អានតួអត្ថបទ
នូវែលសេឡង់-ចិន

នូវែលសេឡង់​អំពាវនាវ​ឱ្យ​ប៉េកាំង​កាត់បន្ថយ​ភាព​តាន​តឹង​នៅ​តំបន់​ប៉ាស៊ីហ្វិក

នៅថ្ងៃ​ចន្ទ​នេះ នា​ឱកាស​បើក​ជំនួប​កំពូល​China Business Summit នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ លោក Chris Hipkins បាន​ជំរុញ​ឱ្យ​ចិនកាត់​បន្ថយ​ភាព​តាន​តឹង​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​​បាន​ក្លាយ​ជា​តំបន់ដ៏​ប្រទាញ​ប្រទង់ និង​​ពិបាក​ព្យាករ។ លោកប្រមុខ​រដ្ឋាភិបាល​ចង់​ឃើញ​ចិន​ជួយរក្សាការពារចរាចរណ៍​​​ពាណិជ្ជកម្មនៅប៉ាស៊ីហ្វិក​ដែល​ជា​ផ្លូវ​ដង្ហើម​សេដ្ឋកិច្ច​របស់​​​​ពិភពលោក​​ និងពិសេស​របស់​​នូវែលហ្សេឡង់​ផ្ទាល់​តែ​ម្តង។

នាយករដ្ឋមន្ត្រី​នូវែលសេឡង់ Chris Hipkins និង​លោកប្រធានាធិបតី​ចិន ស៊ីជិនពីង នៅក្រុង​ប៉េកាំង ថ្ងៃទី ២៧ មិថុនា​២០២៣
នាយករដ្ឋមន្ត្រី​នូវែលសេឡង់ Chris Hipkins និង​លោកប្រធានាធិបតី​ចិន ស៊ីជិនពីង នៅក្រុង​ប៉េកាំង ថ្ងៃទី ២៧ មិថុនា​២០២៣ AP - Shen Hong
ផ្សាយពាណិជ្ជកម្ម

របៀប​ពង្រីក​ឥទ្ធិពល​របស់​ចិន នៅលើ​ពិភពលោក តាម​រយៈ​ការ​ពន្លាត​វត្តមានការទូត សេដ្ឋកិច្ច និ​ងយោធា ​យ៉ាង​លឿន​រហ័ស​នៅ​តំបន់​ប៉ាស៊ីហ្វិក គឺ​ក្បាលម៉ាស៊ីន​ដ៏​ចម្បង​នាំ​ឱ្យ​មានភាព​តាន​តឹង​និង​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ នេះ​ជា​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​នូវែលសេឡង់នៅក្នុង​ជំនួបChina Business Summit ដែល​កំពុង​រៀប​ចំ​ធ្វើ​​នៅក្រុង​អូក្លង់ ដោយ​អះអាង​ទៀត​ថា ពេល​នេះ តំបន់​អាស៊ីប៉ាស៊ីហ្វិក​យើង កាន់​តែ​ប្រទាញប្រទង់​ខ្លាំង កាន់​តែ​ពិបាក​ស្មានឡើងៗ និង​កាន់​តែ​លែងប្រាកដ​រឿង​​សន្តិសុខ។

លោក​នាយករដ្ឋមន្ត្រី​ព្រួយ​បារម្ភ​នឹង​ស្ថានភាព​ដុនដាប​ក្នុង​តំបន់​ដោយហេតុ​តែ​បរិបទ​យុទ្ធសាស្ត្រ​និង​ភាព​តាន​តឹង​កើន​ឡើង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជា​ពិសេស​ជុំ​វិញ​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​និងច្រក​តៃវ៉ាន់។​ ​លោក​បាន​ទាមទារឱ្យ​ចិន​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ការពារ​​​ចរាចរណ៍​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាសដែល​ជា​អាយុ​​ជីវិត​របស់​នូវែលហ្សេឡង់ ប្រព្រឹត្តទៅ​បានដោយ​សេរី​ ព្រោះ​ជិតពាក់​កណ្តាល​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្មរបស់​​នូវែលសេឡង់​ ត្រូវ​ឆ្លង​កាត់​តាម​សមុទ្ទ​ចិន​ខាង​ត្បូង។ ជា​តំបន់​ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​នូវែលសេឡង់ និង​ដែល​​ចាំបាច់ត្រូវគ្រប់​គ្រង​ភាព​តាន​តឹង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ជាប្រយោជន៍​​តំបន់​ប៉ាស៊ីហ្វិកជាទូទៅ។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​លោក​នាយករដ្ឋ​មន្ត្រី​ដែលជំរុញ​​ចិន​ឱ្យ​​ដើរ​តួនាទី​បន្ធូរ​ភាព​តាន​តឹងនេះ។

តាំង​ពី​ប៉ុន្មាន​ឆ្នាំចុងក្រោយ​មកនេះ ចិន​បាន​បង្កើន​សម្ពាធ​យោធា​និងការទូត​លើ​តៃវ៉ាន់​ដោយ​គំរាម​ប្រើ​កម្លាំង​ក្រសោប​យក​កោះ​តៃវ៉ាន់​វិញផង​បើ​ចាំបាច់ និង​បានវាតទី​ទាមទារ​គ្រប់គ្រង​​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូងកាន់តែ​ធំឡើងៗ​ ហើយ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​កូន​កោះ​ មាន​ជាអាទិ៍​កោះ​សាឡូម៉ុង។ ​

បើ​តាម​សម្ព័ន្ធមិត្តលោក​ខាង​លិច ​នូវែលសេឡង់ផ្ទាល់​​​ក៏រំពឹង​ខ្លាំង​ជ្រុល​លើពាណិជ្ជកម្ម​ជាមួយ​ចិន​ដែរ។ នាយករដ្ឋមន្ត្រី​ធ្លាប់​​បានដឹកនាំ​ប្រតិភូ​ពាណិជ្ជកម្ម​​​ទៅ​ជួប​ប្រធានាធិបតី​ចិន​ស៊ីជីនពីង​ នៅទីក្រុង​ប៉េកាំង​ផង​កាលពី​ខែ​មុន។ តែ​លោក​Hipkins បាន​ប្រកាស​ថា​ការនាំ​ចេញ​នូវែលសេឡង់មាន​លក្ខខណ្ឌ​​ពាណិជ្ជកម្ម​ប្រសើរ​​​ក្នុង​ទីផ្សារ​សំខាន់ៗ​ផ្សេងទៀត​ដូច​ជា​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​អង់គ្លេស សហភាព​អឺរ៉ុប និង​ប្លុកពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ