អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការ​ប៉ាគីស្ថាន ដោះលែង​លោក​អ៊ីមរ៉ាន់ ខាន់ជាបណ្តោះអាសន្ន និងហាមឃាត់​ការចាប់ខ្លួន​ជាថ្មី​​២សប្តាហ៍

លោកអ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលត្រូវបាន​ក្រុមទាហានប៉ារ៉ាចាប់ឃាត់ខ្លួន កាលពីថ្ងៃ​អង្គារ ហើយ​ដែលបាន​បណ្តាល​ឲ្យ​ផ្ទុះបាតុកម្មហិង្សា សឹងទូទាងប្រទេសនោះ ពេលនេះត្រូវបានតុលាការ​ សម្រេចដោះលែងវិញហើយ។ តុលាការ ក្រុងអ៊ីស្លាម៉ាបាត បានប្រកាសដោះលែងលោកអ៊ីមរ៉ាន់ ខាន់ ជាបណ្តោះអាសន្ន រយៈពេល​២សប្តាហ៍ ដោយក្នុងកំឡុងពេលនេះ គឺហាមរាល់ការចាប់ខ្លួន​លោកសាជាថ្មី​។

លោក Imran Khan ពាក់វែនតាខ្មៅ ពេលគេបញ្ជូនខ្លួនទៅ​ដល់តុលាការក្រុងអ៊ីស្លាម៉ាបាត ថ្ងៃសុក្រ ទី​១២ ឧសភា ២០២៣
លោក Imran Khan ពាក់វែនតាខ្មៅ ពេលគេបញ្ជូនខ្លួនទៅ​ដល់តុលាការក្រុងអ៊ីស្លាម៉ាបាត ថ្ងៃសុក្រ ទី​១២ ឧសភា ២០២៣ AP - Anjum Naveed
ផ្សាយពាណិជ្ជកម្ម

ការចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវបាន​តុលាការកំពូល​ប៉ាគីស្ថាន ប្រកាសច្រាន​ចោល កាលពីព្រហស្បតិ៍​ទី​១១ឧសភា ដោយ​​ចាត់ទុកថាជារឿង “ខុសច្បាប់” ព្រោះវាបានធ្វើឡើងនៅក្នុង​បរិវេនតុលាការ​។ នៅក្រោយ​ការប្រកាសនេះ លោកអ៊ីមរ៉ាន់ ខាន់ ត្រូវបានគេបញ្ជូន​ខ្លួន​មកសាជាថ្មី ចូលទៅកាន់តុលាការ​ក្រុង​អ៊ីស្លាម៉ាបាត នៅព្រឹកថ្ងៃសុក្រ ទី​១២ឧសភា។ អ្នករាយការណ៍ ព័ត៌មានមានបារាំង AFP ប្រចាំផ្ទាល់នៅអ៊ីស្លាម៉ាត បានឲ្យដឹងថា ក្រុមទាហានប៉ារ៉ា បានយាម​ល្បាតយ៉ាងព្រោងព្រាត នៅ​ជុំវិញតុលាការ ក្នុងពេលដែល​លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវគេបញ្ជូនខ្លួនមកដល់។

ក្រោយសវនាការ លោក Khawaja Harris មេធាវីម្នាក់ របស់​លោកអ៊ីមរ៉ាន ខាន់ បានប្រាប់អ្នកកាសែតថា តុលាការបានសម្រេច​ដោះលែងលោក អ៊ីមរ៉ាន់ ខាន់ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ និង​ហាមឃាត់​ការចាប់ខ្លួន​លោកសារជាថ្មី ក្នុងអំឡុងពេលនេះ​។ តែយ៉ាងណាវាពាក់ព័ន្ធតែលើសំណុំរឿងពុករលួយ​មួយករណីតែប៉ុណ្ណោះ។ មានន័យថា លោក​អ៊ីមរ៉ាន់ ខាន់ នៅតែអាចប្រឈមនឹងការចាប់ខ្លួន​ ក្នុងសំណុំរឿង​ជាច្រើនផ្សេងទៀត។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន បានប្រកាសឲ្យដឹងថា នឹងចាប់ផ្តើមបើកនីតិវិធីច្បាប់ លើសំណុំរឿង​ផ្សេងទៀត ដើម្បីឈានទៅចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់។

យោងតាមអ្នកវិភាគ វាមិនមែនជារឿងចម្លែកទេ ព្រោះថានៅប៉ាគីស្ថាន គឺតុលាការ តែងតែត្រូវបាន​គេប្រើប្រាស់ ដើម្បី​ចោទប្រកាន់ និងចាប់ខ្លួន​គូបដិបក្សនយោបាយ​យកទៅដាក់គុក។ ហើយអ្នកដែលមានឥទ្ធិពល​អំណាច អាចធ្វើបាន គឺមានតែក្រុមយោធាប៉ាគីស្ថានតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកអ៊ីមរ៉ាន់ ខាន់ និង​គណបក្សរបស់​លោក តែងតែបានចោទជាប្រចាំ ថាគឺក្រុមយោធាប៉ារ៉ាដែលបានប៉ុនប៉ងធ្វើឃាតលោក ហើយពេល​នេះ បានប្រើតុលាការ ចោទប្រកាន់លោកជាច្រើនសំណុំរឿង ក្នុងកម្មវត្ថុតែមួយគត់ គឺរារាំងលោកមិនឲ្យ​ចូលរួម​នៅក្នុងការបោះឆ្នោត។

សូមរំលឹកថា ការចាប់ខ្លួន​លោកអ៊ីមរ៉ាន់ ខាន់ ដោយក្រុមទាហានប៉ារ៉ា កាលពីថ្ងៃអង្គារកន្លងទៅ បាន​បណ្តាល​ឲ្យ​ផ្ទុះ​បាតុកម្ម​ហិង្សា សឹង​ពាសពេញប្រទេស។ មន្ត្រីនគរបាលជាច្រើនរយនាក់បានរងរបួស ខណៈបាតុករហិង្សាដែលជាអ្នកគាំទ្រលោក​អ៊ីមរ៉ាន់ ខាន់ ត្រូវបានចាប់ខ្លួន ចំនួន​ប្រមាណ​៣៥០០នាក់ ភាគច្រើននៅខេត្តប៉េនចាប់។ យ៉ាងហោចណាស់ មានមនុស្ស​៩នាក់ បានស្លាប់ ដោយ​អគ្គិភ័យឆាបឆេះបង្កឡើង​ដោយ​ក្រុមបាតុករ។ អាជ្ញាធរប៉ាគីស្ថាន បាន​បិទបណ្តាញអ៊ីនធ័រនិត និងរាំងខ្ទប់មិន​ឲ្យ​បណ្តាញសង្គម​អាចដំណើរការបាន ដូចជ Facebook YouTube Twitter ជាដើម ដើម្បី​ទប់ស្កាត់ការផ្សព្វផ្សាយ​សារជួបជុំគ្នាធ្វើបាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ