អានតួអត្ថបទ
ឡាវ-សិទ្ធិសេរីភាព

ឡាវ៖ រលកបង្ក្រាប សម្លាប់ សំឡុត កំពុងបោក​សង្គ្រប់ ទៅលើសកម្មជន​ទាមទារសិទ្ធិសេរីភាព​និងប្រជាធិបតេយ្យ

អ្នក​​ខ្លះបាន​​បាត់ខ្លួន​យ៉ាងចម្លែក អ្នក​ខ្លះត្រូវគេបាញ់សម្លាប់។ ទាំងនេះ គឺជាវាសនារបស់សកម្មជន​ទាមទារសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យឡាវ​។ ករណី​ទាំងនេះ បាន​កើនឡើងយ៉ាងខ្លាំង មួយរយៈចុងក្រោយនេះ បន្ទាប់ពីលោក​នាយករដ្ឋមន្ត្រីថ្មីឡាវចូលកាន់តំណែង និងស្របពេលដែល​ឡាវ ត្រៀមខ្លួនធ្វើជា​ប្រធានវិលជុំអាស៊ាន នៅឆ្នាំ​២០២៤។ យោងតាម​ក្រុមអង្គការសិទ្ធិមនុស្ស រដ្ឋអំណាចកុម្មុយនីស្តឡាវ កំពុងតែព្យាយាមខ្ទប់សំឡេងប្រឆាំង រិះគន់ទាំងអស់ មិនថានៅក្នុងប្រទេសឡាវ ឬនៅក្រៅប្រទេស។

ទង់ជាតិឡាវ និងទង់បក្សកុម្មុយនីស្ត បក់រវិច នៅទីក្រុងវៀងចន្ទ ថ្ងៃទី ១២ មីនា ២០២០
ទង់ជាតិឡាវ និងទង់បក្សកុម្មុយនីស្ត បក់រវិច នៅទីក្រុងវៀងចន្ទ ថ្ងៃទី ១២ មីនា ២០២០ AFP - MLADEN ANTONOV
ផ្សាយពាណិជ្ជកម្ម

ជាប្រទេសក្រីក្រមួយ ហ៊ំព័ទ្ធដោយ​ដងភ្នំ ព្រមទាំងបំណុលចិនដ៏ច្រើនសន្ធឹក រដ្ឋាភិបាល​កុម្មុយនីស្តឡាវ បាន​ក្តោបក្តាប់អំណាច​យ៉ាងណែន ខណៈបណ្តាញ​ព័ត៌មានឯករាជ្យលែងមានទាល់តែសោះ នៅក្នុងប្រទេសនេះ​។ បណ្តាញសង្គម បានក្លាយ​ជាបង្អួចចំហរ សម្រាប់​​សកម្មជន​មួយចំនួនតូច ដែលមានសេចក្តីក្លាហាន ដើម្បី​បញ្ចេញមតិ រិះគន់ និង​ទាមទារសិទ្ធិសេរីភាព​។ តែ​មួយរយៈចុងក្រោយនេះ មានករណីឃាតកម្ម បាញ់សម្លាប់ ប៉ុនប៉ងសម្លាប់ និង​បាត់ខ្លួន​ បាន​កើតទៅលើ​សកម្មជនឡាវ ដែលធ្វើសកម្មភាពបញ្ចេញមតិរិះគន់រដ្ឋាភិបាល​ក្រុងវៀងចន្ទ។

លោក Anousa Luangsuphom អាយុ២៥ឆ្នាំ ដែលគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា Jack ត្រូវបាន​ជនមិនស្គាល់​មុខ បាញ់ជាច្រើនគ្រាប់ នៅក្នុងហាងកាហ្វេមួយក្នុងក្រុងវៀងចន្ទ កាលពីដើមខែឧសភា។ ដើម្បី​ការពារសុវត្ថិភាពទៅថ្ងៃមុខ ក្រុមគ្រួសារ លោក Anousa Luangsuphom ​ប្រកាសដោយ​កុហកថា លោក​បានស្លាប់ហើយ។ បុរសអាយុ២៥ឆ្នាំរូបនេះ ត្រូវគេស្គាល់ថា គឺជាអ្នកសម្របសម្រួល ទំព័រហ្វេសបុកមួយដ៏មានប្រជាប្រិយភាពនៅឡាវ ដែល​មានសមាជិកតែងតែងចូល​មកបញ្ចេញ​មតិ និង​ចែករំលែកព័ត៌មាននាៗ​ រិះគន់ទៅលើរដ្ឋាភិបាល​។ ផ្អែកតាម​លោក Joseph Akaravong សកម្មជននិងជាមិត្ត​របស់​លោក Anousa គឺការប៉ុនប៉ងសំលាប់នេះ បានស្តែងឲ្យ​ឃើញថា​ រដ្ឋអំណាចកុម្មុយនីស្តឡាវ ភ័យខ្លាចណាស់ចំពោះ​ការបញ្ចេញមតិរិះគន់ និង​ការទាមទារសិទ្ធិសេរីភាពជាទូទៅ។

នៅខែឧសភាដែរ ថ្ងៃទី​៩​ សកម្មជនជនជាតិឡាវម្នាក់ទៀត ឈ្មោះ Savang Phaleuth ដែលបាន​ភៀសខ្លួនទៅរស់នៅ​ប្រទេសថៃ អស់រយៈពេល​១៦ឆ្នាំ បានបាត់ដំណឹងឈឹងសូន្យ នៅ​ពេលសកម្មជនរូប​នេះ បាន​ត្រលប់ទៅដល់​ប្រទេសឡាវវិញ ហើយត្រូវឆ្លងកាត់​ការិយាល័យ​នគរបាល​ព្រំដែន​។​ ហើយ​មួយសប្តាហ៍​ក្រោយមក ជនជាតិឡាវម្នាក់ទៀតឈ្មោះ Bounsuan Kitiyano ត្រូវបាន​គេបាញ់សម្លាប់ចំនួន​៣គ្រាប់ នៅក្នុងខេត្ត​ ឧប៊ុនរាចាថានី ប្រទេសថៃ។ បុរសជាតិឡាវទាំង២នេះ​ ត្រូវគេស្គាល់ថា ​ជាសមាជិកក្រុមចលនាប្រជាធិបតេយ្យ ឈ្មោះ Free-Lao ដែលធ្លាប់​បាន​ធ្វើសកម្មភាព​មួយចំនួន ដូចជា​ធ្វើ​បាតុកម្ម​នៅខាងមុខស្ថានទូតឡាវ នៅទីក្រុង​បាងកកជាដើម។

យ៉ាងណាមិញ ករណី​បាត់ខ្លួនសកម្មជនបរិស្ថាន ឈ្មោះ Sambath Somphone កាលពីឆ្នាំ​២០១២ ក្រោយ​ការចាប់ឃាត់ខ្លួន​ពីសំណាក់​នគរបាល​ឡាវ ក៏នៅមិនទាន់​មានពន្លឺអ្វីដែរ។ លោក Andrea Giorgetta អ្នកទទួល​បន្ទុកតំបន់អាស៊ី នៃសហព័ន្ធអន្តរជាតិដើម្បី​សិទ្ធិមនុស្ស បានលើកឡើងថា រដ្ឋអំណាចឡាវ កំពុងបង្កើន​ការបង្ក្រាប បំបិទសំឡេងប្រឆាំងទាំងក្នុងប្រទេសឡាវ ទាំងនៅក្នុង​ប្រទេសថៃ ដែលមានសកម្មជនឡាវភៀសខ្លួន​រស់នៅ។

ដូចគ្នាដែរ លោកស្រី Emilie Pradichit តំណាងអង្គការ Manushya Foundation បាន​លើកឡើងថា លោកនាយករដ្ឋមន្ត្រីថ្មីរបស់ឡាវ ឈ្មោះ Sonexay Siphandone ដែល​ទើបតែចូលកាន់តំណែងកាលពីខែធ្នូ ត្រូវគេជឿថា គឺជាអ្នកនៅពីក្រោយ​ ប្រតិបត្តិការបង្ក្រាប គំរាម សំឡុតទាំងអស់​នេះ ​ដើម្បី​​បំបិទសំឡេង ដែល​ប្រឆាំង​រិះគន់មកលើខ្លួន និង​មក​លើរដ្ឋាភិបាល​កុម្មុយនីស្តឡាវ ខណៈដែល​ប្រទេសនេះ ត្រៀមខ្លួន​លេចមុខ​លើឆាកអន្តរជាតិ ក្នុងនាមជា​ប្រធានវិលជុំអាស៊ាន នៅដើមឆ្នាំ​២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ