អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថានសង្រ្គោះដោយជោគជ័យមនុស្ស​៨នាក់ដែលជាប់គាំងក្នុងទូខ្សែកាបដឹកអ្នកដំណើរឆ្លងកាត់ភ្នំ

នៅក្រោយប្រតិបត្តិសង្រ្គោះយ៉ាងស្វិតស្វាញអស់ជាច្រើនម៉ោង កងកុម្ម៉ង់ដូរប៉ាគីស្ថានបានសង្រ្គោះមនុស្ស​៨នាក់ ដែលជាប់គាំង​ក្នុង​ទូខ្សែកាប ដឹកអ្នកដំណើឆ្លងកាត់ភ្នំ។ សិស្សសាលា​៦នាក់ ស្ថិតក្នុងចំណោមមនុស្ស​ដែល​ទាហាន​ប៉ាគីស្ថាន​បានសង្រ្គោះ នៅយប់​ថ្ងៃ​អង្គារ​ទី ២២ សីហា។ ​នៅក្នុងសារ​នៅលើបណ្តាញសង្គម​X នាយករដ្ឋមន្រ្តីស្តីទីប៉ាគីស្ថាន លោកអាន់វារ អុល ហាក កាការ សរសេរ​សរសើរ ការងាររបស់​ក្រុមជួយសង្រ្គោះ ដែលលោកចាត់ទុក​ជា​វីរជន​របស់ប្រទេសជាតិ។

មនុស្ស​៨នាក់ ដែលមានសិស្សសាលា​៦នាក់​ជាប់គាំង​ក្នុង​ទូខ្សែកាប ដឹកអ្នកដំណើឆ្លងកាត់ភ្នំ ក្នុងប្រទេស​ប៉ាគីស្ថាន ថ្ងៃអង្គារទី ២២​សីហា ២០២៣
មនុស្ស​៨នាក់ ដែលមានសិស្សសាលា​៦នាក់​ជាប់គាំង​ក្នុង​ទូខ្សែកាប ដឹកអ្នកដំណើឆ្លងកាត់ភ្នំ ក្នុងប្រទេស​ប៉ាគីស្ថាន ថ្ងៃអង្គារទី ២២​សីហា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការជួយសង្រ្គោះ​មនុស្ស​៨នាក់​ដែល​ជាប់គាំង​ក្នុង​ទូខ្សែកាប​ឆ្លងកាត់ភ្នំ ជាច្រើនម៉ោង ចាប់ផ្តើម​ឡើង​នៅរសៀល​ថ្ងៃ​អង្គារ នៅជ្រលងភ្នំ​មួយ ភាគខាងជើង​ប្រទេស​ប៉ាគីស្ថាន។

នៅព្រឹកថ្ងៃ​អង្គារ ទូខ្សែកាប​ដឹក​សិស្សសាលា​៦នាក់ និងមនុស្ស​ធំ​២នាក់ ត្រូវជាប់គាំង ព្យួរបន្តោងយោលយោក នៅក្នុងកំពស់ ៣៥០ម៉ែត្រ​ពីដី ដោយសារ​តែ​ខ្សែរ៉ក​មួយ​ខូចមិនដំណើរការ។ បន្ទាប់ពី​ទទួល​សញ្ញា​ស្រែករកជំនួយ​ពីប្រជាជន​នៅក្នុងភូមិ ឧទ្ធម្ភាគចក្រ​របស់​កងទ័ពប៉ាគីស្ថាន​បាន​ធ្វើដំណើរ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សណ្តោងជួយសង្រ្គោះ​សិស្សសាលា​១នាក់ដំបូងគេ។ ប្រតិបត្តិការជួយសង្រ្គោះតាម​ឧទ្ធម្ភាគចក្រ​ត្រូវ​ផ្អាក​ទៅវិញ ដោយសារ​លក្ខខណ្ឌអាកាសធាតុ​មិន​ល្អ។

តាម​កងទ័ពប៉ាគីស្ថាន បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ត្រលប់ចូល​មូលដ្ឋានទ័ព កងកុម្ម៉ង់ដូរ​ប៉ាគីស្ថាន​បន្ត​ប្រតិបត្តិការ​ជួយសង្រ្គោះ តាមរយៈ​ការចងខ្លួន​អូស​តាមខ្សែរ៉ក ទៅសណ្តោង​មនុស្ស​៧នាក់​ដែល​នៅ​សល់​ពីក្នុង​ទូខ្សែកាប។

ប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សពីក្នុងទូខ្សែកាប​ធ្វើឡើង​នៅក្រោម​ក្រសែភ្នែកតាមដាន និងការបន់ស្រន់​របស់ក្រុមគ្រួសារ និងអ្នកភូមិ។ នៅក្រោយមនុស្ស​ធំពីរនាក់​ចុងក្រោយ​គេ​ត្រូវ​អមសណ្តោងមក​ដល់កន្លែងសុវត្ថិភាព គេលឺសំឡេង​ទះដៃ​ស្រែក​អបអរ​របស់​ប្រជាជន ដែលបាន​បន់ស្រន់ និងតាមដានមើល​ដំណើរការជួយសង្រ្គោះ ដោយ​មិនដាក់ភ្នែក។

អម​ដោយ​មនុស្ស​ធំ​២នាក់ យុវជន​សិស្ស​សាលា​៦នាក់ បាន​ឡើង​ជិះ​ទូខ្សែកាប សំដៅសាលារៀន​របស់ពួកគេ ដែល​ស្ថិតនៅ​ម្ខាងទៀត​នៃជ្រលងភ្នំ។ តាម​នាយកសាលា ក្មេងប្រុសខាងលើ រស់នៅក្នុងភូមិ ក្នុង​តំបន់​ភ្នំ​ដែលគ្មាន​ផ្លូវ ស្ពាន។ ដើម្បី​ធ្វើដំណើរ ទៅសាលារៀន អ្នកភូមិ​បានប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដើម្បី​តបណ្តាញខ្សែកាប សម្រាប់​សណ្តោងទូ​ដឹកសិស្ស​សាលា និងអ្នកភូមិ​ឆ្លងកាត់ជ្រលងភ្នំ។ នៅ​ប៉ាគីស្ថាន​មធ្យោបាយធ្វើដំណើរ​តាម​ទូខ្សែកាប សំបូរ​មានច្រើន ជាពិសេស នៅ​តំបន់ភ្នំ។ នៅ​ឆ្នាំ ២០១៧ មនុស្ស​១០នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ដាច់​ទូខ្សែកាប នៅក្បែររដ្ឋធានី​អ៊ីស្លាម៉ាបាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ