អានតួអត្ថបទ

សិង្ហបុរី៖ នាយករដ្ឋមន្ត្រី បញ្ជា​​​រដ្ឋមន្ត្រី​ដឹកជញ្ជូន«ឈប់​សម្រាក​» ក្រោយ​​ពាក់ព័ន្ធ​អំពើ​ពុករលួយ

នាថ្ងៃ​ពុធ ទី១២កក្កដា​​ នាយករដ្ឋមន្ត្រីសិង្ហបុរី បាន​ចេញ​បញ្ជា​ឲ្យ​ ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ «ឈប់​សម្រាក​»។ នេះ​គឺបន្ទាប់ពី លោករដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ចូន បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ ដែលគណៈ​កម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ បាន​បើកសំណុំរឿង​ស៊ើបអង្កេត​​។ ​លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី សរសេរនៅក្នុងបណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា «ខ្ញុំ​បាន​ស្នើ​ទៅ​កាន់​លោក S. Iwaran រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ចូន សូម​ឈប់​សម្រាក​ ​រហូត​ដល់​ ការ​​ស៊ើប​អង្កេត​ ត្រូវ​ចប់សព្វគ្រប់»។​

Singapore Prime Minister Lee Hsien Loong delivers his opening address at the 32nd ASEAN (Association of Southeast Asian Nations) Summit in Singapore on April 28, 2018.
Singapore Prime Minister Lee Hsien Loong delivers his opening address at the 32nd ASEAN (Association of Southeast Asian Nations) Summit in Singapore on April 28, 2018. AFP
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែងលើកឡើង​យ៉ាង​ដូច្នេះ គឺ​ក្រោយ​ពីពេល​ដែល ថ្នាក់ដឹកនាំ​កំពូល​សិង្ហបុរី ត្រូវ​ ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ ជូន​ដំណឹង​ទៅថា រដ្ឋមន្ត្រី​ដឹកជញ្ជូន​ពាក់​ព័ន្ធនឹង​ការ​ស៊ើប​អង្កេត​មួយ​ អំពី​​អំពើ​ពុករលួយ​ ហើយ​និង​ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ដើម្បី​អនុញ្ញាត​ឲ្យ​សាកសួរ​ចម្លើយ​លោក​រដ្ឋមន្ត្រី​​។

សេចក្តីថ្លែងការណ៍​របស់​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សិង្ហបុរី គឺបាន​ប្រកាស​អំពី​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​នៅក្នុង​សំណុំ​រឿង​មួយ​នេះ ដើម្បី​តម្កល់​​ផល​ប្រយោជន៍​សាធារណៈ​ ហើយ​ការ​សាកសួរ​រដ្ឋមន្ត្រី​រូប​នេះ​ក៏​នៅក្នុង​ហេតុផល​ដើម្បីឲ្យ​​យល់​កាន់​តែ​ច្បាស់​អំពី​អង្គ​ហេតុ​និង​ពី​ការពិត ហើយ​ក៏​ដើម្បី​គោរព​គោល​ការណ៍​នីតិរដ្ឋដែរ​។

បើ​តាម​​ប្រភព​ដដែល សិង្ហបុរី​មិនលើកលែង​ទាល់តែសោះ​ចំពោះ​អំពើ​ពុករលួយ។ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សិង្ហបុរី ស៊ើប​អង្កេត​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ គ្មាន​ទំនាស់​ផលប្រយោជន៍ ហើយ​គ្មាន​ញញើត​នឹង​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​បុគ្គលឬភាគី​ណា​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ពុករលួយ។

​សិង្ហបុរី ជាកូន​ប្រទេស​ តែ​ជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំសម្បើមនៅក្នុង​តំបន់​អាស៊ី​ ហើយ​និងជាប់​ឈ្មោះ​ជាប្រទេស​មា​នកម្រិត​អំពើ​ពុករលួយ​តិចតួច​។​ មន្ត្រី​រដ្ឋការសិង្ហបុរី​ ​ទទួលបាន​​​ប្រាក់​ខែ​​ច្រើន​ជាង​ អ្នក​ធ្វើ​ការ​វិស័យ​ឯកជន​។ នេះ​ក៏​ជាគោលការណ៍១​ដើម្បី​លើកទឹកចិត្ត កុំឲ្យ​មន្ត្រីរដ្ឋការ​ ប្រព្រឹត្តអំពើ​ពុករលួយ​។

បើ​ផ្អែក​តាម​មន្ទីរ​មុខងារសាធារណៈ​សិង្ហបុរី  មុខ​តំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវ​ទទួល​ប្រាក់​បៀវត្សរ៍​ប្រចាំឆ្នាំ ចំនួន ២,២ លាន​ដុល្លារសិង្ហបុរី រួម​នឹង​អត្ថប្រយោជន៍​ផ្សេងទៀត។ ប្រសិន​​បើ​ប្រៀបធៀបទៅ គឺ​ច្រើន​ជាង​ ៤ដង​នៃ​ប្រាក់​ខែ​ប្រធានាធិបតី​អាមេរិក។ ​ចំណែក​ តំណែង​រដ្ឋមន្ត្រី​ គឺ​ទទួល​ប្រាក់​បៀវត្សរ៍ ៩៥០ ០០០ ដុល្លារ​សិង្ហបុរី ក្នុង​១ឆ្នាំ រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ