អានតួអត្ថបទ
កូរ៉េខាងត្បូង-ក្រុមកាយឫទ្ធិ

អាមេរិកនិងអង់គ្លេសដកខ្លួនពីការជួបជុំក្រុមកាយឫទ្ធិនៅកូរ៉េខាងត្បូង ដោយសាររលកកំដៅក្តៅខ្លាំង

នៅកូរ៉េខាងត្បូង នៅក្រោយរលកកំដៅក្តៅប៉ុន្មានថ្ងៃជាប់គ្នា ក្រុមកាយឫទ្ធិ​អង់គ្លេស និងអាមេរិកបាន​សម្រេចដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ជួបជុំក្រុមកាយឫទ្ធិ​ពិភពលោក World Scout Jamboree ដែលកំពុងប្រព្រឹត្តទៅ​នៅ​ខេត្ត​Jeollaខាងជើង​របស់កូរ៉េខាងត្បូង។ អាកាសធាតុក្តៅខ្លាំង​បាន​ធ្វើឲ្យអ្នកចូលរួមជាច្រើនរយនាក់ឈឺ សន្លប់បាត់ស្មារតី ដែលជា​ហេតុធ្វើ​ឲ្យ​អ្នករៀបចំ​អំពាវនាវ​ឲ្យ​អាជ្ញាធរកូរ៉េខាងត្បូង​កាត់បន្ថយចំនួនថ្ងៃជួបជុំក្រុមកាយឫទ្ធិលើកនេះ។

អ្នកចូលរួមនៅក្នុង​​ព្រឹត្តិការណ៍ជួបជុំក្រុមកាយឫទ្ធិ​ពិភពលោក World Scout Jamboree នៅកូរ៉េខាងត្បូង នៅថ្ងៃទី ៤សីហា ២០២៣
អ្នកចូលរួមនៅក្នុង​​ព្រឹត្តិការណ៍ជួបជុំក្រុមកាយឫទ្ធិ​ពិភពលោក World Scout Jamboree នៅកូរ៉េខាងត្បូង នៅថ្ងៃទី ៤សីហា ២០២៣ AP - Kim-yeol
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍ជួបជុំ​ក្រុមកាយឫទ្ធិ​ពិភពលោក World Scout Jamboree ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ បាន​ទាក់ទាញ​អ្នកចូលរួម​ជាង ៤៣០០០នាក់ មកពីប្រទេស ១៥០ នៅក្នុង​ពិភពលោក។ នៅថ្ងៃ សៅរ៍ អ្នករៀបចំ​បានកោះប្រជុំបន្ទាន់​ដើម្បី​រកដំណោះស្រាយ បន្ទាប់ពីអ្នកចូលរួមជាង ៦០០​នាក់​ធ្លាក់ខ្លួនឈឺ រងគ្រោះ ​ដោយសារ​អាកាសធាតុក្តៅខ្លាំង។

នៅប៉ុន្មានថ្ងៃមកនេះ នៅកូរ៉េខាងត្បូង ជាពិសេស នៅ​តំបន់ភាគនិរតីប្រទេស ដែល​មានការប្រមូលផ្តុំក្រុមកាយឫទ្ធិ​ពិភពលោក កំដៅ​សីតុណ្ហភាព​ចាប់មានពី ៣៥ ទៅ ៣៨​អង្សា សឹងជារៀងរាល់ថ្ងៃ ដែលជា​ហេតុធ្វើ​ឲ្យ​មានការទាញអាសន្ន​អតិបរមា​ស្តីពី​គ្រោះថ្នាក់ រលកកំដៅ នៅ​កូរ៉េខាងត្បូង។

នៅចំពោះមុខ​បញ្ហា​អាកាសធាតុក្តៅខ្លាំង និង​សើមធុញថប់ ចលនា​អង្គការ​កាយឫទ្ធិ​ពិភពលោក​បានទាមទារ​ឲ្យ​ភាគីកូរ៉េខាងត្បូងដែលជា​ម្ចាស់ផ្ទះ កាត់បន្ថយ​ចំនួនថ្ងៃជួបជុំក្រុមក្រុមកាយឫទ្ធិ ដែលតាមគម្រោង ចាប់ធ្វើពីថ្ងៃទី ១ រហូតដល់​ថ្ងៃទី ១២​សីហា។

ប៉ុន្តែ អ្នករៀបចំ​កូរ៉េខាងត្បូង នៅតែបន្ត​រក្សា ការជួបជុំក្រុមកាយឫទ្ធិ។ ប្រឈម​នឹង​ស្ថានការណ៍ បន្ទាន់ រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលចង់យកព្រឹត្តិការណ៍ប្រមូលផ្តុំក្រុមកាយឫទ្ធិ​ពិភពលោកដើម្បីជំរុញ​វិស័យទេសចរណ៍ បានប្រកាសផ្តល់​ជំនួយថវិកាបន្ទាន់ ជាង​៤,៦ដុល្លារ។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន សុខយោល វិញ បាន​បញ្ជា​ឲ្យគេ​បញ្ជូនរថយន្តក្រុង​មាន​ម៉ាស៊ីនត្រជាក់ ឬឡានដឹកទឹកកក​សម្រាប់​អ្នកចូលរួម​ដែលជា​យុវជន​មាន​អាយុ ពី​១៤ ទៅ ១៨ឆ្នាំ។

វិធានការ​របស់​អាជ្ញាធរកូរ៉េខាងត្បូង​នៅតែមិនអាច​បញ្ចុះបញ្ចូលអ្នករៀបចំក្រុមកាយឫទ្ធិ​បរទេស។ បន្ទាប់ពី​អង់គ្លេស ដកក្រុមកាយឫទ្ធិ​ជាង​៤០០០នាក់​ចេញពីកន្លែងប្រមូលផ្តុំ​កាលពីថ្ងៃ សុក្រ អ្នករៀបចំក្រុមកាយឫទ្ធិ​អាមេរិក បាន​ប្រកាសដកខ្លួន និង​ផ្ទេក្រុមកាយឫទ្ធិអាមេរិក​ទៅនៅ​ជំរំកងទ័ព​អាមេរិកHumphrreys ក្នុង​ខេត្តPyeongtaek ភាគខាងត្បូង ទីក្រុង​សេអ៊ូល។ អ្នកទទួលខុសត្រូវ​របស់​ក្រុមកាយឫទ្ធិ​ប៊ែលហ្ស៊ិក និង​សិង្ហបុរី​កំពុង​ពិចារណា ចាត់វិធានការ​ដូច​អាមេរិក និងអង់គ្លេស។

ក្រៅពីបញ្ហា​អាកាសធាតុក្តៅសើមខ្លាំង កាសែតក្នុងស្រុក​កូរ៉េខាងត្បូង​បាន​សរសេរបរិយាយ​ពីកង្វះអនាម័យ គ្មានទឹកបង្គន់គ្រប់គ្រាន់ និង​ការរៀបចំ​មិនបានល្អ ​ព្រោះថា ទីតាំង​បោះជំរំ​របស់​ក្រុមកាយឫទ្ធិ​ធ្វើឡើង​នៅក្នុងតំបន់ ដែលក្រ​ដើមឈើ ដើម្បីជ្រក​ពីកំដៅក្តៅ។

ម្តាយរបស់​យុវជនកាយឫទ្ធិអាមេរិកម្នាក់នៅរដ្ឋVirginia ​បាននិយាយប្រាប់​ទីភ្នាក់ងារព័ត៌មានអង់គ្លេស​Reuters ថា គាត់បានចំណាយប្រាក់​៦៥០០ដុល្លារសម្រាប់​ឲ្យកូនចូលរួមនៅក្នុង​ព្រឹត្តិការណ៍នៅកូរ៉េខាងត្បូង ប៉ុន្តែគាត់ត្រូវជួបសុបិន្តអាក្រក់ ព្រោះកូនរបស់គាត់​អាយុ​១៧ឆ្នាំដែលសន្លប់ ដោយសារ​អាកាសធាតុក្តៅខ្លាំងវិះតែនឹង​បាត់បង់ជីវិត​ដោយសារ​សកម្មភាពសង្រ្គោះយឺតយ៉ាវរបស់ក្រុមពេទ្យកូរ៉េខាងត្បូង នៅក្នុងជំរំកាយឫទ្ធិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ