អានតួអត្ថបទ

ប្រធានសភាថៃលើកពេល បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មី ដោយគ្មានកាលកំណត់

ថៃទំនងមិនអាចរកឃើញ​ច្រកចេញសម្រាប់ការជាប់គាំងនយោបាយ។ បន្ទាប់ពី​បេក្ខជននាយករដ្ឋមន្រ្តី លោក ភិថា លីមចៈរើនរ៉ាត់​មកពីគណបក្ស​កាវក្លៃ បរាជ័យ​ពីរលើក នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ និងថ្ងៃទី ១៩​កក្កដា កន្លងទៅ ការបោះឆ្នោត​ជាលើកទី៣ នៅសភាថៃ ដើម្បី ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថៃថ្មី ដែលគ្រោងធ្វើនៅថ្ងៃ​ព្រហស្បតិ៍ ត្រូវលើក​ពេល​ដោយ​គ្មាន​កាលកំណត់។ នេះ​បើតាម​ការប្រកាស​របស់​ប្រធាន​សភា​ថៃ លោក លោក​វ៉ាន់ មូហាម៉ាត់ ណរម៉ៈថា កាល​ពី​ថ្ងៃ​អង្គារទី​២៥​កក្កដា។

ថ្ងៃពុធទី​១៩កក្កដានេះ សភាថៃទាំង២អង្គ បាន​បើកសម័យ​ប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើ​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា​ លីមចៈរើនរ៉ាត់
ថ្ងៃពុធទី​១៩កក្កដានេះ សភាថៃទាំង២អង្គ បាន​បើកសម័យ​ប្រជុំ ដើម្បីបោះឆ្នោតជាលើកទី២ លើ​បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភិថា​ លីមចៈរើនរ៉ាត់ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

នៅពេល​បិទអង្គប្រជុំសភា កាលពីថ្ងៃទី ១៩​កក្កដា ដោយ​មិនអាច​ឈានដល់​ការបោះឆ្នោត​ជ្រើសរើស​លោក ភិថា លីមចៈរើនរ៉ាត់​ជា​នាយករដ្ឋមន្រ្តីថៃថ្មី ប្រធាន​សភា​ថៃ លោក វ៉ាន់ មូហាម៉ាត់ ណរ ម៉ៈថា​ធា្លប់​បាន​ប្រកាស​យក​ថ្ងៃ​ទី ២៧កក្កដា ថ្ងៃ ព្រហស្បតិ៍ស្អែក ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​សាជាថ្មី។

ប៉ុន្តែ នៅតែ​២ថ្ងៃមុន​ការបោះឆ្នោត​ជាលើកទី៣ លោក​វ៉ាន់ មូហាម៉ាត់ ណរ មៈថា បាន​ប្រកាស​ប្រាប់​អ្នកកាសែត​ថា គ្មានទេ ការបោះឆ្នោត​នៅថ្ងៃ​ព្រហស្បតិ៍ស្អែក។ “ការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​មិនអាច​ដំណើរការទៅបានទេ ដរាបណា នៅមិនទាន់​មាន​ការសម្រេច​ជាផ្លូវការណាមួយ​របស់​តុលាការធម្មនុញ្ញ​ថៃ ស្តី​ពី​ភាពស្របច្បាប់​នៃ​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​លោក​ភិថា លីមចៈរើនរ៉ាត់”។

ប្រធាន​គណបក្ស​កាវក្លៃ លោក​ភិថា លីមចៈរើនរ៉ាត់​បរាជ័យ​២​លើក នៅក្នុងការបោះឆ្នោតសភា ជ្រើសរើស​នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៣ និងថ្ងៃទី​១៩​កក្កដា។ នៅក្នុងការបោះឆ្នោត​ជាលើកទី២ នៅថ្ងៃទី​១៩​កក្កដា តុលាការ​ធម្មនុញ្ញ ទៅតាម​ពាក្យបណ្តឹង​របស់​គណៈកម្មការបោះឆ្នោត​ដែលចោទលោក​ភិថា​ថា រំលោភ​ច្បាប់​បោះឆ្នោត បាន​សម្រេច​ព្យួរ​សមាជិកភាព​ជា​តំណាងរាស្រ្ត​របស់​លោក​ភិថា ក្នុងពេល​រង់ចាំ​ការបើកសវនាការ​នាពេលខាងមុខ។

ម្យ៉ាង តាម​ប្រធានសភាថៃ ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ត្រូវ​លើកពេល​ដោយគ្មាន​កាលកំណត់ ព្រោះ​គេត្រូវ​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ទៅ​លើ​ពាក្យបណ្តឹង​ថ្មីមួយ​ទៀត ដែល​មាន​អ្នកគាំទ្រ​របស់​លោក​ភិថា ជា​ម្ចាស់បណ្តឹងតវ៉ា។ នៅក្នុងពាក្យ​បណ្តឹង​ដែល​ការិយាល័យ​អន្តរការី​ជាអ្នកតំណាង អ្នកគាំទ្រ​របស់​លោក​ភិថា ទាមទារ​ចង់​ឲ្យ​តុលាការធម្មនុញ្ញ​បកស្រាយ​ពី​ភាពស្របច្បាប់​នៅក្នុងការឈរឈ្មោះជា​លើកទី២ សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តី។ គួររំលឹកថា នៅមុន​ការសម្រេចរបស់​តុលាការធម្មនុញ្ញថៃ​ព្យួរសមាជិកភាពតំណាងរាស្រ្ត របស់​លោកភិថា សមាជិក​សភាទាំងថ្នាក់ ដែលភាគច្រើន​ជាសមាជិក​ព្រឹទ្ធសភា និង​គណបក្ស​យោធានិយម បាន​បោះឆ្នោត​បដិសេធ មិន​ឲ្យ​លោក​ភិថា លីមចៈរើនរ៉ាត់​ដាក់ស្នើ​បេក្ខភាព​ជា​លើកទី២ទេ ព្រោះវា​ផ្ទុយមាត្រា​ទី​៤១នៃ​បទបញ្ជាផ្ទៃក្នុង​របស់សភា ដែលចែងថា គេមិនអាចបោះឆ្នោត​២ដង​លើរឿងតែមួយ ពោល​គឺគេមិនអាច​បោះឆ្នោត​លើ​បេក្ខភាពដដែល ដែល​មិនបាន​ទទួលសំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុងការបោះឆ្នោត​នៅលើកទី១​នោះទេ។

ការប្រកាស​របស់​ប្រធានសភាថៃ​លុបចោល​គម្រោង​បោះឆ្នោត ជ្រើសរើស​នាយករដ្ឋមន្រ្តី បាន​ធ្វើ​កិច្ចប្រជុំ​ដែល​គណបក្ស​ចម្រុះទាំង​៨ នាំមុខដោយគណបក្ស​ភឿថៃ​គ្រោងធ្វើ​នៅថ្ងៃ​អង្គារ ជាមួយ ​គណបក្ស​អភិរក្សនិយម គាំទ្រ​ដោយ​ពួកយោធា ត្រូវលុបចោលទៅវិញ នៅ​នាទី​ចុងក្រោយ។

ដឹកនាំដោយ​ត្រកូលថាក់ស៊ីន បក្ស​ភឿថៃដែលចាប់ដៃគូជាមួយគណបក្ស​កាវក្លៃ មាន​បេក្ខជន​ពីរនាក់ ដើម្បីអាចជំនួស​លោក​ភិថា ដែលនៅក្នុងនោះ ម្នាក់ ជាមហាសេដ្ឋី​អចលទ្រព្យ សេដ្ឋា ទ្វីសិន​ដែល​អាច​ទទួលទំនុកចិត្ត​ច្រើនពីសម្ព័ន្ធបក្ស​ប្រជាធិបតេយ្យ​ទាំង​៨។ ដើម្បី​ឲ្យ​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់ខ្លួន ទទួលបាន​សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោត​សភា គណបក្ស​ភឿថៃ កំពុង​ស្ទង់រកសំឡេងគាំទ្រ​ពីគណបក្សផ្សេងទៀត​ដែលនិយមយោធា។ ប៉ុន្តែ យុទ្ធនាការ​របស់​បក្សភឿថៃ​អាច​ជួបឧបសគ្គ ព្រោះថា អ្នកនយោបាយ​អភិរក្សនិយមភាគច្រើន មិន​ចង់ចាប់ដៃ​បង្កើតរដ្ឋាភិបាល​ចម្រុះ ដែលមាន​គណបក្ស​កាវក្លៃរបស់​លោក​ភិថា ចូលរួម ដោយសារតែ​បក្សកាវក្លៃ​មាន​កម្មវិធីនយោបាយ​សើរើច្បាប់ជេរប្រមាថព្រះមហាក្សត្រ និង​សើរើ​ផលប្រយោជន៍​របស់ពួកយោធាថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ