អានតួអត្ថបទ
អូស្ត្រាលី

អូស្ត្រាលី ៖ ​តុលាការ​លុបលាង​​ទោសឱ្យ​​ស្ត្រី​​ជាប់​ទោស​សម្លាប់​កូន​ឯង

ស្ត្រីជាតិ​​អូស្ត្រាលី​ម្នាក់ បាន​ឃុំ​ឃាំង​​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​ហើយ ពីបទ​សម្លាប់​កូនខ្លួន​ឯង​បួន​នាក់​។ ប៉ុន្តែ​នៅ​ថ្ងៃចន្ទទី ៥​មិថុនា​នេះ តុលាការ​អូស្ត្រាលី បាន​សម្រេច​លុបលាង​ទោស និង​ដោះលែង​ ស្ត្រី​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ពី​​​ការ​អង្កេតថ្មី​​រក​ឃើញ​មូលហេតុ​សង្ស័យ​នាំ​ឱ្យ​ក្មេង​ទាំងនោះ​ស្លាប់។

បន្ទាប់​ពី​ជាប់ពន្ធនាគារ​អស់​២០ឆ្នាំ អ្នក​ស្រី Kathleen Folbigg បាន​ទទួល​សេរីភាព​ថ្ងៃ​៥មិថុនា ក្រោយ​មាន​ភស្តុតាង​​ថ្មី
បន្ទាប់​ពី​ជាប់ពន្ធនាគារ​អស់​២០ឆ្នាំ អ្នក​ស្រី Kathleen Folbigg បាន​ទទួល​សេរីភាព​ថ្ងៃ​៥មិថុនា ក្រោយ​មាន​ភស្តុតាង​​ថ្មី AP - Joel Carrett
ផ្សាយពាណិជ្ជកម្ម

ជាប់​​ឈ្មោះ​ជា​ឃាតករ​សេរី​ដ៏​អាក្រក់​បំផុត​នៅអូស្ត្រាលី កូន​ទាំង​បួនរបស់អ្នកស្រី Kathleen Folbigg ​អាច​រស់​បាន​​ត្រឹម៩អាទិត្យ និង​យ៉ាង​ច្រើន​ដល់​បី​ឆ្នាំ ​ ប៉ុន្តែ​អ្នក​ស្រី​ជា​ម្តាយ​បាន​ច្រាន​ចោល​រាល់​ពាក្យ​ចោទ​ប្រកាន់​របស់​តុលាការ និង​បាន​អះអាង​ថា​កូន​ទាំង​បួន​បាន​ស្លាប់​ដោយ​ឯងៗ។

ដោយគ្មាន​ភស្តុតាង​តាមបែប​វេជ្ជសាស្ត្របញ្ជាក់​ពី​ការ​ស្លាប់​ដោយ​ឯងៗ​ រដ្ឋ​អាជ្ញាពេល​នោះ​យល់​ថាវា​មិន​ទំនង​ទាល់​តែ​សោះ​ដែល​ក្មេងទាំង​បួន​​ត្រូវ​ស្លាប់មួយ​រំពេច​​ដោយ​គ្មាន​មូលហេតុ​ដូច្នេះ ទើប​តុលាការ​កាត់ទោស​នៅ​ឆ្នាំ​២០០៣ ឱ្យ​ជាប់​ពន្ធនាគារ​ពីបទ​សម្លាប់​កូន​ឯង ដោយចេតនា​​បី​នាក់ និ​ង​​​ដោយ​អចេតនា​ម្នាក់។

ប៉ុន្តែ​ចៅក្រម​ចូល​និវត្តន៍​ Tom Bathurst បាន​ដឹកនាំ​ការ​អង្កេត​ថ្មី និង​បាន​រក​ឃើញ​មូលហេតុ​បែប​វិទ្យាសាស្ត្រ​មក​ពន្យល់​អំពី​ករណី​ស្លាប់ដ៏​ចម្លែក​នេះ។ បើ​តាម​លោក​ចៅក្រម ​កូន​​ពីរ​នាក់ បាន​ស្លាប់ដោយ​មាន​ផ្ទុក​ហ្សែន​បំប្លែង​ដ៏​កម្រ ឯ​កូន​ទីបីស្លាប់​ព្រោះ​​មាន​ជំងឺ​ប្រព័ន្ធប្រសាទ​ដែល​ទំនង​បណ្តាល​មក​ពី​ហ្សែន​បំប្លែង។ ដោយសារ​កត្តា​បីខាងលើ​​ គេ​មិន​អាច​សង្ស័យ​លើ​ករណី​ស្លាប់​​របស់​កូន​ទីបួនទេ។ ភស្តុតាង​​បែប​វេជ្ជសាស្ត្រ​ថ្មី​អាចបំភ្លឺ​បាន​ថា​ការ​ស្លាប់​ដោយ​ឥតមូលហេតុ​នៃ​ក្មេង​ទាំងបួន ទំនង​ជា​ដោយ​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​បំប្លែង​ហ្សែន​ដ៏កម្រ ឬ​ដោយ​មក​ពី​ភាព​មិន​ប្រក្រតីពីកំណើត។

នៅ​ឆ្នាំ​២០២១ អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​និង​បរទេស​ជា​ច្រើន​នាក់​បាន​ធ្វើ​ញត្តិ​ទាមទារ​ឱ្យ​ដោះលែងអ្នក​ស្រី​Folbigg ដោយ​ផ្អែក​លើ​ភស្តុតាង​ថ្មី​នេះ។ បន្ទាប់​ពី​បាន​អង្កេត​ពិនិត្យឡើង​វិញ​ឃើញ​ថា​មាន​ហេតុ​ផល​សមរម្យ​ជុំ​វិញ​មូលហេតុ​នៃការ​ស្លាប់​ ទើប​តុលាការ​អូស្ត្រាលី​បានសម្រេច​នៅថ្ងៃចន្ទទី ៥មិថុនា​នេះ លើកលែង​ទោស និងផ្តល់​សេរីភាព​ឱ្យ​អ្នកស្រី​ដែល​ពេល​នេះ​មានអាយុ​៥៥​ឆ្នាំ។ រាជបណ្ឌិត​វិទ្យាសាស្ត្រ​អូស្ត្រាលី​ដែលបាន​ចូល​រួម​​ធ្វើ​អង្កេត​ដែរ បាន​ប្រកាស​អំណរ​នៅ​ពេល​ឃើញ​អ្នកស្រីFolbigg​បាន​ទទួល​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ