អានតួអត្ថបទ

ការសិក្សា៖ចំនួនអ្នកធ្វើអត្តឃាតនៅសិង្ហបុរីបានកើនខ្លាំងមិនធ្លាប់មានគិតតាំងពី ២២ឆ្នាំ

នៅ​ក្នុង​ប្រទេស​សិង្ហបុរី អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ហៅកាត់ SOS បាន​ទាញ​សញ្ញាអាសន្ន​ស្តីពី​ចំនួន​អ្នក​ធ្វើ​អត្តឃាត។ SOS បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​បាន​កើន​ជិត ២៦% ក្នុង​ឆ្នាំ ២០២២ កន្លង​ទៅ។ នេះ​ជា​កំណើន​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី ២២ឆ្នាំ​កន្លង​ទៅ។ តាម SOS យុវជន​មាន​អាយុ​ចន្លោះ​ពី ១០ឆ្នាំ ទៅ ២៩ឆ្នាំ និង​មនុស្ស​ចាស់​មាន​អាយុ​ពី ៧០ឆ្នាំ​ទៅ ៧៩ឆ្នាំ​ជា​ក្រុម​មនុស្ស​ដែល​បាន​ធ្វើ​អត្តឃាត​ច្រើន​ជាង​គេ។

ការសិក្សាថា ចំនួនអ្នកធ្វើអត្តឃាតនៅសិង្ហបុរីបានកើនខ្លាំងមិនធ្លាប់មានគិតតាំងពី ២២ឆ្នាំ។
ការសិក្សាថា ចំនួនអ្នកធ្វើអត្តឃាតនៅសិង្ហបុរីបានកើនខ្លាំងមិនធ្លាប់មានគិតតាំងពី ២២ឆ្នាំ។ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

៤៧៦នាក់ នេះ​ជា​ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ ២០២២ ពោល​ច្រើន​ជាង​ក្នុង​ឆ្នាំ ២០២១ ដែល​មាន​ចំនួន ៣៧៨នាក់។ តែ​បើ​គិត​តាំង​ពី​ឆ្នាំ ២០០០ ចំនួន​អ្នក​ធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ ២០២២ មាន​ច្រើន​ខ្លាំង​មិន​ធ្លាប់​មាន។ កំណើន​អ្នក​ធ្វើ​អត្តឃាត​មិន​ធ្លាប់​មាន​នៅ​សិង្ហបុរី​នេះ​ជា​រឿង​គួរ​ឲ្យ​ខ្លោចចិត្ត​ខ្លាំង​ណាស់ នេះ​ជា​ការ​ថ្លែង​របស់​គ្រូពេទ្យវិកលវិទ្យា និង​អ្នកពិគ្រោះយោបល់​សុខភាព​លោក Jared Ng។ តាម​លោក Jared Ng ការកើន​ឡើង​អ្នក​ធ្វើ​អត្តឃាត​នេះ​ជា​ការ​បង្ហាញ​ពី​ទុក្ខសោក​ផ្លូវចិត្ត​មើលមិន​ឃើញ​ដែល​កំពុង​មាន​នៅ​ក្នុង​សង្គម​សិង្ហបុរី ពិសេស​ក្រុម​យុវជន និង​ក្រុម​មនុស្សចាស់។

ដូច្នេះ​សម្រាប់​គ្រូពេទ្យវិកលវិទ្យា និង​អ្នកពិគ្រោះយោបល់​សុខភាព​លោក Jared Ng វា​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវ​រក្សា​ការ​ប្រុងប្រយ័ត្នចំពោះ​បញ្ហា​បន្ទាន់​ដែល​កំពុង​បន្ត​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាពផ្លូវចិត្ត ដូច​ជា​ភាព​ឯកា និង​ភាព​នៅ​ឆ្ងាយ​ពី​សង្គម។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ហៅកាត់ SOS ការ​ធ្វើ​អត្តឃាត​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ស្លាប់​យុវជន​ដែល​មានអាយុ​ពី ១០ឆ្នាំ​ទៅ ២៩ឆ្នាំ​នៅ​សិង្ហបុរី​នា​រយៈពេល ៤ឆ្នាំ​ជាប់​គ្នា។ ក្នុង​ឆ្នាំ ២០២២ មាន​អ្នក​បញ្ចប់​ជីវិត​ខ្លួន​ឯង​ចំនួន ១២៥នាក់​មាន​អាយុ​ចន្លោះ​ពី ១០ឆ្នាំ​ទៅ ២៩ឆ្នាំ និង ៤៨នាក់​មាន​អាយុ​ចន្លោះ​ពី ៧០ឆ្នាំ​ទៅ ៧៩ឆ្នាំ។

អ្វី​ជា​ការ​កត់សម្គាល់ កំណើន​ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​សិង្ហបុរី​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ស្គាល់​អត្រា​កំណើត​ទាប​ខ្លាំង​មួយ​ក្នុង​លោក និង​អត្រា​កំណើន​មនុស្ស​ចាស់​ឆាប់​រហ័ស។ ពលរដ្ឋ​សិង្ហបុរី​ម្នាក់​ក្នុង​ចំណោម ៤នាក់​នឹង​មាន​អាយុ ៦៥ឆ្នាំ ឬ​ច្រើន​ជាង​នេះ​នៅ​ឆ្នាំ ២០៣០។ ប្រធាន​អង្គការ SOS បាន​ថ្លែង​ថា SOS សន្យា​បន្ត​ចាត់​វិធានការ​ប្រឆាំង​ទប់​នឹង​កំណើន​អ្នក​សម្លាប់​ខ្លួន និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ