អានតួអត្ថបទ

អាស៊ាន​​​ប្តូរ​ទីតាំង​ធ្វើ​សមយុទ្ធយោធា​រួម ដោយ​មិន​ធ្វើ​នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រចិន

នៅថ្ងៃអង្គារ៍​ អាជ្ញាធរយោធា​ឥណ្ឌូណេស៊ី​ ​​ប្រកាស​ឲ្យដឹង​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់​​ អាស៊ាន ​​យល់​ព្រម​ប្តូរទីតាំងធ្វើសមយុទ្ធយោធារួមគ្នា ដោយ​មិនធ្វើនៅក្នុងតំបន់ជម្លោះសមុទ្រចិន ដូច​​ការ​ប្រកាស​ពី​សប្តាហ៍​មុន​ទេ​។ ក្នុង​ន័យ​នេះ គឺថា​ សមយុទ្ធយោធា​រួមគ្នា របស់​អាស៊ាន ​គឺ​នៅតែ​រក្សាបន្ត​ធ្វើ នៅក្នុង​ខែ​កញ្ញា​ខាង​មុខដដែល ប៉ុន្តែ នឹង​​ត្រូវ​ធ្វើ​«នៅ​ឆ្ងាយ​»ពី​​តំបន់​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នាជាមួយ​ចិន។ នេះក៏ព្រោះ​តែមាន​ការ​ជំទាស់​ពី​«ប្រទេស​សមាជិក​អាស៊ាន​ដែល​ស្និទ្ធ​ជាមួយ​ចិន​»។​​

មេបញ្ជាការ​យោធាអាស៊ាន ជួបគ្នា​ក្នុង​ខែ​មិថុនា​នេះ។
មេបញ្ជាការ​យោធាអាស៊ាន ជួបគ្នា​ក្នុង​ខែ​មិថុនា​នេះ។ AP - Firdia Lisnawati
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​សមយុទ្ធយោធារួម​គ្នា លើកទី១​ របស់​អាស៊ាន​ ទាំង​១០ប្រទេស និង​ទីម័រ​ខាង​កើត នឹង​រៀបចំ​ធ្វើ ចន្លោះ​ថ្ងៃទី​១៨ ទៅ​ថ្ងៃ​២៥ កញ្ញាខាងមុខ​នេះ​ ប៉ុន្តែ​ ត្រូវ​​បញ្ជៀស​ចេញ​ពី​​តំបន់​កន្លែង​ដែលកំពុង​​មាន​ជម្លោះ​ប្រទាញប្រទង់ប្រទេស​ជាមួយ​ចិន ក្នុង​សំណុំ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​។ នេះបើតាម​ខ្លឹមសារ ក្នុង​សេចក្តីប្រកាស​ព័ត៌មា​នថ្មី នៅថ្ងៃ​អង្គារ ដែល ​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ​ទទួល​បានពី​អាជ្ញាធរ​យោធា​ឥណ្ឌូណេស៊ី។​

សូមរំលឹក​ថា ប្រមាណ​១០ថ្ងៃ​មុន  អាជ្ញាធរយោធាឥណ្ឌូណេស៊ី ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន បាន​ប្រកាស​ថា សមយុទ្ធយោធារួមគ្នា នឹង​ត្រូវ​ធ្វើ​នៅ​សមុទ្រ​ Natunaប៉ែក​ខាង​ជើង​។ ត្រង់​កន្លែង​នេះ មហាយក្ស​ចិន បាន​ទាមទារ​ថា​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ហើយ​ឥណ្ឌូណេស៊ី ក៏​ទារ​ថា​ជា​របស់ខ្លួន​ដែរ។​ បើតាម​ភាគី​ឥណ្ឌូណេស៊ី ​​ក្នុង​ព័ត៌មាន​​ជាង​១០ថ្ងៃមុន គឺ ការ​ប្រកាស​ធ្វើ​សមយុទ្ធ​ពេល​នេះ មាន​រដ្ឋ​សមាជិក​ខ្លះ​យល់​ព្រម ខ្លះ​ទៀត​រក្សាភាព​ស្ងៀមស្ងាត់។ ក៏ប៉ុន្តែ ភាគី​កម្ពុជា ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ មើលឃើញ​ថា​ស្និទ្ធជាមួយ​ចិន​ខ្លាំង តាមរយៈ​ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មា​នមួយ ដែរ​ នៅថ្ងៃទី៨មិថុនា ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ មិនទាន់សម្រេចលើគម្រោងសមយុទ្ធរួម​គ្នា​នៅសមុទ្រចិនខាងត្បូង នោះទេ ​ និងថា អគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត ក៏​មិនបានឆ្លើយតបទេ។​

គួរ​បញ្ជាក់ដែរថា ​តំបន់ប្រជុំកោះ Natuna ដែល​ឥណ្ឌូណេស៊ី ចង់​​​ឲ្យ​ធ្វើ​សមយុទ្ធ​អាស៊ាន​រួម​គ្នា​នៅ​ទីនោះ ​គឺនៅប៉ែកខាងជើង ​ត្រូវ នាវាកងទ័ព ចិន តែងតែចូល​ទៅ​រុកកួន​ជារឿយៗ។ មិនមែន​តែ​ ឥណ្ឌូណេស៊ី ទេ ដែល​មាន​បញ្ហា​នឹង​ចិន គឺប្រទេសសមាជិក​អាស៊ាន តួយ៉ាង​ ម៉ាឡេស៊ី វៀតណាម និងហ្វ៊ីលីពីន សុទ្ធតែមានវិវាទដែនសមុទ្រ​ជាមួយមហាយក្ស ​ចិន នៅក្នុងសំណុំ​បញ្ហា​តំបន់សមុទ្រចិនខាងត្បូង។ ទោះ​យ៉ាង​នេះ​ក្តី រដ្ឋសមាជិក​អាស៊ាន បែង​ចែក​បក្ស​ពួក​រៀង​ខ្លួន ដើម្បី​ផលប្រយោជន៍​រៀង​ខ្លួន។ ប្រទេស​ខ្លះ បាន​ធ្វើសមយុទ្ធ​រួម​គ្នា​ជាមួយសហរដ្ឋអាមេរិក រីឯ​ប្រទេស​ខ្លះទៀតបាន​ធ្វើ​សមយុទ្ធ​​ជាមួយ​កងទ័ព​ប្រជាជន​ចិន​។

ដោយឡែក ការ​ធ្វើ​សមយុទ្ធយោធា​អាស៊ាន រួម​​និងទីម័រខាងកើត នៅ​ខែ​កញ្ញា​ខាងមុខ គឺត្រូវ ​អគ្គមេបញ្ជាការកងទ័ពជើងទឹក​​ឥណ្ឌូណេស៊ី ​Yudo Margono បញ្ជាក់ប្រាប់​ពួ​ក​អ្ន​កកាសែត​ ថា សមយុទ្ធ​នេះ​ផ្តោត​លើ​សុវត្ថិភាព ​សម​យាមល្បាតការពារសន្តិសុខក្នុងសមុទ្រ និង​ហាត់សមជួយ​សង្គ្រោះ​តាមផ្លូវសមុទ្រ តែ​ពុំ​មែន​ជា​សមយុទ្ធ​ប្រយុទ្ធ​ចម្បាំង​បាញ់​បោះ​ច្បាំងគ្នា​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ