អានតួអត្ថបទ
ចិន-រុស្ស៊ី

លោកពូទីនទៅប៉េកាំង​​ចូលរួម​ “វេទិកា​​ផ្លូវមួយខ្សែក្រវ៉ាត់មួយ” និងឆ្លៀតឱកាសស្វែងរក​ការគាំទ្រ

លោក​ប្រធានាធិបតីរុស្ស៊ី ​វ្លាឌីមៀរ ពូទីន បានទៅដល់​ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃអង្គារ ទី​១៧​តុលា ដើម្បីចូលរួម​ក្នុង​កម្ម​វិធី ខួប​១០ឆ្នាំ​នៃគម្រោងផ្លូវមួយ​ខ្សែក្រវ៉ាត់មួយរបស់ចិន ដែល​មានថ្នាក់ដឹកនាំប្រទេសជាច្រើនចូលរួម​។​​ នេះគឺជាលើកទី២តែប៉ុណ្ណោះ ដែល​លោក​ពូទីន​ធ្វើ​ដំណើរចេញក្រៅប្រទេស បន្ទាប់ពី​សង្គ្រាម​នៅអ៊ុយក្រែនបាន​ផ្ទុះឡើងជាង​១ឆ្នាំមកនេះ​។ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ បានចេញ​ដីកាចាប់ខ្លួន​លោក​ពូទីន ដែលត្រូវគេចោទពី​បទឧក្រិដ្ឋកម្មសង្គ្រាម​។

លោកប្រធានាធិបតី​ស៊ី ជីនពីង កំពុងជជែកលេង ស្វាគមន៍​លោក​ប្រធានាធិបតីពូទីន ក្នុងកម្មវិធីបើកសម្ពោធ វេទិកា១០ឆ្នាំ​នៃគម្រោង​ផ្លុវមួយ​ខ្សែក្រវ៉ាត់មួយ។ ប៉េកាំង ថ្ងៃទី ១៧តុលា ២០២៣
លោកប្រធានាធិបតី​ស៊ី ជីនពីង កំពុងជជែកលេង ស្វាគមន៍​លោក​ប្រធានាធិបតីពូទីន ក្នុងកម្មវិធីបើកសម្ពោធ វេទិកា១០ឆ្នាំ​នៃគម្រោង​ផ្លុវមួយ​ខ្សែក្រវ៉ាត់មួយ។ ប៉េកាំង ថ្ងៃទី ១៧តុលា ២០២៣ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

នៅព្រលានយន្តហោះ​ទីក្រុងប៉េកាំង លោក​ពូទីន ត្រូវបានទទួលស្វាគមន៍​ដោយ​លោក វ៉ាង វេនតៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន​​។ ដល់ប៉េកាំងភ្លាម លោកពូទីនបានចាប់​ផ្តើ​ម​ជួបប្រជុំទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំប្រទេសជាច្រើន ក្នុងនោះមានលោកប្រធានាធិបតីវៀតណាម ​​លោក​នាយករដ្ឋមន្ត្រីថៃ និងលោកនាយករដ្ឋមន្ត្រីហុងគ្រីផងដែរ​។

តាមការផ្សាយរបស់បណ្តាញព័ត៌មានរុស្ស៊ី​ គឺលោក​ពូទីននឹងជួប​ប្រជុំទ្វេភាគី ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃពុធទី​១៨តុលា។ លោក​ Iouri Ouchakov ទីប្រឹក្សាកិច្ច​ការ​បរទេសរបស់​លោកពូទីន បាន​អះអាងប្រាប់អ្នកកាសែតថា លោកពូទីន និង​លោកស៊ី ជីនពីង នឹងជជែកគ្នា​ដោយត្រង់​ទៅត្រង់មក និង​ដោយ​មិត្ត​ភាព ទាក់ទិននឹង​បញ្ហា​​នបន្ទាន់ទាំងឡាយ នៅក្នុងទំនាក់ទំនងជាក់ស្តែងរវាងប្រទេសទាំង២ ព្រមទាំង​បញ្ហា​ក្នុងក្របខណ្ឌអន្តរជាតិផងដែរ​។​

គួររំលឹកថា កាលពី​ប៉ុន្មានថ្ងៃ មុនពេល​រុស្ស៊ីលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន លោកពូទីន និង​លោកស៊ី ជីនពីង បានប្រកាសជាមួយគ្នា ថាមិត្តភាពរវាង​ចិននិងរុស្ស៊ី គឺជា​ “មិត្តភាពដែលគ្មានទីបំផុត” ។ ប្រមាណជាង​១ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន គេបានសង្កេតឃើញថា គោលជំហរចិនពិតជានៅពីក្រោយ​ និងជួយ​គាំទ្ររុស្ស៊ីយ៉ាងប្រាកដ បើទោះបីជាត្រូវរង​ការរិះគន់ ពីសំណាក់បណ្តាប្រទេស​លោកខាងលិចក៏ដោយ​។​ ១ថ្ងៃ​មុននឹងទៅ​ដល់ប៉េកាំង លោក​ពូទីន​បានផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នកកាសែតចិន ដែលក្នុងបទសម្ភាសន៍​នោះ លោក​បាន​អះអាងថា លោក​មានសុទិដ្ឋិនិយមខ្លាំងណាស់ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម​​ រវាង​ចិន​និង​រុស្ស៊ី។​​​

គួរបញ្ជាក់ដែរថា ដោយសារតែទណ្ឌកម្មអន្តរជាតិ រុស្ស៊ី​កំពុងតែត្រូវការ​ចិនជាខ្លាំង។ ​លោក Bjorn Alexander Duben សាស្ត្រាចារ្យ​ជំនាញ​ទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យ Jilin ប្រទេសចិន បាន​ពន្យល់ថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងស្ថិតក្នុង​ស្ថានការណ៍មួយ  ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើចិន ជាពិសេសនៅលើវិស័យសេដ្ឋកិច្ច។ វត្តមានរបស់​លោកពូទីននៅប៉េកាំងនាពេលនេះ ក៏គឺជាឱកាស​ទទួលបានការរាក់ទាក់ និងគាំទ្រពីបណ្តាប្រទេសផ្សេងទៀតដែរ ខណៈរុស្ស៊ីកាន់តែឯកោខ្លាំងនៅលើឆាកអន្តរជាតិ​។ យ៉ាងណាក៏ដោយ យោងតាមការវិភាគរបស់​លោក Alexander Gabuev ប្រធានមជ្ឈមណ្ឌល​ Carnegie Russia Eurasia គឺថារុស្ស៊ីដឹងខ្លួនច្បាស់ ថាចិន​​មិនអាច​ចេញមុខចេញមាត់ខ្លាំង​ ប្រកាស​​គម្រោងផែនការ​សហការធំដំណាមួយ ជាមួយរុស្ស៊ី​ក្នុងពេលនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ