អានតួអត្ថបទ
អូស្ត្រាលី-ធ្យូងថ្ម

អូស្ត្រាលី​បិទ​មជ្ឈមណ្ឌល​ថាមពល​ដើរ​ធ្យូងថ្ម​ដ៏​ចំណាស់​ជាង​គេ​បំផុត ដើម្បី​អាកាសធាតុ

មជ្ឈមណ្ឌល​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម ដ៏​ចំណាស់​ជាង​គេ​បំផុត បាន​បិទ​ទ្វារ​ជា​ស្ថាពរ​ នៅ​ថ្ងៃ​នេះ​បន្ទាប់​ពីបាន​​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​៥០ឆ្នាំ។ នេះគ្រាន់​តែ​​ជា​ការ​ចាប់​ផ្តើមដំបូង​មួយ​​ប៉ុណ្ណោះ នៅមាន​មជ្ឈមណ្ឌល​ធ្យូងថ្ម​ជា​ច្រើន​ផ្សេងទៀត​ដែល​នឹង​ត្រូវ​បិទ​ជា​បន្តបន្ទាប់តាមក្រោយ។ មូលហេតុ​មក​ពី​ លែង​សូវ​បាន​ចំណូល​ផង និង​មក​ពី​សម្ពាធ​បង្ខំ​ឱ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល​កាបូនិក​ផង។ ប៉ុន្តែ​ការ​បិទ​មជ្ឈមណ្ឌល​ធ្យូងថ្ម​ បង្ក​បង្កើ​ត​ឱ្យ​មានក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ទីផ្សារ​ការងារ។

មជ្ឈមណ្ឌល​អគ្គីសនី​ Liddell ដើរ​ដោយ​ធ្យូងថ្មី បាន​បិទ​ទាំងស្រុង
មជ្ឈមណ្ឌល​អគ្គីសនី​ Liddell ដើរ​ដោយ​ធ្យូងថ្មី បាន​បិទ​ទាំងស្រុង AP - Mark Baker
ផ្សាយពាណិជ្ជកម្ម

ជាប់​ឈ្មោះ​ជា​ប្រទេស​អ្នក​ផលិត​និង​អ្នក​នាំចេញ​ធ្យូងថ្ម​ធំ​ជាង​បំផុត​មួយ​នៅលើ​ពិភពលោក ​អូស្ត្រាលី​​​​មិន​ដែល​ខ្វល់​នឹង​កាត់​បន្ថយសកម្មភាព​​ក្នុង​វិស័យ​ធ្យូងថ្ម​នេះទេ​។ ប៉ុន្តែ​រដ្ឋាភិបាលថ្មីទើប​ជាប់​ឆ្នោត កាលពី​ឆ្នាំ​ទៅ បាន​​សន្យានាំ​អូស្ត្រាលី​ឱ្យ​រក​​ថាមពល​ស្អាត ​កំរិត​៨២%​នៅ​ឆ្នាំ​​២០៣០។ អូស្ត្រាលី​ប្តូរ​​មុខ​មាត់​​ទាំង​ស្រុង ដោយ​សម្រេច​បិទ​មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូងថ្ម​បន្តិចម្តងៗ​តែ​ដោយ​រហ័សរហួន។ ផ្តើម​ដំបូង​គេ​គឺ​រោង​ចក្រ​Liddell។

ការ​បិទ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្មLiddell ដែលធ្លាប់​​ផ្គត់ផ្គង់ភ្លើង​ឱ្យ​រដ្ឋ​Nouvelle Galles du Sud​ប្រមាណ​១០%​នៃសេចក្តីត្រូវការ​ គឺ​ជា​ការចាប់​​ផ្តើម​បញ្ចប់​អំណាច​​ធ្យូងថ្ម​នៅក្នុង​ប្រទេស​អូស្ត្រាលី។ សាង​សង់​ឡើង​នៅឆ្នាំ​១៩៧១ រោងចក្រ​ដ៏​ចំណាស់​នេះ​បាន​ក្លាយ​ជា​សំណល់​មជ្ឈមណ្ឌល​ លែង​សូវ​មាន​​ប្រសិទ្ធភាព បំពុល​បរិស្ថាន និង​ត្រូវ​ការ​ចំណាយ​ច្រើន​ដើម្បី​ទ្រទ្រង់​ មិន​អាច​ទុក​ឱ្យ​​ដំណើរការ​បាន​ទៀត​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​សម្រេច​កម្មវត្ថុ​អាកាសធាតុនោះ។ បន្ទាប់មក​នឹង​មាន​ការ​បិទ​រោងចក្រ​អគ្គីសនី​ដើរធ្យូងថ្ម ដ៏​ធំ​ជាង​គេ​បង្អស់​ឈ្មោះ Eraring ដែល​តែវា​ម្នាក់​ឯង​បញ្ចេញ​ឧស្ម័នកាបូនិក​ដល់​ទៅ​៣%។ រោងចក្រ​នេះ​ត្រូវ​បិទ​នៅ​ឆ្នាំ​២០២៥ ពោល​គឺ​៧​ឆ្នាំមុន​កាលកំណត់។ មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​៦ ក៏​នឹង​ត្រូវ​បិទ​ជា​បន្តបន្ទាប់​យ៉ាង​យូរ​នៅឆ្នាំ​២០៣៥ ព្រោះប្រាក់​ចំណូល​របស់​រោងចក្រ​បានធ្លាក់​ចុះ​ជា​គំហុកផង ហើយ​ រដ្ឋាភិបាល​មាន​ឆន្ទៈ​ប្រែក្លាយអូស្តា្រលី​ជា​មហាអំណាច​ផ្នែក​ថាមពល​កើត​ឡើង​វិញ​ផង។

ប៉ុន្តែ​ទោះបី​ជា​វិស័យ​ថាមពល​ស្អាត​ កំពុង​ពេញ​និយម​និង​មាន​សន្ទុះ​ខ្លាំងក្លាយ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​មិន​បំពេញ​ចន្លោះ​ប្រហោង​នៃ​ការ​បិទ​ថាមពល​ដើរ​ដោយ​​ធ្យូងថ្មដែរ។ លោកស្រី​ចៅហ្វាយ​ក្រុង​Sigleton បាន​អះអាង​ថា "វិស័យ​ថាមពល​កើត​ឡើង​វិញ បង្កើត​ការងារ​ច្រើន​ក្នុង​ដំណាក់កាល​ស្ថាបនា​ ប៉ុន្តែ​ផ្តល់​ការងារ​តិច​នៅថ្ងៃ​ក្រោយ នៅពេល​រោងចក្រ​ចាប់​ដំណើរការ។ អនាគត​ទៅ​នឹង​មាន​ការ​ងារ​តិច ហើយ​មិន​បានកម្រៃ​ខ្ពស់ ដូចការងារ​ក្នុង​អណ្តូង​រ៉ែ​ទេ"។

ការងារ​ក្នុង​ផ្នែ​ករ៉ែធ្យូងថ្ម ពុំ​រង​ការ​គំរាមកំហែង​ឡើយ​ ព្រោះ​ទោះបី​មាន​អនុសាសន៍​ណែនាំ​របស់​ភ្នាក់ងារ​អាកាសធាតុ​នៃ​អង្គការ​សហប្រជាជាតិ Giec និង​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក្តី ក៏​រដ្ឋាភិបាល​អូស្ត្រាលី​ នៅ​តែបន្ត​អនុញ្ញាត​ឱ្យ​​​ធ្វើ​អាជីវកម្ម​​អណ្តូង​រ៉ែធ្យូងថ្មថ្មីៗ​ នៅក្រោយ​​ឆ្នាំ​២០៥០ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ