អានតួអត្ថបទ
អង្គការសុខភាពពិភពលោក

អង្គការសុខភាពពិភពលោកបើកសន្និសីទលើកដំបូងស្តីពីការព្យាបាលតាមបែបបុរាណ

អង្គការសុខភាពពិភពលោក​រៀបចំជំនួបកំពូលលើកទី១​ស្តីពី​ការព្យាបាលតាមបែបបុរាណ។ សន្និសីទរយៈពេល​២ថ្ងៃរៀបចំឡើង​ នៅ​ទីក្រុង​Gandhinaga ក្នុងរដ្ឋGujaratរបស់​ប្រទេស​ឥណ្ឌា ជាទីដែល​អង្គការសុខភាពពិភពលោកបើកសម្ពោធ មជ្ឈមណ្ឌល​ព្យាបាលតាមបែបបុរាណ កាលពីឆ្នាំ ២០២២។ នៅក្នុងសន្និសីទរយៈពេល​២ថ្ងៃ អង្គការសុខភាពពិភពលោក​ត្រូវផ្តោតពិភាក្សា​លើ​ការស្វែងរកឯកសារ ភស្តុតាង និងទិន្នន័យ ដើម្បី​បើកផ្លូវទៅថ្ងៃអនាគត ឲ្យគេអាច​ប្រើប្រាស់វិធីសាស្រ្តព្យាបាលតាមបែបបុរាណ ប្រកបដោយសុវត្ថិភាព គ្មានគ្រោះថ្នាក់។

គ្រូពេទ្យបុរាណប្រើវិធីសាស្ត្រJanu Basti​ដើម្បីព្យាបាលអ្នកជំងឺឈឺជង្គង់នៅមន្ទីរពេទ្យ ជាយក្រុងAhmedabad ប្រទេស​ឥណ្ឌា
គ្រូពេទ្យបុរាណប្រើវិធីសាស្ត្រJanu Basti​ដើម្បីព្យាបាលអ្នកជំងឺឈឺជង្គង់នៅមន្ទីរពេទ្យ ជាយក្រុងAhmedabad ប្រទេស​ឥណ្ឌា AFP - SAM PANTHAKY
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការសុខភាពពិភពលោក មានមនុស្សជាច្រើនលាននាក់នៅក្នុងពិភពលោកដែលជ្រើសរើសយកការព្យាបាលតាមបែបបុរាណជាជម្រើសមុនគេបង្អស់ មុននឹងទៅរកគ្រូពេទ្យ។ ប៉ុន្តែ​សម្រាប់​អង្គការសុខភាពពិភពលោក ធម្មជាតិមិនមែនមានន័យថា សុទ្ធតែសុវត្ថិភាព ហើយការអនុវត្តជាប្រពៃណីរាប់សតវត្សរ៍មិនមែនសុទ្ធតែធានាថា មានប្រសិទ្ធិភាពនោះទេ។ គេត្រូវការចាំបាច់ការស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីបញ្ជាក់ពីប្រសិទ្ធិភាព និងសុវត្ថិភាព។

សម្រាប់​ប្រធានអង្គការសុខភាពពិភពលោក លោក តេដ្រូ ការព្យាបាលតាមបែបបុរាណអាច​ជួយបំពេញការខ្វះខាតខាងផ្នែកសេវាសុខភាព ប៉ុន្តែ វា​នឹងមានតម្លៃ ប្រសិនបើវាត្រូវបានគេអនុវត្តដោយត្រឹមត្រូវ ដោយប្រសិទ្ធិភាព ដោយផ្អែកទៅលើ​អំណះអំណាងវិទ្យាសាស្រ្ត។ ម្យ៉ាង ការសិក្សាវិទ្យាសាស្រ្តស្តីពីការព្យាបាលតាមបែបបុរាណ​ត្រូវ​គោរពតាមស្តង់ដារម៉ត់ចត់ ច្បាស់លាស់ដូច​ការសិក្សាស្រាវជ្រាវដទៃទៀតខាងផ្នែកសុខភាព។

ការស្វែងរកភស្តុតាងវិទ្យាសាស្រ្ត និងទិន្នន័យ ស្តីពីការព្យាបាលតាមបែបបុរាណ ជាគោលដៅចំបងនៃសន្និសីទអន្តរជាតិលើកដំបូង​របស់​អង្គការសុខភាពពិភពលោក ដែលកំពុងប្រព្រឹត្តទៅប្រទេស​ឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី ១៧ និង​១៨​សីហា។

តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ការព្យាបាលតាមបែបបុរាណ​ផ្តោត​ទៅលើ​ចំណេះដឹង សមត្ថភាព និងការអនុវត្តដោយយោងទៅលើទ្រឹស្តី ជំនឿ និងបទពិសោធន៍ផ្ទាល់របស់វប្បធម៌នីមួយៗ ដែលគេអាចពន្យល់ ឬ​មិនអាច​ពន្យល់បាន។ លើសពីនោះ ការព្យាបាលតាមបែបបុរាណ ជា​វិធីសាស្រ្តដែលគេប្រើដើម្បីថែរក្សាសុខភាព ក៏ដូចជា​ការបង្ការ ការរកប្រភេទជំងឺ ឬការព្យាបាលជំងឺផ្លូវកាយ និងផ្លូវចិត្ត។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា​ ម៉ូឌី ដែលត្រូវ​ថ្លែងបើកសន្និសីទរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍ធ្លាប់​ជំរុញផ្សព្វផ្សាយ ការធ្វើយោគៈ Yoga ថាជាថ្នាំព្យាបាលរោគស្ត្រេស និង​ការស្អប់គុំអ្នកដទៃ។

នៅក្នុងចំណោមប្រទេសសមាជិកទាំង​១៩៤​របស់អង្គការសុខភាពពិភពលោក មានប្រទេស​១៧០ដែលនៅប្រើការព្យាបាលតាមបែបបុរាណ។ ប៉ុន្តែ មានតែ១២៤ប្រទេស​ប៉ុណ្ណោះដែល​បង្កើតច្បាប់គ្រប់គ្រង​ការប្រើប្រាស់ថ្នាំបុរាណ។

ការព្យាបាលតាមបែបបុរាណត្រូវបាន​អនុវត្តយ៉ាងទូលំទូលាយនៅក្នុងពិភពលោក ប៉ុន្តែ ក៏ប្រឈមនឹងការរិះគន់។ ក្រៅតែពីគ្មានមូលដ្ឋានវិទ្យាសាស្រ្ត ការព្យាបាលតាមបែបបុរាណ​ក៏ជាដើមហេតុនាំឲ្យមានការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសសត្វដែលកំពុងប្រឈមនឹងការរលាយផុតពូជ ដូចជា​រមាស ពង្រូ ខ្លា និង​រុក្ខជាតិកម្រ។ ការប្រើថ្នាំបុរាណ ឬ​ការព្យាបាលតាមបែបបុរាណ​បានកើនឡើងខ្លាំង​នៅក្នុង​សម័យកូវីដ ដូចជា​ទឹកបៃតងធ្វើពីដើម artemisia ជាដើម ដែលប្រធានាធិបតីរបស់​ប្រទេសម៉ាដាហ្កាស្កាផ្សព្វផ្សាយប្រាប់ប្រជាជន​ថា ជាថ្នាំដ៏វិសិទ្ធិ ព្យាបាលជំងឺកូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ