អានតួអត្ថបទ

វៀតណាម៖នាវាដឹកយន្តហោះចម្បាំងអាមេរិក « USS Ronald Reagan » ចូលចតនៅកំពង់ផែក្រុងដាណាង

នៅ​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា នាវា​ដឹក​យន្តហោះចម្បាំង​អាមេរិក « USS Ronald Reagan » ដែល​មាន​កង​ម៉ារីន​ជាង ៥ ០០០នាក់ និង​អមដំណើរ​ដោយ​នាវា​ពីរ​គ្រឿង​ទៀត​ឈ្មោះ USS Antietam  និង USS Robert Smalls បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ដាណាង ប្រទេស​វៀតណាម។ ការ​ឈប់​សំចត​របស់​នាវា « USS Ronald Reagan » ជា​និមិត្តរូប​ដែល​មាន​គោលដៅ​ចូលរួម​អបអរសាទរ​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក​ដែល​ជា​អតីត​គូសត្រូវ។ កំណត់សម្គាល់​មិន​អាច​ខ្វះ​បាន​មួយ​ទៀត គឺ​ការ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នាវាដឹកយន្តហោះចម្បាំងអាមេរិក « USS Ronald Reagan » ចូលចតនៅកំពង់ផែក្រុងដាណាង ប្រទេសវៀតណាម ថ្ងៃទី២៥ មិថុនា ២០២៣។
នាវាដឹកយន្តហោះចម្បាំងអាមេរិក « USS Ronald Reagan » ចូលចតនៅកំពង់ផែក្រុងដាណាង ប្រទេសវៀតណាម ថ្ងៃទី២៥ មិថុនា ២០២៣។ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

ជា​វត្តមាន​ដ៏​កម្រ តែ​មិន​ចៃដន្យ។ កម្រ និង​មិន​ចៃដន្យ ព្រោះ​ការ​ឈប់​សំចត​របស់​នាវា​អាមេរិក « USS Ronald Reagan » ជាមួយ​នឹង​កងម៉ារីន​ជាង ៥ ០០០នាក់​នៅ​កំពង់ផែ​ក្រុង​ដាណាង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​វៀតណាម និង​អាមេរិក​ប្រារព្ធ​ខួប ១០ឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្រ្ត​រវាង​គ្នា។ សម្រាប់​ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន ដៃគូ​យុទ្ធសាស្រ្ត​នេះ​នឹង​កាន់​តែ​រឹងមាំ​ជាង​ពេល​ណា​ទាំង​អស់​នា​ពេល​សព្វថ្ងៃ ខណៈ​ដែល​ចិន​បាន និង​កំពុង​បន្ត​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង។ ជាក់ស្តែង​ថ្មីៗ​នេះ នាវា​ចិន​មួយ​គ្រឿង នាវាឆ្មាំសមុទ្រ​ចិន រួម​ទាំង​ទូក​នេសាទ​ចិន​ច្រើន​គ្រឿង​បាន​បើក​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រយៈពេល​ច្រើន​សប្តាហ៍។ តែ​ក្រោយ​ពី​មាន​ការ​ប្រឆាំង​តវ៉ា​ពី​រដ្ឋាភិបាល​វៀតណាម​មក​ទើប​នាវា និង​ទូក​នេសាទ​ចិន​ទាំង​អស់​នោះ​បាន​ចាក​ចេញ​វិញ​នៅ​ដើម​ខែ​មិថុនា​នេះ។

លោក Nguyen The Phuong បណ្ឌិត​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​នៅសាកលវិទ្យាល័យ​អូស្រា្តលី​បាន​ពន្យល់​ប្រាប់ AFP ថា វត្តមាន​នាវា​អាមេរិក « USS Ronald Reagan » ជា​សក្ខីកម្ម​បង្ហាញ​ថា វៀតណាម​បន្ត​ទប់ទល់នឹង​ឥទ្ធិពល​របស់​ចិន​ដោយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​អាមេរិក និង​មហាអំណាច​បរទេស​ផ្សេង​ទៀត។ ក្រៅ​ពី​ទទួល​នាវា​អាមេរិក « USS Ronald Reagan » វៀតណាម​ក៏​ធ្លាប់​បាន​ទទួល​នាវា​កងម៉ារីន​ឥណ្ឌា​នៅ​កំពង់ផែ​ដាណាង​ដែរ​កាល​ពី​ខែ​ឧសភា។ មួយ​វិញ​ទៀត​នា​ដើម​សប្តាហ៍​នេះ វៀតណាម​បាន​ទទួល​នាវាសង្រ្គាម​របស់​ជប៉ុន​ដ៏​ធំ។

លោក Pham Thu Hang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​ថ្លែង​ថា ការ​ទទួល​នាវា​បរទេស​ទាំង​អស់​នេះ​ជា​ការ​ដោះដូរ​ធម្មតា​ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​ទាំង​មូល។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​នាវា​អាមេរិក « USS Ronald Reagan » នៅ​វៀតណាម​បាន​ធ្វើ​ឡើង ២ខែ​ក្រោយ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​នៅ​វៀតណាម។ គួរ​បញ្ជាក់​ថា « USS Ronald Reagan » ជា​នាវាដឹកយន្តហោះចម្បាំង​អាមេរិក​ទី៣ ដែល​បាន​ឈប់​សំចត​នៅ​វៀតណាម។ តាម​គម្រោង « USS Ronald Reagan » នឹង​ស្ថិត​នៅ​វៀតណាម​រហូត​ដល់​ថ្ងៃទី៣០ មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ