អានតួអត្ថបទ
ថៃ-វិបត្តិនយោបាយ

ថៃ​៖ លោកថាក់ស៊ីន ប្រកាស​ចូលស្រុក​ថ្ងៃ​ទី​២២សីហា ចំថ្ងៃ​សភា​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ ដែលបាន​ភៀសខ្លួន​ទៅនៅក្រៅស្រុក ប្រមាណ​១៥ឆ្នាំមកហើយនោះ បាន​ប្រកាសថានឹងត្រឡប់​ចូលស្រុកវិញ​​ នៅថ្ងៃអង្គារ ទី​២២សីហា។ ជាការប្រកាសសន្យា បើទោះបីជាដឹងថាខ្លួន​លោក អាចនឹងរងការចាប់ខ្លួនពីសំណាក់ សមត្ថកិច្ចថៃក៏ដោយ​។ ថ្ងៃទី២២សីហា ក៏គឺជាថ្ងៃដែលសភាថៃទាំង២អង្គ នឹងបើកការប្រជុំបោះឆ្នោតជាថ្មីម្តងទៀត​ ដើម្បី​ជ្រើសតាំងនាយករដ្ឋមន្ត្រី​ ដោយ​លើកនេះ បេក្ខជន​នាយករដ្ឋមន្ត្រីគឺលោក​ សេដ្ឋា ថៈវីស៊ីន ស្នើដោយ​គណបក្សភឿថៃ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្នុងពេលផ្តល់​បទសម្ភាសន៍នៅក្រុង​ញូយ៉ក ថ្ងៃទី៩ មិនា ២០១៦
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្នុងពេលផ្តល់​បទសម្ភាសន៍នៅក្រុង​ញូយ៉ក ថ្ងៃទី៩ មិនា ២០១៦ AP - Frank Franklin II
ផ្សាយពាណិជ្ជកម្ម

គួរកត់សំគាល់ថា ជាច្រើនដងមកហើយ ដែល​មានដំណឹងលេចឮថាលោក​ថាក់ស៊ីននឹង​ត្រលប់​ចូលស្រុក តែលើកនេះ លោក​បានអះអាងប្រាប់ទូរទស្សន៍​ BBC ថៃ ថាលោក​នឹងត្រលប់ចូលស្រុកពិតមែន​។​ លោកស្រី ភែថងថាន កូនស្រីលោកថាក់ស៊ីន ហើយ​ដែលជា​តំណាងរាស្ត្រម្នាក់ក្នុង​បក្ស​ភឿថៃ បានអះអាងប្រាប់អ្នកកាសែតថា លោកស្រីនឹងទៅទទួលឪពុកលោកស្រី នៅព្រលានយន្តហោះដនមឿង ក្រុងបាងកក នៅព្រឹកថ្ងៃអង្គារទី​២២សីហា វេលាម៉ោង៩ព្រឹក​។​

បច្ចុប្បន្នមានអាយុ ៧៤ឆ្នាំ លោក​ថាក់ស៊ីន គឺជាមហាសេដ្ឋី និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ​២០០១ដល់ ឆ្នាំ​២០០៦ មុននឹងត្រូវបាន​ក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់​ពីតំណែង​។ តែយ៉ាងណា លោក​នៅតែបន្តមានប្រជាប្រិយភាពខ្លាំង ​ក្នុងចំណោមប្រជាជនថៃមួយចំនួនធំ ជាពិសេសគឺអ្នកដែលធ្លាប់គាំទ្រចលនាអាវក្រហម​របស់បក្សភឿថៃ។

គួរបញ្ជាក់ដែរថា ជាង៣ខែមកហើយ ពោលគឺក្រោយ​ការបោះឆ្នោត​តំណាងរាស្ត្រ ថ្ងៃទី​១៤ឧសភា ដែលថៃបន្តជាប់គាំងក្នុងវិបត្តិនយោបាយ​។ គណបក្ស​កាវក្លៃ ដឹកនាំដោយ​លោក ភិថា លីមចៈរឿនរ៉ាត់ បានឈ្នះ​អាសន្នៈនាំមុខគេពិតមែន តែមិនអាចឈាន​ក្លាយ​ទៅដឹកនាំរដ្ឋាភិបាលបាន​ បន្ទាប់ពី​សភាថៃបានបោះឆ្នោតបដិសេធបេក្ខភាពនាយករដ្ឋមន្ត្រីរបស់​លោកភិថា។ ក្នុងក្រសែភ្នែក​របស់​ក្រុម​សមាជិកសភា និងសមាជិកព្រឹទ្ធសភាថៃ​ ដែលស្និទ្ធនឹងក្រុមយោធាអភិរក្សនិយម និងរាជានិយមថៃ​ គឺលោកភិថា លីមចៈរើនរ៉ាត់ មានគោល​គំនិតនយោបាយ​ចម្រើននិយមជ្រុលពេក​ ដែលអាចធ្វើឲ្យរង្គោះរង្គើ ​ដល់​មូលដ្ឋានអំណាចរបស់ពួកគេ​។

យ៉ាងណាមិញ ដើម្បី​រកច្រកចេញពីវិបត្តិនេះ បក្សភឿថៃ បានសម្រេចបង្កើតសម្ព័ន្ធថ្មីជាមួយ​បក្សមួយចំនួន ក្នុងនោះមាន​បក្សដែល​ស្និទ្ធនឹង​ក្រុមយោធាអភិរក្សនិយម​ផងដែរ​​ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ហើយ​បានផាត់ចោលគណបក្សកាវក្លៃរបស់​លោកភិថា ឲ្យក្លាយជាបក្សប្រឆាំង​។ បក្សភឿថៃ សង្ឃឹមថាកម្រោងថ្មីនេះ នឹងអាច​ធ្វើឲ្យសភាថៃ យល់ព្រមទទួលយកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់​លោក សេដ្ឋា ថៈវីស៊ីន។ តែសម្រាប់អ្នកគាំទ្របក្សកាវក្លៃ និងអ្នកគាំទ្របក្សភឿថៃមួយជំនួន គឺបក្សភឿថៃបានក្បត់សំដីខ្លួនឯង ដែលធ្លាប់​បានសន្យាកាលពីពេលឃោសនាបោះឆ្នោតថា “ទោះជាយ៉ាងណាក៏​បក្សភឿថៃ មិនទៅចងសម្ព័ន្ធភាព ​ជាមួយ​ក្រុមយោធាដែលធ្វើរដ្ឋប្រហារជាដាច់ខាត”​។​

សំណួរសួរថា តើ​វត្តមានចូលស្រុកវិញរបស់​លោក​ថាក់ស៊ីន ដែលជាស្ថាបនិកបក្សភឿថៃ អាចនឹងធ្វើឲ្យ​ប្រែប្រួលយ៉ាងណា ដល់​បរិបទនយោបាយថៃ នាពេលនេះ?

យោងតាមការវិភាគខ្លះ គឺលោកថាក់ស៊ីន អាចប្រហែលជាបានទទួលការធានាការពារ ពីក្រុមយោធាអភិរក្សនិយម ទើបបានជាសម្រេចចិត្តចូលស្រុកវិញបែបនេះ។ លោកបណ្ឌិត Jade Donavanik អ្នកវិភាគនយោបាយ​ថៃម្នាក់ បានលើកឡើងថា រវាងជម្រើសដែលមានតែ​២ចំពោះមុខ គឺក្រុមយោធាថៃ​ ប្រាកដជារើសយកជម្រើសដែលមិនប្រឆាំងនឹងខ្លួនខ្លាំងពេក ពោលគឺរើស​យក​បក្សភឿថៃ ជាជាងបក្ស​កាវក្លៃ។​ ដូចគ្នាដែរ​ លោកស្រី Korakot Sangyenpan អ្នកវិភាគនៅ​ក្រុមស្រោចស្រង់ប្រជាធិបតេយ្យថៃ បាន​លើកឡើងថា ក្មេងជំនាន់​ក្រោយ​បែប​មិនសូវស្គាល់​លោកថាក់ស៊ីន ពិតមែន តែសម្រាប់​ក្រុមយោធា​​អភិរក្សនិយម គឺវត្តមានរបស់​លោកថាក់ស៊ីន អាចជាក្តីសង្ឃឹមថ្មី ដើម្បី​ទប់​កុំឲ្យ​មាន​ការផ្លាស់ប្តូរ​ក្រឡាប់ចាក់ ខ្លាំងជ្រុលហួសហេតុពេក បើប្រៀបធៀបទៅនឹង​​​អ្វី ដែលលោកភិថា លីមចៈរើនរ៉ាត់ ចង់​ធ្វើកំណែទម្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ