អានតួអត្ថបទ

មហាសេដ្ឋីអចលនទ្រព្យ លោក សេដ្ឋា ថៈវីស៊ីន​ក្លាយជា​នាយករដ្ឋមន្រ្តី​ទី​៣០​របស់ថៃ

មួយ​ថ្ងៃ​ក្រោយ​សភា​ទាំងពីរអង្គ​បោះឆ្នោតជ្រើសរើស​លោកសេដ្ឋា ថៈវីស៊ីន​ជា​នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ា ឡុងកុន​នៅថ្ងៃ​ពុធទី ២២​សីហា បាន​ឡាយព្រះហសត្ត​គាំទ្រ​លោក​សេដ្ឋា ថៈវីស៊ីន​ឲ្យធ្វើជា​នាយករដ្ឋមន្រ្តីទី​៣០​របស់​រាជាណាចក្រថៃ។ តាម​អ្នកនាំពាក្យ​របស់​សភាថៃ នៅបន្ទាប់ពីព្រះរាជលិខិត​របស់​ព្រះមហាក្សត្រ ត្រូវ​អាន​ជាផ្លូវការ នៅគណបក្ស​ភឿថៃ​នៅម៉ោង​៦​យប់​ នៅក្រុង​បាងកក មហាសេដ្ឋីក្រុមហ៊ុន​អចលនទ្រព្យ លោក សេដ្ឋា ថៈវីស៊ីន​នឹង​ក្លាយជា​នាយករដ្ឋមន្រ្តីថៃ​ជាផ្លូវការ ដែលជា​ការបិទបញ្ចប់​ភាពជាប់គាំងនយោបាយជាង៣ខែ​នៅប្រទេស​ថៃ។ ជា​មហាសេដ្ឋីក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុន​គេ​នៅប្រទេស​ថៃ លោក​សេដ្ឋា ថៈវីស៊ីន​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីថៃ ទាំង​គ្មានបទពិសោធន៍​ធ្វើនយោបាយ ប៉ុន្តែ លោកបានសន្យា​កែលម្អជីវភាពរស់នៅរបស់ប្រជាជនថៃ។ តើ​លោក​សេដ្ឋា ថៈវីស៊ីន​មានប្រវត្តិបែបណា?

ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ា ឡុងកុន​នៅថ្ងៃ​ពុធទី ២២​សីហា បាន​ឡាយព្រះហសត្ត​គាំទ្រ​លោក​សេដ្ឋា ថៈវីស៊ីន​ឲ្យធ្វើជា​នាយករដ្ឋមន្រ្តីទី​៣០​របស់​រាជាណាចក្រថៃ។
ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ា ឡុងកុន​នៅថ្ងៃ​ពុធទី ២២​សីហា បាន​ឡាយព្រះហសត្ត​គាំទ្រ​លោក​សេដ្ឋា ថៈវីស៊ីន​ឲ្យធ្វើជា​នាយករដ្ឋមន្រ្តីទី​៣០​របស់​រាជាណាចក្រថៃ។ REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

កើតនៅថ្ងៃទី ១៥​កុម្ភៈ ឆ្នាំ ១៩៦៣​ក្នុង​ត្រកូលគ្រួសារ​អ្នកមានខ្លាំង​នៅប្រទេស​ថៃ លោក​សេដ្ឋា ថៈវីស៊ីន មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែករដ្ឋបាល​ធរុកិច្ច MBA ពី​សកលវិទ្យាល័យ​Claremont នៅសហរដ្ឋអាមេរិក។ លោកបានចូលរួម​ក្នុង​ក្រុមហ៊ុន​គ្រួសារ​របស់​លោក ឈ្មោះ សានស៊ីរី ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យនាំមុខ​មួយ នៅប្រទេស​ថៃ ជាមួយទ្រព្យសម្បត្តិសរុប ២៩០០លាន​ដុល្លារ។ ក្រោមការដឹកនាំ​របស់​លោកសេដ្ឋា ថៈវីស៊ីន ដែលមាននាទីជា​ប្រធាន និង​នាយកប្រតិបត្តិ ក្រុមហ៊ុនសានស៊ីរី​រកបានប្រាក់ចំណេញ ១១៧លានដុល្លារ នៅ​ឆ្នាំ ២០២២។

លោកសេដ្ឋា ថៈវីស៊ីន​បានក្លាយជា​នាយករដ្ឋមន្រ្តី នៅបន្ទាប់ពី​ប្រលូកចូលក្នុង​នយោបាយ ពោល​ជា​សមាជិក​របស់​បក្សភឿថៃ បានរយៈពេល ៩ខែប៉ុណ្ណោះ។ នៅ​ខែ​មីនា​ដើមឆ្នាំ នេះ គណបក្ស​ភឿថៃ​បាន​តែងតាំង​លោកសេដ្ឋា ថៈវីស៊ីន​ជា​ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច​របស់​លោកស្រីភេថងថាន កូនស្រី​របស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជា​ប្រធានបក្ស​ភឿថៃ។

បន្ទាប់បក្សភឿថៃ ជ្រើសរើស​លោក​ជា​បេក្ខជន​នាយករដ្ឋមន្រ្តីម្នាក់ក្នុង​ចំណោម​បេក្ខជន​៣ របស់​បក្ស លោកសេដ្ឋា ថៈវីស៊ីន​បាន​លាចេញពីមុខតំណែង​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​សានស៊ីរី និង​ប្រកាស​ផ្ទេរលក់ភាគហ៊ុន​របស់លោក តម្លៃ ៣៥លានដុល្លារឲ្យក្រុមហ៊ុន​របស់​កូនស្រី។ យ៉ាងណាក៏ដោយ បន្ទាប់ពី​បក្សភឿថៃ ប្រកាសដាក់ឈ្មោះលោកជាបេក្ខជន​នាយករដ្ឋមន្រ្តី លោកសេដ្ឋា ថៈវីស៊ីន​និង​ក្រុមហ៊ុន​អចលនទ្រព្យសានស៊ីរី​របស់លោក​បាន​រងការចោទប្រកាន់​ពីការគេចពន្ធរដ្ឋ និងលាងលុយកខ្វក់។ ការចោទប្រកាន់ដែល​លោកសេដ្ឋា ថៈវីស៊ីន និងក្រុមហ៊ុន​សានស៊ីរីទាត់ចោលដាច់អហង្កា។

មានអាយុ ៦០ឆ្នាំ និង​ខ្ពស់ត្រដែត ១ម៉ែត្រ ៩០ លោកសេដ្ឋា ថៈវីស៊ីនជា​អ្នកគាំទ្រក្រុម​កីឡាករបាល់ទាត់ះអង់គ្លេសLiverpool យ៉ាងចេញមុខ។ នៅក្នុង​សារលើបណ្តាញសង្គម Tiktok ដែល​បណ្តាញពេញនិយម​របស់​យុវជន​ថៃ លោកសេដ្ឋា ថៈវីស៊ីន ព្យាយាមទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង ដោយ​ថា លោក​ជាអ្នកគាំទ្រចូលចិត្ត​កីឡាបាល់ទាត់ និងជាអ្នកនយោបាយ។ ក្នុងកីឡាបាល់ទាត់ គេមិនអាចលេងតែម្នាក់ ដូច្នេះ គេត្រូវការគ្នា​ជាក្រុម ក៏ដូចជា​លោកដែលត្រូវការការចូលរួម​របស់ប្រជាជនថៃ។

ធ្លាប់ជា​អ្នករិះគន់យ៉ាងចេញមុខ ​រដ្ឋាភិបាល​យោធា​របស់​លោកប្រាយុទ្ធ ចាន់អូចា ជាពិសេសក្នុងរឿង​គ្រប់គ្រង​វិបត្តិកូវីដមិនបានល្អ​ លោកសេដ្ឋា ថៈវីស៊ីន​ធ្លាប់​បាន​សន្យា​អនុវត្ត​គោលនយោបាយ​ដែល​ជំរុញ​ការអប់រំ លុបបំបាត់វិសមភាពសង្រគម កាត់បន្ថយ គម្លាត​រវាង​អ្នកមាន និងអ្នកក្រ ជំរុញសិទ្ធិរបស់មនុស្ស​ស្រឡាញ់ភេទដូចគ្នា។ នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន័អាមេរិក កាលពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក​សេដ្ឋា​ថៈវីស៊ីនធ្លាប់និយាយ​ថា នៅក្នុង​រយៈពេល​១០០ថ្ងៃ​នៃការចូលកាន់តំណែង​ លោកនឹង​ផ្តោតមុនដំបូងគេ​លើបញ្ហាទំនិញឡើងថ្លៃ បិទបញ្ចប់កាតព្វកិច្ចយោធា ប៉ុន្តែ មិនប៉ះពាល់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ ដូច​ការសន្យា​របស់​គណបក្ស ចម្រើននិយម បក្ស​កាវក្លៃ របស់លោក​ភិថា លីមចៈរើនរ៉ាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ