អានតួអត្ថបទ
ជម្លោះចិនតៃវ៉ាន់

អាមេរិកថាការបិទខ្ទប់តៃវ៉ាន់នឹងធ្វើឱ្យចិនជួបគ្រោះធំ

នៅចំពោះ​មុខ​សភា​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ការពារជាតិ​អាមេរិកបាន​អះអាង​ថា​ ករណី ចិនចង់​ក្រសោប​យក​តៃវ៉ាន់​ ដោយប្រើអន្តរាគមន៍​យោធា គឺពុំងាយដូចគិតទេ ពោលគឺនឹងជួបភាពស្មុគស្មាញ​ខ្លាំង​ណាស់។ ​ផ្ទុយទៅវិញ ​ប៉េកាំង​​អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​យោបាយបិទ​ខ្ទប់​ដើម្បី​បន្ថប់​កោះ​តៃវ៉ាន់​។ តែការ​បិទ​ខ្ទប់​តៃ​វ៉ាន់​បែបនេះ ក៏​នឹង​ធ្វើ​ឱ្យ​ចិន​ជួប​គ្រោះ​ធំ​ដែរ។

អាមេរិកថាការបិទខ្ទប់តៃវ៉ាន់នឹងធ្វើឱ្យចិនជួបគ្រោះធំ
អាមេរិកថាការបិទខ្ទប់តៃវ៉ាន់នឹងធ្វើឱ្យចិនជួបគ្រោះធំ © AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

យុទ្ធ​សាស្ត្រ​​បិទ​ខ្ទប់ដើម្បី​ក្រសោប​យក​​​តៃវ៉ាន់​ ​មិន​អាចសម្រេច​​ជោគជ័យបាន​ទេ តែ​​អាច​នឹង​ធ្វើ​ឱ្យ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​ត្រូវ​ប្រឈម​នឹងចំណោទ​ដ៏​តានតឹង​មហិមាមួយ។ ​តើ​​ប៉េកាំងពិត​ជា​​ត្រៀមនឹង​​វាយប្រហារ​នាវា​ដឹក​ទំនិញ​នានា​ឬ ? នេះ​ជា​ទស្សនៈ​របស់អនុ​រដ្ឋមន្ត្រី​​នៃក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner នៅ​ចំពោះ​មុខ​គណៈកម្មការ​យោធា​នៃ​សភាជាតិ​​អាមេរិក។ សម្រាប់​លោក​Ratner ការ​បិទ​ខ្ទប់​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​សហគមន៍​អន្តរជាតិ​ដែល​ច្បាស់​ជាមិន​នៅ​ស្ងៀមឡើយ​ និងជាអ្វីដែល ​ប៉េកាំងទំនង​​ចង់ចៀសវាង​ឱ្យ​បាន។

នាយករង​ផ្នែក​យុទ្ធសាស្ត្រ​ ផែនការ​និង​នយោបាយ​​របស់​ទីបញ្ជាការ​ដ្ឋាន​អន្តរយោធា​ លោក​ឧត្តមសេនីយ៍​ Joseph McGee ក៏​យល់​ឃើញ​ដូច​គ្នា​ថា ការ​បិទ​ខ្ទប់​ អាច​ជា​ជម្រើសយុទ្ធសាស្ត្រ​មួយ​របស់​ចិន​ ​តែ​មិនមែនជា​ជម្រើស​​យោធាដែល​ទំនង​ខ្លាំង​ទេ។ និយាយ​វា​ស្រួល​ជាង​ធ្វើ​។ តៃវ៉ាន់​ជាកោះ​ខណ្ឌ​ចែក​ពី​ទ្វីប​(ចិន​ដ៏​គោក) ដោយ​សមុទ្ទ​ និង​ស្ថានភាព​ភូមិសាស្ត្រ​កោះ​ជា​​ភ្នំ ដែល​រារាំង​មិន​ឱ្យ​ទាហាន​ចិន​ចូល​វាយលុក​យក​បាន​ដោយ​ស្រួលៗ​ឡើយ។

ដើម្បី​វាយយក​តៃវ៉ាន់ ចិន​ត្រូវ​ប្រមូល​កម្លាំង​ទាហាន​រាប់សិប​​ពាន់​នាក់​ ឬអាច​ដល់​រាប់​សិប​ម៉ឺន​នាក់ នៅ​លើ​ឆ្នេរ​ខាង​កើត​ប្រទេស ដែល​អាច​ផ្តល់​សញ្ញា​ឱ្យ​ឃើញ​ច្បាស់​ថា​ចិន​ត្រៀម​បើក​យុទ្ធនាការ​យោធា។ ឯ​ប្រតិបត្តិការ​របស់​កង​រថក្រោះ​មុជទឹក​អម​ដោយ​ការ​វាយប្រហារ​តាម​​ផ្លូវអាកាសស្មុគស្មាញ​ខ្លាំងណាស់។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ជំនាញ​អាមេរិកដដែល។​​​​

ប៉េកាំង​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​​ខេត្ត​មួយ​របស់​ខ្លួន​ដែលត្រូវ​ចាប់​​បង្រួបបង្រួម​ចូល​ក្នុង​ប្រទេស​វិញ​​នៅ​ថ្ងៃ​ណា​មួយ ដោយ​ប្រើ​កម្លាំង​ផង​បើ​ចាំបាច់។ រហូត​មក​ទល់​នឹង​​​​បច្ចុប្បន្ន​នេះ​ អាមេរិកសន្និដ្ឋានថា​ ពេល​វេលា​ដែល​​ប៉េកាំងអាច​នឹង​ធ្វើ​​អន្តរាគមន៍​យោធា​ក្រសោប​យក​តៃវ៉ាន់គឺ​​នៅម្តុំ​​ឆ្នាំ​២០២៧។

ថ្មីៗ​កន្លង​មក​នេះ​ ចិន​បាន​បង្កើន​សមយុទ្ធ​​បែប​ឡោម​ព័ទ្ធ​កោះ​និង​បញ្ជូន​យន្តហោះ​នាវា​ចម្បាំង​រំលោភ​ចូល​ដែន​ទឹក​និង​អាកាស​តៃវ៉ាន់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ កាលពី​ថ្ងៃ​ចន្ទ​តៃប៉ិ​បាន​រាយការណ៍​ថា​ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ មានយន្តហោះ​ចិន​ជាង​មួយ​គ្រឿង​បាន​ហោះ​ឆ្វែល​ព័ទ្ធ​កោះ​តៃវ៉ាន់។ សម្រាប់​អាជ្ញាធរ​តៃវ៉ាន់​នេះ​សកម្មភាព​រំលោភ​បំពាន​ចិន​​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ។ នៅ​សប្តាហ៍​មុន​ ចិន​ក៏បាន​បញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​ ​មក​សម្ញែង​កម្លាំង​ដាក់​តៃវ៉ាន់​​ក្នុង​ចំនួន​ដ៏​ច្រើន​ជា​លំដាប់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ