អានតួអត្ថបទ
ចិន-តៃវ៉ាន់

លោកស្រី សៃ អ៊ីងវេន សន្យាថាតៃវ៉ាន់ ​នឹង​នៅតែមានរបបប្រជាធិបតេយ្យ​រាប់ជំនាន់​ទៅមុខទៀត

ក្នុងឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់ ទី​១០តុលា២០២៣ លោក​ស្រី​ប្រធានាធិបតី សៃ អ៊ីងវេន បាន​ប្រកាស​ថា លទ្ធិប្រជាធិបតេយ្យ​បានរីកដុះដាល ចាក់ឫសយ៉ាងជ្រៅក្នុងសង្គមតៃវ៉ាន់ បើទោះបីជា​ចិន​ដីគោក បានប្រឹងប្រែងដាក់សំពាធ រារាំងយ៉ាងណាក៏ដោយ។ លោកស្រីបានសន្យាថា ទោះរាប់ជំនាន់ទៅមុខទៀត គឺប្រជាជនតៃវ៉ាន់នឹងនៅតែមានសិទ្ធិសេរីភាព​។ តែយ៉ាងណា​លោកស្រីអះអាងថា តៃវ៉ាន់ចង់រក្សាសន្តិភាពជាមួយចិន​។

លោក​ស្រី​ Tsai Ing-wen កំពុងថ្លែងសុន្ទរកថា នៅថ្ងៃបុណ្យជាតិតៃវ៉ាន់។ ក្រុងតៃប៉ិ ថ្ងៃទី ១០ តុលា ២០២៣
លោក​ស្រី​ Tsai Ing-wen កំពុងថ្លែងសុន្ទរកថា នៅថ្ងៃបុណ្យជាតិតៃវ៉ាន់។ ក្រុងតៃប៉ិ ថ្ងៃទី ១០ តុលា ២០២៣ REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

ប្រជាជនតៃវ៉ាន់ នឹងនៅតែជាប្រជាជនសេរី មានលទ្ធិប្រជាធិបតេយ្យ តរៀងទៅមុខជាច្រើនជំនាន់តទៅទៀត។ លោក​ស្រីបានបន្ថែមថា វាគឺជា​កាតព្វកិច្ច​របស់​លោកស្រី ដែល​ត្រូវ​តែ​ការពារ​សង្គ្រោះអធិបតេយ្យភាព​ជាតិ ព្រមទាំង​ផ្នត់គំនិត​សង្គម នៃ​ប្រជាជន​តៃវ៉ាន់ទាំង​២៣លាននាក់​ ដែល​ស្រលាញ់គាំទ្រសិទ្ធិសេរីភាព និងលទ្ធិប្រេជាធិបតេយ្យ​។ លោកស្រី សៃ អ៊ីងវេន បានគូសបញ្ជាក់ថា ទោះ​បី​ប្រឈមនឹងការដាក់សំពាធ ទាំងនៅខាងក្នុង និងទាំងពីខាងក្រៅ តែ​លទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ បាន​ឈានកាន់តែរឹងមាំ ហើយធ្វើឲ្យ​ប្រជាជាតិតៃវ៉ាន់ កាន់តែមានភាពអំណត់តស៊ូ​។ លោកស្រីអះអាងថា ការពារលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ វាគឺជាការ​ការពារ​តម្លៃសកល​ នៃលទ្ធិប្រជាធិបតេយ្យ។

តែទន្ទឹមគ្នានេះ នៅក្នុងសុន្ទរកថាដ៏សំខាន់នេះ លោកស្រី សៃ អ៊ីងវេន បាន​ថ្លែងសារមួយ ក្នុងន័យ​មួយ​ផ្សះផ្សារជាមួយចិនផងដែរ​។ ​លោកស្រីបានអះអាងថា តៃវ៉ាន់គ្មានប្រាថ្នាអ្វី ក្រៅ​ពីការរួមរស់​ ដោយ​សុខសន្តិភាព និង​ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយសេរី គ្មានការ​រាំងខ្ទប់ និង​ដោយគ្មានការភ័យខ្លាច ជាមួយ​ប្រជាជនទាំងអស់ដែលស្ថិតនៅទាំងសងខាងច្រកសមុទ្រតៃវ៉ាន់។ លោក​ស្រីបន្តថា តៃវ៉ាន់ត្រៀមខ្លួនជានិច្ច ដោយឈរលើការសម្រុះសម្រួលឯកភាពជាតិ ដើម្បីឈានទៅ​រក្សា Statu quo និង​សហការ អភិវឌ្ឍន៍ជាមួយ​ភាគីចិនប៉េកាំង ដោយ​ការគោរពគ្នាទៅវិញទៅមក និង​រួមរស់ជាមួយ​គ្នាដោយសុខសន្តិភាព​។ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាន​គូសបញ្ជាក់ថា ការរក្សាសន្តិភាព​ វាគឺ​ជាជម្រើសតែមួយគត់។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយការចូលកាន់អំណាចរបស់​លោកស្រី សៃ អ៊ីងវេន នៅឆ្នាំ​២០១៦ ចិនប៉េកាំង បាន​ដាក់សំពាធយ៉ាងខ្លាំងលើតៃវ៉ាន់ និង​បានគំរាមថាអាចនឹងប្រើ​កម្លាំងទ័ព ដើម្បី​ឈានទៅទាញ​ភ្ជាប់តៃវ៉ាន់ មកក្នុងមហាគ្រួសារចិនតែមួយ​។

គួរកត់សំគាល់ដែរថា លោកស្រីសៃ អ៊ីងវេន ដែលគេធ្លាប់ស្គាល់ថា គឺជាមេដឹកនាំតៃវ៉ាន់ ដែល​មាន​ទំនោររឹងរូសជាមួយ​ចិនប៉េកាំងនោះ នឹងត្រូវចប់អាណត្តិនៅចុងឆ្នាំ​២០២៣នេះហើយ ដោយលោកស្រីមិនអាចឈរឈ្មោះបានទៀតទេ​។ ការបោះឆ្នោតអាណត្តិថ្មី​ នឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំក្រោយ។ ​លោក Lai Ching-Te បច្ចុប្បន្នជា​អនុប្រធានាធិបតី ស្និទ្ធនឹងលោកស្រី សៃ អ៊ីវវេន ត្រូវគេរំពឹង​ថាអាចមានសង្ឃឹមឈ្នះច្រើន​ ព្រោះលោកជាអ្នកឯករាជ្យនិយម តែ​ឈរលើតថៈភាព​។ ផ្ទុយទៅវិញ បេក្ខជនឈរឈ្មោះ២ទៀត គឺលោក ​Hou Yu-ih មកពី​បក្សគួមីនតាង និងលោក Ko Wen-Je មកពីបក្ស​ប្រជាជន​តៃវ៉ាន់ ត្រូវគេ​ស្គាល់ថាមានទំនោរចង់ ពង្រឹងទំនាក់ទំនងស្អិតរមួត រវាងចិននិងតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ