អានតួអត្ថបទ
ចិន-បណ្តាញសង្គម

Meta បាន​បិទគណនីនៃបណ្តាញដ៏ធំនៅចិន ដែល​​ផ្សព្វផ្សាយ​ព័ត៌មា​នក្លែងក្លាយ​តាមបណ្តាញ​សង្គម

ក្រុមហ៊ុន​ Meta ដែលជា​ក្រុមហ៊ុន​មេរបស់ Facebook និង Instagram បានអះអាងថា ខ្លួន​បានបិទគណនីជាច្រើន ដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញ​មួយ​នៅចិន។ ជាបណ្តាញដែលបង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិតក្លែងក្លាយ​នៅតាមបណ្តាញសង្គម ស្តីពី​បញ្ហានយោបាយ​រសើប​ៗមួយចំនួននៅអឺរ៉ុប និង​នៅសហរដ្ឋអាមេរិក​ជាដើម​។ គណនីខ្លះ​ប្រឌិតព័ត៌មាន ដែលមានលក្ខណៈគាំទ្រ ឬអួតសរសើរពីរដ្ឋាភិបាលចិន​។​

បដាក្រុមហ៊ុន Meta នៅក្បែរទីតាំងធំ Menlo Park រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​
បដាក្រុមហ៊ុន Meta នៅក្បែរទីតាំងធំ Menlo Park រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ AP - Tony Avelar
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Meta អះអាងថា យ៉ាងហោច​ណាស់ មានគណនី​ Facebook និង Instagram ចំនួន​ជាង​១០០​គណនី ដែលត្រូវបាន​បិទខ្ទប់។ Meta អះអាងថាគណនីទាំងនេះ​មានប្រភពទីតាំងនៅចិន ជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ​ ហើយ​ដែល​ពាក់ព័ន្ធជាមួយគណនី​នៅលើ​បណ្តាញសង្គម​ផ្សេងទៀតផងដែរ ដូចជា Youtube Telegram Twitter ជាដើម​។

ក្រៅពីនេះ Meta ក៏បានបិទគណនីជាង​៥០ផ្សេងទៀត ដែល​ជាប់ពាក់ព័ន្ធនឹងបណ្តាញ​សង្គមមួយទៀត មានប្រភពនៅចិនដែរ​។  នេះបើផ្អែកតាមរបាយការណ៍​ប្រចាំ​ត្រីមាស ចេញផ្សាយ​កាលពីថ្ងៃពុធទី​៣ឧសភា របស់ក្រុមហ៊ុនMeta ស្តីពីការគំរាមកំហែង​តាមបណ្តាញសង្គម​។​

យោងតាមរបាយការណ៍ បណ្តាញទាំងអស់នេះ បានប្រើប្រាស់​បច្ចេកទេសតាក់ទិកថ្មីៗប្លែកៗ ដែល​គេពុំ​ធ្លាប់​បាន​សង្កេតឃើញពីមិន​មក​នៅចិន។ តួយ៉ាង បណ្តាញទាំងនេះ បានបង្កើតជា​ក្រុមហ៊ុន​ផ្សព្វផ្សាយព័ត៌មាន​ដែលមានតែឈ្មោះ ធ្វើសកម្មភាពនៅតាមបណ្តាប្រទេសលោកខាងលិច និង​រើសយកអ្នកសរសេរអត្ថបទឯករាជ្យ ពីតាមបណ្តាប្រទេសនានានៅទូទាំងពិភពលោក។ បណ្តាញទាំងនេះ ក៏អាចទទួលបន្ទុក​ផ្សព្វផ្សាយ​ប្រមូល​ក្រុមបាតុករ ឬប្រើបច្ចេកទេស​ឲ្យ​មនុស្ស​ណែនាំសមាជិកថ្មីជាដើម ដើម្បីទទួលបាន​កម្រៃឬរង្វាន់។

ក្នុងចំណោមសារ ឬព័ត៌មានក្លែងក្លាយ​ ដែល​បណ្តាញ​ទាំងនេះផ្សព្វផ្សាយ គឺមានភាគច្រើនទាក់ទិននឹងសំណុំរឿង​រសើបៗមួយចំនួន​នៅអឺរ៉ុប និ​ងនៅ​អាមេរិក ដូចជា បញ្ហា​អំពើហិង្សារបស់នគរបាល បញ្ហាឧក្រិដ្ឋកម្ម អសន្តិសុខ និង​សិទ្ធិអ្នក​ស្រលាញ់ភេទដូចគ្នាជាដើម។ ក្រៅពីនេះ វាអាចមានព័ត៌មាន​ប្រឌិតផ្សេងទៀត ដែលគាំទ្រចិន សរសើរចិន ឬនិយាយរិះគន់​គោល​ជំហររបស់​ក្រុមប្រទេសលោកខាងលិច ទាក់ទិននឹងសំណុំរឿងខេត្តស៊ីនជាំងជាដើម។

គួរបញ្ជាក់ថា Facebook និង Twitter ត្រូវបាន​ហាមឃាត់ជាផ្លូវការនៅចិន។ បើគេចង់ប្រើ​វាដោយ​លួចលាក់ គឺត្រូវតែឆ្លងកាត់ការប្រើបច្ចេកវិទ្យា VPN។ ជាទូទៅ រុស្ស៊ីត្រូវបានគេដឹងថាមានជំនាញ ប្រើប្រាស់បច្ចេកវិទ្យាបង្កើត “Troll” ដើម្បីបំពុលបណ្តាញសង្គម​ បំពុល​មតិសាធារណៈនៅតាមប្រទេសអឺរ៉ុប និង​អាមេរិក។ ចិនត្រូវបាន​អ្នកជំនាញជឿថា​ មិនសូវមានជំនាញ​ផលិត​ “Troll”ទេ។

តែយ៉ាងណា យោងតាមរបាយការណ៍ថ្មីរបស់ Meta គឺគេបានរកឃើញថាបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ​របស់​ចិន គឺកាន់តែមានភាពទំនើប ស្មុគស្មាញចាក់ស្រែស។ កាលពីខែមេសាកន្លងទៅ អាជ្ញាធរអាមេរិក បានអះអាងថា គេបានរកឃើញ​ថាក្រុម​ភ្នាក់ងារមួយ ធ្វើ​ការបម្រើឲ្យ​អង្គភាពសន្តិសុខសាធារណៈចិន ដែល​បានប្រើ​ប្រាស់​បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ​សារ​គាំទ្រចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ