អានតួអត្ថបទ
វិបត្តិប្រជាធិបតេយ្យថៃ

ថៃ៖ សកម្មជនប្រជាធិបតេយ្យម្នាក់ទទួលទោសជាប់ពន្ធនាគារបួនឆ្នាំពីបទប្រមាថព្រះមហាក្សត្រ

នៅថ្ងៃអង្គារ​ទី ២៦​កញ្ញា​២០២៣​នេះ តុលាការ​ថៃ​បាន​សម្រេច​ដាក់​​ទោស​សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។ ថៃ​ជា​ប្រទេស​ដែល​មាន​ច្បាប់ការពារ​​ព្រះ​មហាក្សត្រ​យ៉ាង​តឹង​តែង​ជាង​គេ​បំផុត​មួយ​។ យុវជន​ថៃជំនាន់​ក្រោយ​កាន់​តែ​ច្រើនឡើងៗ​​ទាមទារ​ឱ្យ​ធ្វើ​កំណែទម្រង់​ច្បាប់​នេះ​​ តែ​មិន​សម្រេច។

ថៃ៖ សកម្មជនប្រជាធិបតេយ្យម្នាក់ទទួលទោសជាប់ពន្ធនាគារបួនឆ្នាំពីបទប្រមាថព្រះមហាក្សត្រ
ថៃ៖ សកម្មជនប្រជាធិបតេយ្យម្នាក់ទទួលទោសជាប់ពន្ធនាគារបួនឆ្នាំពីបទប្រមាថព្រះមហាក្សត្រ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ជា​មេធាវី​អាយុ​៣៩​ឆ្នាំ លោក ​Anon Nampa ត្រូវមាន​​ទោស​​ជាប់ពន្ធនាគារ​បួន​ឆ្នាំ​ ពី​បទ​បាន​ធ្វើ​សុន្ទរកថា នៅចំពោះ​មុខ​បាតុករ​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឱ្យ​ថៃធ្វើ​កំណែទម្រង់​របប​រាជានិយម។ នេះជា​បទ​ចោទ​ប្រកាន់​មួយ​ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ទាំង​១៤​ ក្នុង​សំណុំ​រឿងចោទ​ប្រកាន់​ពី​បទ​​ប្រមាថ​ព្រះមហាក្សត្រ​របស់​Anon Nompa ដែល​ត្រូវ​បង់​ពិន័យ​ជា​ប្រាក់​ចំនួន​២ម៉ឺន​បាត​ទៀត​ពី​បទ​រំលោភច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ទប់​ស្កាត់​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩។

ពេល​មក​ដល់​​តុលាការ ​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​រូប​នេះ បាន​អះអាង​​ថា លោកសុខចិត្ត​បូជា​សេរីភាព​ ទោះ​ត្រូវ​​ជាប់​ពន្ធនាគារច្រើន​ឆ្នាំ​ក៏មិន​ថ្វី​ ព្រោះ​តាំងពី​ឆ្នាំ​២០២០មក​ ​​ថៃ​បាន​ប្តូរផ្លាស់នយោបាយ​ច្រើន។ នៅ​ចំពោះ​មុខ​​អ្នក​សារព័ត៌មាន និង​សកម្មជន​គាំទ្រ​ជា​ច្រើននាក់​ លោក​បាន​ថែម​ទាំង​លើក​ម្រាម​ដៃ​បី ជា​សញ្ញាប្រឆាំង​នឹង​រាជា​និយម​ទៀតផង។​

“ជា​ថ្ងៃ​ដ៏​អួរ​អាប់​​សម្រាប់​យុត្តិធម៌​” នេះ​ជា​ប្រតិកម្ម​របស់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ សម្រាប់​អង្គការ​Amnesty International​វិញ​ ការ​ចោទ​ប្រកាន់​សកម្មជន​ប្រជាធិបតេយ្យ​នេះ ជា​មរតក​ដ៏អាម៉ាស​​របស់​រដ្ឋាភិបាល​ចាស់​ដែ​លផ្តុំ​ទៅ​ដោយ​ក្រុម​យោធា​ និង​ដែល​ត្រូវ​ដោះស្រាយ​ដោយ​រដ្ឋាភិបាល​ថ្មី។ ឯ​ចំណែក​សាល​ក្រម​ថ្ងៃ​នេះជា​សាក្សី​ថ្មី​បញ្ជាក់​ថា​សេរីភាព​នៃ​ការបញ្ចេញ​មតិបាន​​រលត់​រលាយ​បាត់​ហើយ​នៅ​ថៃ​។

តាំងពី​ផ្ទុះ​បាតុកម្ម​ទាមទារ​ការ​ធ្វើ​កំណែទម្រង់​របប​រាជានិយមនៅ​ឆ្នាំ​២០២០មក​ មាន​សកម្មជន​ប្រជាធិបតេយ្យជាង​២០០​នាក់ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។​​ មាត្រា​១១២​​​ ដែល​ថៃ​ស្គាល់​យ៉ាង​ច្បាស់​ជាង​គេ​នោះ អាច​ដាក់​ទោសជន​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​និង​ក្រុមគ្រួសាររាជវង្ស​​ឱ្យ​ជាប់​ពន្ធនាគារ​ដល់ទៅ​១៤​ឆ្នាំ​ តែ​ក៏​ត្រូវ​បាន​ក្រុម​យោធា​កាន់​អំណាច​ប្រើ​សម្រាប់​បង្ក្រាប​ក្រុមបក្ស​នយោបាយ​ប្រឆាំង​។ ​កាវក្លៃ​ បក្សឈ្នះ​ឆ្នោត​នាំ​មុខ​ក្នុង​សម័យ​បោះឆ្នោត​សភា​​កាលពី​ខែ​ឧសភា២០២៣ បាន​សន្យា​លុប​មាត្រា​១១២​នេះ​ចោល​នៅ​ពេល​ឡើង​កាន់​អំណាច តែ​ទី​បំផុតព្រឹទ្ធសភា​ថៃ​​បាន​ផាត់បក្ស​នេះ​​ចេញពី​​រដ្ឋាភិបាលតែ​ម្តង។ ចំណែក​នាយករដ្ឋមន្ត្រី​ថ្មី នៃ​បក្ស​ភឿថៃ លោក​ សេដ្ឋា ថៈវីស៊ីន បាន​ពោល​ថា​មិន​ប៉ះពាល់​ច្បាប់​ការពារ​រាជានិយម​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ