អានតួអត្ថបទ
ថៃ-វិបត្តិនយោបាយ

សភាថៃបោះឆ្នោតយល់ព្រម ​តែងតាំងលោក សេដ្ឋា ថៈវីស៊ីន ធ្វើជានាយករដ្ឋមន្ត្រីថ្មី

សភាថៃទាំង២អង្គ បានបើកសម័យ​ប្រជុំ នៅថ្ងៃទី​២២សីហា ដើម្បីបោះឆ្នោតលើបេក្ខភាពនាយករដ្ឋមន្ត្រីស្នើដោយ​គណបក្សភឿថៃ គឺលោក សេដ្ឋា ថៈវីស៊ីន។ លទ្ធផល​បោះឆ្នោតបានបង្ហាញថា ក្នុងចំណោមសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា មានវត្តមាន​ទាំងអស់៧៤៧នាក់  គឺបេក្ខភាពលោកសេដ្ឋា ថៈវីស៊ីន បានទទួលសំឡេងឆ្នោតគាំទ្រ ចំនួន៤៨២ ដែលក្នុងនោះមានសំឡេងឆ្នោតសមាជិកសភា ៣៣០ និងសមាជិកព្រឹទ្ធសភា ១៥៣។ ចំណែក​សំឡេងឆ្នោតប្រឆាំង​ មានចំនួន​១៦៥ និងអនុប្បវាទ ចំនួន៨១។

លោកសេដ្ឋា ថៈវីស៊ីន បេក្ខជននាយករដ្ឋមន្ត្រីស្នើដោយ​បក្សភឿថៃ ញញឹម​ក្រោយត្រូវបាន​សភាថៃ បោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រី​។ បាងកក ថ្ងៃទី ២២​សីហា២០២៣​
លោកសេដ្ឋា ថៈវីស៊ីន បេក្ខជននាយករដ្ឋមន្ត្រីស្នើដោយ​បក្សភឿថៃ ញញឹម​ក្រោយត្រូវបាន​សភាថៃ បោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រី​។ បាងកក ថ្ងៃទី ២២​សីហា២០២៣​ REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

តាមរយៈលទ្ធផលនេះ លោកសេដ្ឋា ថៈវីស៊ីន នឹងក្លាយជា​នាយករដ្ឋមន្ត្រីថ្មី នៃរដ្ឋាភិបាល​ថៃ។ ជារដ្ឋាភិបាលចម្រុះ ដែល​គណបក្សភឿថៃ បានរៀបចំបង្កើតសម្ព័ន្ធភាព ជាមួយ​គណបក្សមួយចំនួន​ទៀត ក្នុងនោះមានគណបក្ស ដែលស្និទ្ធនឹង​ក្រុមយោធាអភិរក្សនិយមថៃផងដែរ។ ដោយឡែក បក្សកាវក្លៃ ដែលជាបក្សឈ្នះបាន​អាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសភាថ្ងៃទី​១៤ឧសភា ត្រូវគេផាត់ចេញឲ្យនៅក្រៅរដ្ឋាភិបាល ហើយក្លាយជាបក្សប្រឆាំងនៅក្នុងសភា។

សូមរំលឹកថា កាលពីពេលឃោសនាបោះឆ្នោត គណបក្សភឿថៃ ដែលបានទទួលចំនួន​អាសនៈលំដាប់ទី២​បន្ទាប់ពីបក្ស​កាវក្លៃ បានសន្យាថាទោះជាយ៉ាងណា ខ្លួននឹងមិនទៅចូលរួមចាប់ដៃជាមួយ​ក្រុមយោធា​របបសិក ដែលបានធ្វើរដ្ឋប្រហារជាដាច់ខាត។ តែទីបំផុត បក្សភឿថា បាន​សម្រេចបោះបង់ចោល បក្ស​កាវក្លៃ របស់លោកភិថា លីមចៈរើនរ៉ាត់​ ហើយ​បាន​ងាកទៅ​បង្កើតសម្ព័ន្ធភាព​ជាមួយ​ក្រុមយោធា។​

លោក សេដ្ឋា ថៈវីស៊ីន អ្នកជំនួញអចលនទ្រព្យ មានឈ្មោះល្បី វ័យ៦០ឆ្នាំ បានចូលប្រឡូកក្នុងឆាកនយោបាយ ដោយ​បានចូលរួម​ជាមួយបក្សភឿថៃ នៅខែតុលាឆ្នាំ២០២២។ លោក​ត្រូវគេស្គាល់ ថាគឺជាមនុស្សស្និទ្ធស្នាលបំផុត ជាមួយ​ក្រុមគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ។ យ៉ាងណាមិញ សម្ព័ន្ធភាពរដ្ឋាភិបាល​ចម្រុះ ដែលបក្សភឿថៃ បានយល់ព្រមធ្វើជាមួយ​ក្រុមគណបក្សស្និទ្ធនឹងក្រុមយោធាថៃនេះ​ ត្រូវបាន​អ្នកវិភាគខ្លះ ជឿថា គឺជា​យុទ្ធសាស្ត្ររកវិធី ដើម្បី​ឲ្យ​លោក ថាក់ស៊ីន អាចត្រឡប់ចូលស្រុកវិញ​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលចម្រុះនេះ នឹងអនុញ្ញាតឲ្យ​ក្រុមយោធាអភិរក្សនិយមថៃ អាចបន្តរក្សាការពារអំណាចខ្លួន​ឲ្យ​នៅដដែល​។

សូមបញ្ជាក់ដែរថា នៅព្រឹក​ថ្ងៃអង្គារទី​២២សីហា ស្របពេលដែលសភាកំពុងប្រជុំបោះឆ្នោតជ្រើសតាំង​លោកសេដ្ឋា​ ថៈវីស៊ីន លោកថាក់ស៊ីន បានធ្វើដំណើរទៅដល់ក្រុងបាងកក ហើយត្រូវបាន​សមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន​ភ្លាមៗដែរ​ ទៅតាមដីកាបង្គាប់របស់តុលាការ​។ លោកសាស្ត្រាចារ្យ​ Aaron Connelly នយោបាយវិទូ បាន​លើកឡើងថា សម្ព័ន្ធភាពរវាងបក្សភឿថៃ និងក្រុមយោធារាជានិយមថៃ មានលក្ខណៈផុយស្រួយខ្លាំងណាស់។ អ្វីដែល​បក្សភឿថៃ រំពឹងរងចាំ​ គឺការប្រោសព្រះរាជទានទោសជូន​លោកថាក់ស៊ីន ពីសំណាក់ព្រះមហាក្សត្រថៃ។ ប្រសិន​បើ​លោកថាក់ស៊ីន នឹងមិនត្រូវបានលើកលែងទោសទេនោះ មានន័យថា សម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះ រវាងបក្សភឿថៃ និងក្រុមបក្ស​យោធារាជានិយមថៃ អាចនឹងត្រូវបែកបាក់ប្រេះស្រាំជាក់ជាមិនខាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ