ្មានអ្វី​មក​ដោះបន្ទុក​បានទេ ពោលគឺតុលាការមាន​អំណះអំណាចផ្លូវច្បាប់គ្រប់គ្រាន់ និង​ដោយ​ឥតប្រកែកបាន​ ថាជននេះពិតជាមានទោស។

សូមបញ្ជាក់ថា យោងតាមច្បាប់សិង្ហបុរី ជនណាក៏ដោយ ដែលកាន់កាប់ឬចូលរួម​ការជួញដូរកញ្ឆាចាប់ពី​៥០០ក្រាមឡើងទៅ គឺអាចប្រឈមនឹងទោសប្រហារជីវិត។ តែយ៉ាងណា​ អង្គការ​ Amnesty International បាន​លើកឡើងថា នៅតាមប្រទេសកាន់តែច្រើន​ ដែល​ការកាប់និង​ប្រើប្រាស់​កញ្ឆា លែង​ត្រូវចាត់ទុកថាជាបទល្មើសឧក្រិដ្ឋ​ទៀតហើយ​ តួយ៉ាងដូចជានៅថៃជាដើម។ ប្រសិន​បើសិង្ហបុរីព្យួរកមនុស្សម្នាក់​ ដោយសារតែមាន​ពាក់ព័ន្ធនឹងកញ្ឆា១គីឡូក្រាម​ពិតមែននោះ នោះវាគឺជាទង្វើផ្គើនកំញើញខ្លាំងណាស់ មកលើចលនាគាំទ្រការលុបបំបាត់ទោសប្រហារជីវិតនៅទូទាំងពិភពលោក​។

គួរកត់សំគាល់ថា បន្ទាប់ពី​បាន​ស្ងប់ស្ងាត់រយៈពេល​២ឆ្នាំជាប់គ្នា សិង្ហបុរីបានចាប់​ផ្តើម​ប្រហារជីវិតអ្នកទោសចំនួន​១១​​នាក់ កាលពីឆ្នាំ​២០២២កន្លងទៅ ដែលសុទ្ធតែពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ករណី​ប្រហារជីវិតបុរសជនជាតិម៉ាឡេស៊ីម្នាក់ Nagaenthran K. Dharmalingam ដែល​មាន​ជម្ងឺវិកលចរិក បានបង្កឲ្យ​មានការ​រិះគន់យ៉ាងខ្លាំងទៅលើសិង្ហបុរី ថាជាប្រទេសគ្មានធម៌មេត្តា អមនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ