អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់សម្ពោធនាវាមុជទឹកបាតសមុទ្រ ផលិតដោយ​ស្នាដៃខ្លួនឯង

ក្នុងបរិបទប្រឈមនឹងការប្រើកម្លាំង​ពីសំណាក់ចិន តៃ​វ៉ាន់​កំពុងតែ​ប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ព និងសព្វាវុធ​ដើម្បី​​​ការពារខ្លួន​។ ថ្ងៃទី​២៨កញ្ញា នៅកំពង់ផែ Kaoshiung តៃវ៉ាន់​បានសម្ពោធនាវាមុជទឹកបាតសមុទ្រមួយគ្រឿង ជាលើកដំបូង ដែលជាស្នាដៃ​ផលិត​​ដោយតៃវ៉ាន់ខ្លួនឯង។ លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសថា ប្រវត្តិសាស្ត្រនឹងចងចាំថ្ងៃនេះ ជាថ្ងៃដែលតៃវ៉ាន់សម្រេចបានជោគជ័យ ផលិតបាន​នាវាមុជទឹកបាតសមុទ្រដោយ​ខ្លួនឯង ខណៈដែល​គ្រប់គ្នា​ធ្លាប់គិត​ពីមុនមក ​ថាវាជាបេសកកម្ម​ដែល​មិន​អាចទៅរួច។

លោកស្រីប្រធានាធិបតី​តៃ​វ៉ាន់ សៃ អ៊ីងវេន កំពុងបើកសម្ពោធនាវាមុជទឹកបាតសមុទ្រ "Hai Kun" ដែលជានាវាទិ១​ផលិតដោយ​តៃវ៉ាន់ខ្លួន​ឯង។ កំពង់ផែ Kaohsiung កោះតៃវ៉ាន់ ថ្ងៃទី២៨កញ្ញា​២០២៣
លោកស្រីប្រធានាធិបតី​តៃ​វ៉ាន់ សៃ អ៊ីងវេន កំពុងបើកសម្ពោធនាវាមុជទឹកបាតសមុទ្រ "Hai Kun" ដែលជានាវាទិ១​ផលិតដោយ​តៃវ៉ាន់ខ្លួន​ឯង។ កំពង់ផែ Kaohsiung កោះតៃវ៉ាន់ ថ្ងៃទី២៨កញ្ញា​២០២៣ REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

នាវានេះ ត្រូវតៃវ៉ាន់​ប្រសិទ្ធនាមហៅថា Hai Kun។ មានតម្លៃ​ទឹកប្រាក់ចំនួន​ ១៥០០លានដុល្លារ​អាមេរិក នាវាមុជទឹករបស់តៃវ៉ាន់ ត្រូវបានចាប់ផ្តើម​សាងសង់ នៅឆ្នាំ​២០២០។ នាវានេះ មានប្រវែង៨០ម៉ែត្រ ទំងន់ចន្លោះពី ២៥០០ ទៅ ៣០០០តោន នៅពេល​ដែលវាធ្វើចលនា។ ចំណែក​ប្រព័ន្ធ​ប្រយុទ្ធ​ និង​បាញ់​គ្រាប់ គឺបំពាក់ដោយ​​បច្ចេកវិទ្យា​របស់សហរដ្ឋអាមេរិក​ ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin។ ផ្អែកតាមបញ្ជាក់ពីលោកស្រីសៃ អ៊ីងវេន ចាប់ពីពេលនេះ នាវាHai Kun នឹងត្រូវបញ្ជូនចុះទឹក ដើម្បី​ធ្វើការ​សាកល្បង មុននឹង​ចាប់​ផ្តើម​ប្រតិបត្តិការជាផ្លូវការ នៅឆ្នាំ​២០២៥។ តែដោយឡែក អ្នកជំនាញ​ខ្លះ​ក្នុងវិស័យនេះ អះអាងថា អាចនឹងចំណាយ​ពេលយូរជាងនេះ។

គួរបញ្ជាក់ថា ក្នុងការ​​​ប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ព តៃវ៉ាន់​បាន​បង្កើនការចំណាយ​យ៉ាងខ្លាំងទៅលើវិស័យនេះ។ ឆ្នាំ​២០២៤ ខ្ទង់ចំណាយ​លើវិស័យការពារជាតិ បាន​ឡើងដល់ ១៩ពាន់​លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ខ្លាំងមិនធ្លាប់​មាន សម្រាប់​កោះមួយនេះ​។ ការការពារ​ផ្លូវសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងករណី​ដែល​ចិន​សម្រេចចិត្ត ប្រើ​កម្លាំងនៅថ្ងៃណាមួយមកលើតៃវ៉ាន់​។​

គួរកត់សំគាល់ថា តៃវ៉ាន់​មានគម្រោង​ទិញគ្រឿងសព្វាវុធទំនើបជាច្រើន​​ពីអាមេរិក តែទាក់ទិននឹង​នាវាមុជទឹកបាតសមុទ្រ គឺអាមេរិកបានបដិសេធមិនលក់​ឲ្យតៃវ៉ាន់ទេ។ បច្ចុប្បន្ននេះ តៃវ៉ាន់មាននាវាមុជទឹកបាតសមុទ្រចំនួន​២គ្រឿង ដែលនៅដំណើរបាន ជាប្រភេទនាវា Swordfish ទិញមកពីហូឡង់ នៅទសវត្ស​ឆ្នាំ​១៩៨០។ កាលពីឆ្នាំ​២០០១ អាមេរិក​ ធ្លាប់​បានសន្យាថានឹងលក់នាវាមុជទឹកបាតសមុទ្រ ចំនួន​៨គ្រឿងមកឲ្យតៃវ៉ាន់ តែទីបំផុត​កិច្ចសន្យាលក់នេះ មិនអាចសម្រេច​ទៅបាន​។

ដោយឡែក ផ្អែកតាមក្រសួងការពារជាតិអាមេរិក បច្ចុប្បន្ននេះចិនមាន​នាវាមុជទឹកបាតសមុទ្រ ចំនួនប្រមាន​៦០គ្រឿង ដែលក្នុងនោះមានយ៉ាងហោច​៦គ្រឿង​ជាប្រភេទដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែរ។ យោងតាមលោក Ou Sifu អ្នកជំនាញ​នៅវិទ្យាសា្ថន​​ការពារជាតិ​តៃវ៉ាន់ បើនិយាយពីចំនួន​​នាវាមុជទឹក គឺតៃវ៉ាន់មិនអាចទៅប្រៀបជាមួយចិនបានពិតមែន​​។ តែយ៉ាងណា តៃវ៉ាន់អាច​រារាំង ឬបង្កការលំបាក​ទៅលើចិនបាន ប្រសិនបើមានការប្រឈមមុខដាក់គ្នា ដោយតៃវ៉ាន់អាចនឹកដាក់​នាវាមុជទឹកដែល​ខ្លួនមាន នៅ​ច្រកសមុទ្រ Miyako និងច្រក Bashi ដើម្បីរារាំងកម្លាំងចិន មិន​ឲ្យចូល​មកកៀក។ ដូចគ្នាដែរ លោក Ben Lewis អ្នកជំនាញអាមេរិក​តាមដានការចល័តទ័ពចិន បានពន្យល់ថា​នាវាមុជទឹកបាទសមុទ្រ អាចនឹង​បង្កការខូចខាតខ្លាំង ដល់​ការបញ្ជូនទ័ពថ្មើរជើងរបស់ចិនសម្រុកចូល​មកលើ​តៃវ៉ាន់។

ដោយឡែក កាសែតរដ្ឋចិន ​Global Times បានចុះផ្សាយកាលពីថ្ងៃចន្ទទី​២៦កញ្ញាថា ផែនការ​របស់តៃវ៉ាន់​ ដែលចង់ប្រើ​នាវាមុជទឹកបាតសមុទ្រ ​ ដើម្បីរារាំង​កងទ័ពចិននោះ វាគឺជា “ការរវើរវាយ” ​ប្រាកដណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ