អានតួអត្ថបទ
ថៃ-អាវុធ

ហេតុអ្វីបានជាការគ្រប់គ្រងចរាចរណ៍អាវុធនៅក្នុងប្រទេសថៃស្មុគស្មាញខ្លាំង?

ក្រោយ​ហេតុ​ការណ៍​បាញ់​រះ​នៅ​​មជ្ឈមណ្ឌល​Siam Paragon កណ្តាលក្រុង​បាងកក ដែល​ត្រូវ​ជា​មួយ​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​មនុស្ស​នៅសាលា​មតេយ្យ​​ ក្នុង​ខេត្ត​ណុងបួឡាំភូ មក​លោកនាយករដ្ឋមន្ត្រី​សេដ្ឋាថៈវីស៊ីន បាន​សន្យា​ចាត់​វិធានការ​គ្រប់គ្រង​ចរាចរណ៍អាវុធ ដោយ​ផ្តល់​​​អាទិភាពទៅ​​លើការ​ការពារ ទប់ស្កាត់មិនឲ្យមាន​ហេតុការណ៍​បាញ់​រះកើត​ឡើង​ជាថ្មី​ទៀត។ ប៉ុន្តែអ្នក​ជំនាញ​យល់ថាវិធានការ​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​តិច​តួច​ណាស់។ ​ហេតុអ្វី​បាន​ជា​ថៃ​ពិបាក​គ្រប់គ្រង​ចរាចរណ៍​អាវុធ?

ហេតុអ្វីបានជាការគ្រប់គ្រងចរាចរណ៍អាវុធនៅក្នុងប្រទេសថៃស្មុគស្មាញខ្លាំង?
ហេតុអ្វីបានជាការគ្រប់គ្រងចរាចរណ៍អាវុធនៅក្នុងប្រទេសថៃស្មុគស្មាញខ្លាំង? AFP - PORNCHAI KITTIWONGSAKUL
ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​ហេតុការណ៍​បាញ់​រះផ្អើល​ពិភពលោក​ ដូច​ជា​ការ​បាញ់​រះនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​Siam Paragon ​​ស្លាប់​មនុស្ស​​ពីរ​នាក់​កាលពី​ថ្ងៃអង្គារ​ទី៣​តុលា២០២៣ ឬ​ការ​បាញ់​ប្រហារ​ក្នុង​សាលា​មតេយ្យ​នៅភាគ​ឦសាន​កាលពី​ឆ្នាំ​២០២២ ស្លាប់​មនុស្ស​៣៦នាក់ ឬ​ ស្លាប់​អស់​២៩នាក់​នៅក្នុង​ការ​បាញ់​រះពី​សំណាក់​អតីត​យោធា​ម្នាក់ ក្នុងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​Nakhon Ratchasima នៅ​ឆ្នាំ​២០២០ ករណី​មនុស្ស​ស្លាប់​ក្នុងហេតុការណ៍​​បាញ់​រះ​តូច​តាច មានចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ក្នុង​ស្រុក​​ស្ទើរជា​រៀង​រាល់​សប្តាហ៍​។

បើ​តាម​ទិន្នន័យ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​gunpolicy.org និង​​កម្មវិធី​ស្រាវជ្រាវ​ស្វីស Small Arms Survey មាន​កាំភ្លើង​ប្រមាណ​១០លាន​ដើម​កំពុង​ធ្វើ​ចរាចរណ៍ក្នុង​ប្រទេស​ថៃ ពោល​គឺ​ក្នុង​ចំណោមពលរដ្ឋ​៧នាក់​ ម្នាក់​មាន​កាន់​អាវុធ។ នេះ​ជា​អត្រា​ដ៏​ខ្ពស់​ខ្លាំង​ណាស់​បើប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ ​ប្រភព​ដដែល​បាន​អះអាង​ទៀត​ថា ថៃមាន​ជន​រងគ្រោះ​​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​​ដល់​១៣០០នាក់​នៅ​ឆ្នាំ​២០១៩ ចំណែក​​វៀតណាម​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​ផង មានជន​រងគ្រោះ​បាត់​បង់​ជីវិត​​តិច​ជាង​ដល់​ទៅ​១០ដង។

ហេតុអ្វី? តួលេខ​ដ៏ខ្ពស់​នេះ​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​អំពីបទដ្ឋាន​​វប្បធម៌ដែល​ផ្តល់​តម្លៃ​ដល់​អ្នក​ខ្លាំង។ នេះ​បើ​តាមការ​យល់​ឃើញ​របស់​​​អ្នកស្រី​Boowara Sumano អ្នក​ស្រាវជ្រាវ​នៅ​​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ថៃ ដោយ​ពន្យល់​លម្អិត​ថា អស្ថិរភាពនយោបាយ​ក្នុង​ប្រទេស​ ការ​ជ្រៀតជ្រែក​របស់​ក្រុម​យោធា​ក្នុង​នយោបាយ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​ទៅ​រក​អាវុធ​មក​ការពារ​ខ្លួន។

​​ច្បាប់គ្រប់គ្រង​អាវុធថៃ​ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​អាច​ទិញ​កាំភ្លើង សម្រាប់ការពារខ្លួន ឬ​សម្រាប់​បរបាញ់ បើ​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ត្រឹម​ត្រូវ​និង​បាន​ឆ្លង​កាត់ការ​ស៊ើប​ប្រវត្តិរួច។ ថៃរឹត​ត្បិត​​ការ​​នាំ​ចូល​អាវុធ​​ខ្លាំងណាស់ ដោយ​មាន​កូតាយ៉ាង​តឹង​តែងនិង​ការ​បង់ពន្ធ​យ៉ាងខ្ពស់។

ប៉ុន្តែអាវុធ​បាន​ហូរ​ចូល​ថៃ​តាម​ទីផ្សារងងឹត​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​លំហូរ​មក​ពី​សហរដ្ឋ​អាមេរិក តាម​រយៈ​កម្មវិធី​របស់​រដ្ឋាភិបាលដែល​បើក​ផ្លូវ​ឱ្យ​កងកម្លាំងមាន​សមត្ថកិច្ច (ទាហាន​និង​ប៉ូលិស) ​អាច​នាំ​ចូល​អាវុធ​ចូល​ក្នុង​តម្លៃ​ថោកនិង​ដោយ​គ្មាន​កំណត់បរិមាណ។ ជា​ការ​ទិញ​​តាម​បណ្តាញ​ភ្នាក់ងារ​រដ្ឋ សម្រាប់​ការ​ប្រើប្រាស់​​ជា​លក្ខណៈ​បុគ្គល​ និង​ដោយ​ពុំ​ចាំបាច់​ឆ្លង​កាត់​ដំណើរបទដ្ឋាន​ធម្មតា។

កម្មវិធី​នេះ​បានផ្តល់់ឱកាសឲ្យ ​ប៉ូលិសថ្មីថ្មោង​និង​ជាន់​ទាប និងនាយ​ប៉ូលិសជា​​​ច្រើនឱ្យ​​មាន​អាវុធ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ​​ចៀសវាង​មិនបង់​ពិន័យ​ក្នុង​ករណី​កាំភ្លើង​ផ្លូវការ​ខូច​ឬ​បាត់។ ប៉ុន្តែ​​បញ្ហានៅ​ត្រង់​​ជាថា​​ប៉ូលិស​ខ្លះ​ បាន​ទិញ​អាវុធ​តាម​កម្មវិធី​របស់​រដ្ឋាភិបាល​ហើយ​លក់​តាម​ទីផ្សារ​ងងឹត​ ​វិញ​ដើម្បី​បាន​ចំណេញ។ នេះ​បើ​តាម​លោក​ Michael Picard អ្នកស្រាវជ្រាវ​ឯករាជ្យ​ជំនាញ​ការ​ជួញដូរ​អាវុធ​និង​អំពើ​ពុករលួយ។ អាវុធ​ទិញ​តាម​កម្មវិធី​របស់​រដ្ឋាភិបាលថៃមាន​តម្លៃពី​៧៧០ទៅ​១០០០​អឺរ៉ូ ​ពោលគឺ​ទាប​ជាង​តម្លៃ​ទីផ្សា​រធម្មតា​ជិត​បី​ដង (២៥០០អឺរ៉ូក្នុង​មួយ​ដើម)។ ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ភាគ​ឦសាន​ប្រទេស​កាលពី​ឆ្នាំ​ទៅ​ភ្លាម​ ប៉ូលិស​បាន​ប្រកាស​ផ្អាក​កម្មវិធីនេះ​ហើយ​ ប៉ុន្តែ​ប្រភព​ខ្លះ​ថា​កម្មវិធី​នៅ​បន្ត​ជា​បច្ចុប្បន្នភាពទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ