អានតួអត្ថបទ
អូស្ត្រាលី-ការពារជាតិ

អូស្ត្រាលីកំណត់គោលការណ៍យោធាឡើងវិញ ​ ដើម្បី​ទប់ទល់​មហិច្ឆតា​ចិន

នៅថ្ងៃចន្ទ​ទី ២៤​មេសា​២០២៣​នេះ អូស្ត្រាលី​បាន​សើរើមើល​កម្មវត្ថុ​យោធា​របស់​ខ្លួន​ឡើង​វិញ។ ជា​ការកែប្រែមនោគមវិជ្ជាការពារ​ជាតិ​​ដ៏​ចម្បង​មួយ ដើម្បី​ប្រឈម​ទល់​​នឹង​ការ​ពង្រឹង​សមត្ថភាព​​យោធា​របស់​ចិន​ផង និង​ដើម្បី​ទប់​​ឥទ្ធិពលចិន​​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ផង។ នេះ​បើ​តាមការ​ពន្យល់​របស់​លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ទៅកាន់​អ្នកសារព័ត៌មាន។

នាយករដ្ឋមន្ត្រី​ Anthony Albanese ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កំណត់​គោលការណ៍​យោធា​ជាតិ​ថ្មី​រួច។ ថ្ងៃទី ២៤​មេសា​២០២៣
នាយករដ្ឋមន្ត្រី​ Anthony Albanese ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កំណត់​គោលការណ៍​យោធា​ជាតិ​ថ្មី​រួច។ ថ្ងៃទី ២៤​មេសា​២០២៣ AP - Lukas Coch
ផ្សាយពាណិជ្ជកម្ម

នេះជា​លើក​ទីមួយ គិត​តាំងពី​៣៥​ឆ្នាំ​មក ដែល​អូស្ត្រាលី​​សម្រេចកែប្រែ និង​​កំណត់​ជា​ថ្មី នូវ​បេសកកម្ម​របស់​កងកម្លាំង​យោធា​ជាតិ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ  ដោយ​បញ្ជាក់​ថា យុទ្ធសាស្ត្រយោធា​ចាស់​លែង​ស៊ី​នឹង​កម្មវត្ថុ​ដែលចង់​បាន​ហើយ។

យុទ្ធសាស្ត្រ​យោធា​អូស្ត្រាលី​ថ្មី ឈរ​លើ​គោលការណ៍​​នយោបាយរារាំង ​ដែល​មាន​ទិសដៅ ខ្ទប់​គូសត្រូវ​តាំងពី​ចម្ងាយ ពោល​គឺមុន​ពួកគេ​មក​ដល់​ដែន​ដី​អូស្ត្រាលី និង​សំដៅ​ពង្រឹង​ការ​ការពារ​ឆ្នេរ​ផ្នែក​ខាង​ជើង​របស់​ប្រទេស។

មូលហេតុ​ដ៏​សំខាន់​មួយ​ទៀត ដែល​ជំរុញ​ឱ្យ​ក្រសួងការពារ​ជាតិ​ត្រូវ​សម្រប​សម្រួល​មនោគមន៍​ការពារ​ជាតិ​របស់​ខ្លួនឡើង​វិញ គឺ​ដោយ​សារ​តែ​មាន​ការ​វិវឌ្ឍនៃ​បរិយាកាស​ជុំ​វិញ​ខ្លួន​។ ជាក់ស្តែង ការ​ពង្រឹង​ពង្រីក​​សមត្ថភាព​យោធារបស់​ប៉េកាំង ដែល​ធ្វើ​ឡើងដោយ​គ្មាន​តម្លាភាព​​​និងដោយ​គ្មានបញ្ជាក់​អំពី​ឆន្ទៈ​នៃ​របស់​យុទ្ធសាស្ត្រ​ខ្លួន​ ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​​។ អ្នក​វិភាគ​យោធា​អូស្ត្រាលី​តាម​​សង្កេត​​មើល​ចិនបង្កើន​មហិច្ឆតា​យោធា ទាំង​​ព្រួយ​បារម្ភ​និង​មិន​ទុកចិត្ត ខ្លាច​ក្រែង​ការ​ពង្រីក​សមត្ថភាព​យោធាក្លាយ​ជា​កាត់​ផ្តាច់​អូស្ត្រាលី​ពី​ដៃគូ​ពាណិជ្ជកម្ម និង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក។ ការទាមទារគ្រប់គ្រង​​បូរណភាព​ដែន​ទឹក​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូងរបស់ចិន ជា​ការ​គំរាមកំហែង​សណ្តាប់​ធ្នាប់ពិភពលោក ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជា​ទូទៅ និង​បើ​និយាយ​ដោយ​ឡែក គឺ​ជា​ការ​ប៉ះពាល់​ ដែល​នាំ​ឱ្យ​ខូច​ដល់​ប្រយោជន៍​ជាតិ​អូស្ត្រាលី​។ នេះ​បើ​តាម​ឯកសារ​ដដែល ដោយ​សង្កត់​ធ្ងន់​ថា ការ​ប្រកួត​ប្រជែងយុទ្ធសាស្ត្រ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចាត់​ទុកជា​ចំណុច​សម្គាល់​ចម្បង​នៃ​តំបន់​និងសម្រាប់​សម័យកាល​នេះ។​

រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អូស្ត្រាលីលោក Richard Marles បាន​ប្រកាស​ទៀត​ថា អំណើះ​តទៅ កង​កម្លាំង​យោធា​អូស្ត្រាលី ដែល​ទើប​ប្រកាស​ធ្វើ​ទំនើប​កម្ម​និ​ងអភិវឌ្ឍ​នាវា​មុជទឹក​ថ្មី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផង​នោះ នឹង​មាន​សមត្ថភាព​វាយប្រហារ​រយៈ​ឆ្ងាយ ទាំង​ផ្នែក​វាយប្រហារ​ដែន​គោក​និង​ដែន​អាកាស។ ប៉ុន្តែ​ផែនការ​ទិញ​យានយន្តចម្បាំង ៤៥០គ្រឿង ត្រូវ​បាន​បញ្ចុះ​មក​នៅ​ត្រឹម​១២៩គ្រឿង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ