អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បើកការស៊ើបអង្កេតលើលោក ភិថា លឹមចារើនរ៉ាត់

ស្រមោលខ្មៅ ចាប់​ផ្តើម​គ្រប​ពីលើ​ទំព័រនយោបាយ​ថៃ ប្រមាណជិត​មួយ​ខែក្រោយ​ការបោះឆ្នោតសភា កាលពីខែឧសភា។​ កាលពីថ្ងៃ​ចន្ទ ទី​១២មិថុនា​ គណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោតថៃ បាន​ប្រកាស​អំពីការបើក​ការស៊ើបអង្កេត ទៅលើរូបលោក ភិថា លឹមចារើនរ៉ាត់ ប្រធានគណបក្ស​កាវក្លៃ ដែលបានទទួលសម្លេងឆ្នោតនាំមុខ​គេ។ គណៈកម្មការជាតិ​រៀបចំការបោះឆ្នោតថា សង្ស័យថាបេក្ខជននាយករដ្ឋមន្ត្រី​រូបនេះ បានបំពាន​នឹងច្បាប់​បោះឆ្នោត​។

លោក ភិថា លីមចារើនរ៉ាត់ បេក្ខជននាយករដ្ឋមន្ត្រីរបស់​គណបក្ស កាវក្លៃ "Move Forward" លើកដៃស្វាគមន៍អ្នកគាំទ្រ ក្នុងកម្មវិធីជជែកដេញដោលយោបល់ របស់ទូរទស្សន៍​ប៉ុស្តិលេខ៣ថៃ ថ្ងៃទី ១១ ខែឧសភា ២០២៣
លោក ភិថា លីមចារើនរ៉ាត់ បេក្ខជននាយករដ្ឋមន្ត្រីរបស់​គណបក្ស កាវក្លៃ "Move Forward" លើកដៃស្វាគមន៍អ្នកគាំទ្រ ក្នុងកម្មវិធីជជែកដេញដោលយោបល់ របស់ទូរទស្សន៍​ប៉ុស្តិលេខ៣ថៃ ថ្ងៃទី ១១ ខែឧសភា ២០២៣ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

លោក Ittiporn Boonprakong ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ បាន​ឲ្យដឹងថា ការ​ស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើម​បើក​ហើយ ទៅលើរូបលោក ភិថា លឹមចារើនរ៉ាត់ ប្រធានគណបក្ស​កាវក្លៃ។ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ថា មានធាតុផ្សំ​គ្រប់គ្រាន់ ដែលតម្រូវឲ្យ​គេត្រូវតែ​ស៊ើបអង្កេតឲ្យ​បានស៊ីជម្រៅ ចង់ដឹងថា តើលោក​ ភិថា លឹមចារើនរ៉ាត់ បានបំពាន​នឹងច្បាប់​បោះឆ្នោតដែរឬទេ។

មន្ត្រីថៃខាងលើ បានបញ្ជាក់ថា គេបាន​បង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បី​ស្រាវជ្រាវ ទាក់ទិននឹងករណីសង្ស័យថា លោក​ ភិថា លឹមចារើនរ៉ាត់ មានភាគហ៊ុន​នៅក្នុង​បណ្តាញ​ទូរទស្សន៍​មួយ។ ច្បាប់បោះឆ្នោតថៃ បានហាមឃាត់យ៉ាងច្បាស់ ថាបេក្ខជនឈរឈ្មោះទាំងអស់ មិនអាច​មានចំណែកភាគហ៊ុន នៅក្នុងបណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់ទម្រង់ មិនថាកាសែត វិទ្យុ និង​ទូរទស្សន៍ ជាដើម​។

សូមបញ្ជាក់ថា ប្រសិន​បើ គេរកឃើញ​ថា​ លោក​ភិថា លឹមចារើនរ៉ាត់ ប្រធានគណបក្សកាវក្លៃ ពិតជាបាន​បំបាន​នឹងច្បាប់​បោះឆ្នោតមែន គឺលោក​នឹងត្រូវគេលុបឈ្មោះពីបញ្ជីបេក្ខជន​ឈរឈ្មោះជានាយករដ្ឋមន្ត្រី​។ លោកភិថា លឹមចារើនរ៉ាត់ ក៏អាចប្រឈមនឹងទោសជាប់ពន្ធនាគារ ពី​១ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវគេដកហូតសិទ្ធិបោះឆ្នោតរយៈពេល​២០ឆ្នាំ​។

ដោយឡែក លោកភិថា លឹមចារើនរ៉ាត់ ធ្លាប់​បានពន្យល់ថា ជាការពិត លោក​មានភាគហ៊ុន​នៅក្នុងបណ្តាញ ទូរទស្សន៍​ iTV ដែលឪពុករបស់លោក​បានផ្ទេរមកឲ្យ។ ក៏ប៉ុន្តែ បណ្តាញទូរទស្សន៍​នេះ បាន​បិទបញ្ឈប់​ការផ្សាយ តាំងតែពីឆ្នាំ​២០០៧មកម្លេះ​។ លោក ភិថា លឹមចារើនរ៉ាត់ បាន​អះអាងថា ការចោទប្រកាន់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត ថាលោក​បានលាក់​បាំងរឿងនេះ គឺជាការចោទ​ក្នុងហេតុ​ផលនយោបាយ​សុទ្ធសាធ។

គួររំលឹកថា គណបក្សកាវក្លៃរបស់​លោក ភិថា លឹមចារើនរ៉ាត់ បានទទួលបានសំឡេងឆ្នោតនាំមុខ ក្នុងការ​បោះឆ្នោត​សភា កាលពីខែឧសភា។​ បក្សនេះបានប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សភឿថៃ ដឹកនាំដោយ​កូនស្រីលោកថាក់ស៊ីន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ តែយ៉ាងណា មិនទាន់ច្បាស់​ប្រាកដថាលោក ភិថា លឹមចារើនរ៉ាត់ នឹងអាចក្លាយជានាយកមន្ត្រីបាននោះឡើយ ព្រោះសមាជិកព្រឹទ្ធសភាថៃដែលត្រូវបានបានតែងតាំងដោយ​ក្រុមយោធាថៃ បានប្រកាសគោលជំហរហើយ ថាគេនឹងបោះឆ្នោតប្រឆាំងនឹងបេក្ខភាពរបស់​លោក ភិថា លឹមចារើនរ៉ាត់។ ម្យ៉ាងវិញទៀត អ្នកវិភាគបារម្ភថា ក្រុមយោធាថៃដែលស្និទ្ធនឹងលោក​ប្រាយុទ្ធ ចាន់អូចា អាចនឹង​ប្រើប្រាស់ប្រព័ន្ធតុលាការ​ ដើម្បីប្រកាសរំលាយ​គណបក្ស​កាវក្លៃ ដូចកាលពីករណីគណបក្ស អាណាឃុតម៉ៃ ដឹកនាំដោយលោក ​ថាណាថន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ