អានតួអត្ថបទ
ចិន-ទំនាក់ទំនងអន្តរជាតិ

អ្នកជំនាញ៖ សំដីអគ្គរដ្ឋទូតចិននៅបារាំង ស្តែង​ឲ្យឃើញ​ពី​គោលជំហរចិន ​​​ដែល​ចង់កែប្រែប្រវត្តិសាស្ត្រ

កាលពីថ្ងៃសុក្រ​សប្តាហ៍មុន​ លោក លូ ឆៃយ៍​ (Lu Shaye) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅបារាំង បាន​និយាយសម្តីដែលបង្កឲ្យ​មាន​ការតវ៉ារិះគន់ជាខ្លាំង នៅក្នុងបទសម្ភាសន៍​តាមកញ្ចក់ទូរទស្សន៍បារាំង។ លោកអគ្គរដ្ឋទូតចិន បាន​លើកឡើងថា "តំបន់គ្រីម៉េ តាមពិតគឺជារបស់រុស្ស៊ីទេពីដើមមក"។ លោកបានបន្ថែមទៀតថា "បណ្តាប្រទេសអតីត​សមាជិក​សហភាពសូវៀត ពុំមាន​លក្ខខន្តិកៈជាផ្លូវការ នៅក្នុងច្បាប់អន្តរជាតិនោះទេ ព្រោះថាពុំមាន​កិច្ចព្រមព្រៀងអន្តរជាតិណាមួយ​ កំណត់អំពី​លក្ខន្តិកៈប្រទេសទាំងនោះ ថាជាប្រទេសអធិបតេយ្យឡើយ​។ សំដី​នេះ បានបង្កឲ្យ​មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់​រដ្ឋាភិបាលនៃ​​​បណ្តាប្រទេសអឺរ៉ុប តំបន់បាល់ទិក ដែល​អតីតសមាជិកសហភាពសូវៀត។

图为中国驻法大使卢沙野8月3日接受法国BFM电视台采访。
图为中国驻法大使卢沙野8月3日接受法国BFM电视台采访。 © BFM
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទទី​២៤មេសា​ ក្រសួងការបរទេសបារាំង បាន​កោះហៅ​អគ្គរដ្ឋទូតចិនខាងលើ ឲ្យចូលបំភ្លឺ ទាក់ទិននឹងសំដី​ដែល​មានខ្លឹមសារ ចង់កែប្រែប្រវត្តិសាស្ត្រ ហើយ​ផ្ទុយនិងការទទួលស្គាល់​នៃ​ច្បាប់អន្តរជាតិ។

លោក អេម៉ានុយអែល វែរ៉ុង (Emmanuel Véron) សាស្ត្រាចារ្យ​ជំនាញភូមិសាស្ត្រចិន បានពន្យល់ថា ​សំដីរបស់អគ្គរដ្ឋទូតចិនប្រចាំនៅបារាំង គឺ​វា​បានបង្ហាញ​ឲ្យ​ឃើញកាន់តែច្បាស់ អំពីចរន្តគំនិត និងគោលជំហររបស់ចិនប៉េកាំង ដែលចង់កែប្រែប្រវត្តិសាស្ត្រ លែងចង់គោរពនូវអ្វីដែល​ច្បាប់អន្តជាតិ និង​អ្វី​ដែល​សហគមន៍អន្តរជាតិបានទទួលស្គាល់កន្លងមក។

 

01:25

សំរង់ប្រសាសន៍​លោកសាស្ត្រាចារ្យ Emmanuel Véron ជំនាញ​ភូមិសាស្ត្រនយោបាយចិន

 

"តាំងតែពីឆ្នាំ​១៩៩១ ក្រោយការដួលរលំនៃសហភាព​សូវៀត ចិនក្នុងនាមជា​សមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ បាន​​ទទួលស្គាល់នូវ​អធិបតេយ្យភាព នៃ​បណ្តាប្រទេសថ្មីៗ​ អតីតសមាជិកសហភាពសូវៀត ហើយចិនក៏បានចាប់ផ្តើមបើកទំព័រសករាជ្យថ្មី រៀបចំទំនាក់ទំនង​ការទូតជាមួយ​ប្រទេសទាំង​អស់នេះដែរ​។​

ក៏ប៉ុន្តែ យើងបានសង្កេតឃើញថា ប្រមាណ​២០ឆ្នាំចុងក្រោយនេះ ជាពិសេស​១០ឆ្នាំកន្លងមកនេះ គោលជំហររបស់ចិនទាក់ទិននឹងអធិបតេយ្យ​ភាព ក៏ដូចជាការទទួលស្គាល់ព្រំដែន គឺមានទំនោរកាន់តែខ្លាំង ខិតទៅរកភាពជាមហាអំណាច ដែលចង់កែប្រែប្រវត្តិសាស្ត្រ។ ពោល​គឺមានន័យថាចិនមានទំនោរ​ កាន់តែចង់​បំពាន​នឹង​សណ្តាប់ធ្នាប់ច្បាប់អន្តរជាតិជាធរមាន នៅ​អង្គការសហប្រជាជាតិ​​។

សំដីរបស់​អគ្គរដ្ឋទូតចិន ទាក់ទិននឹង​អធិបតេយ្យភាព​របស់ប្រទេសអតីតសមាជិកប្លុក​សង្គមនិយម​ គឺមានលក្ខណៈមិនច្បាស់លាស់ ​ពោល​គឺចិនមានចេតនា​ប្រកាន់គោលជំហរស្រពិចស្រពិលបែបនេះតែម្តង​​។​ ខ្ញុំ​ចង់សង្កត់បញ្ជាក់ថា គោលជំហរបែបនេះ គឺវា​ប្រឆាំងនឹងសណ្តាប់ធ្នាប់អន្តរជាតិ ​ប្រឆាំងនឹង​ច្បាប់អន្តរជាតិ។ គោលជំហរចង់កែប្រែប្រវត្តិសាស្ត្របែបនេះ គឺវាជាល្បែង​យុទ្ធសាស្ត្ររបស់ចិនប៉េកាំង ដូចគ្នាទៅនឹង​គោលជំហររបស់ពូទីន និង​ក្រេមឡាំងដែរ៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ