អានតួអត្ថបទ

ដើម្បីសន្តិសុខជាតិ ប្រទេសចិនបានរឹតបន្តឹងបន្ថែមលើការនាំចេញរ៉ែយុទ្ធសាស្រ្ត

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២០ តុលា​ពី​ការ​រឹតបន្តឹង​បន្ថែម​ទៀត​លើ​ការ​នាំ​ចេញ​រ៉ែ​ក្រាហ៊្វ្រីត។ វិធានការ​ថ្មី​បន្ថែម​នេះ​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ដើម្បី​រក្សា​សន្តិសុខ និង​ផលប្រយោជន៍ជាតិ។ តែ​ទន្ទឹម​នឹង​ហេតុផល​មួយ​នេះ ចិន​ក៏​ចង់​ឆ្លើយ​បក​ទៅ​នឹង​សហរដ្ឋអាមេរិក​វិញ​ដែរ។

ដើម្បីសន្តិសុខជាតិ ប្រទេសចិនបានរឹតបន្តឹងបន្ថែមលើការនាំចេញរ៉ែយុទ្ធសាស្រ្ត។
ដើម្បីសន្តិសុខជាតិ ប្រទេសចិនបានរឹតបន្តឹងបន្ថែមលើការនាំចេញរ៉ែយុទ្ធសាស្រ្ត។ AFP - JENS SCHLUETER
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​ចិន​បាន​ធ្លាក់​មក​ក្រោយ​ពី​រដ្ឋបាល​អាមេរិក​បាន​បង្ហាញ​ចេញ​ក្នុង​សប្តាហ៍​នេះ​នូវ​វិធានការ​ថ្មី​មួយ​ចំនួន​ដើម្បី​រឹតបន្តឹង​ការ​នាំ​ចេញ​សេមីកុងឌុចទ័រ និង​ម៉ាស៊ីន​សម្រាប់​ផលិត​សេមីកុងឌុចទ័រ​ទៅ​ចិន។ តាម​ពិត អាមេរិក​ព្យាយាម​តាំង​ពី​ច្រើន​ខែ​ដើម្បី​រារាំង​ចិន​មិន​ឲ្យ​ទទួល​បាន​បច្ចេកវិទ្យាទំនើប។ ការ​រារាំង​នេះ​ត្រូវ​បាន​ចិន​ប្រឆាំង​ដោយ​ចាត់​ទុក​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។ តែ​ទន្ទឹម​គ្នា​នេះ កាយវិការ​របស់​ក្រុង​វ៉ាស៊ីនតោន​ក៏​មិន​បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ឈរ​ឱបដៃ​នៅ​ស្ងៀម​ដែរ។ ចិន​បាន​ប្រកាស​ក្នុង​ខែ​កក្កដា​ថា ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួនដែល​មាន​ផ្ទុក​សារធាតុ Gallium និង Germanium នឹង​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​តឹងតែង។ គួរ​បញ្ជាក់​ថា Gallium និង Germanium ជា​វត្ថុធាតុដើម​សំខាន់​ដែល​គេ​ប្រើ​សម្រាប់​ផលិត​បន្ទះឈីប។

ចំណែក​វិធានការ​ថ្មី​បន្ថែម​ពេល​នេះ គឺ​រឹតបន្តឹង​ការ​នាំ​ចេញ​រ៉ែក្រាហ៊្វ្រីត​ដែល​គេ​ប្រើ​ដើម្បី​ផលិត​ថ្ម Lithium-ion សម្រាប់​ទូរស័ព្ទដៃ និង​អាគុយ Lithium-ion សម្រាប់​រថយន្ត​អគ្គិសនី។ តាម​វិទ្យាសា្ថន​សិក្សា​ភូគព្ភសាស្រ្ត​អាមេរិក ផលិតកម្ម​រ៉ែក្រាហ្រ្វ៊ីត​ក្នុង​លោក​ចំនួន ៦៥% បាន​ផលិត​នៅ​ចិន។ ចំណែក​តម្រូវការ​រ៉ែក្រាហ៊្រ្វីត​ក្នុង​លោក​នឹង​ត្រូវ​កើន​ឡើង​ដោយសារ​មាន​កំណើន​តម្រូវការ​រថយន្ត​អគ្គិសនី និង​អាគុយ។ ចិន​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ចំណាត់ការ​របស់​ខ្លួន​ជា​រឿង​ចាំ​បាច់​ក្នុង​ការ​រក្សា​សន្តិសុខ និង​ផលប្រយោជន៍ជាតិ។ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ធានា​បន្ថែម​ថា អ្វី​ដែល​ចិន​បាន​ធ្វើ​នេះ​មិន​បាន​សំដៅ​ទៅ​លើ​ប្រទេស ឬ​តំបន់​ណា​មួយ​ទេ។

តែ​ទោះ​ជា​មាន​ការ​ធានា​ដូច​នេះ​ក៏​ដោយ​ក៏​គេ​ដឹង​ថា ចិន​ចង់​វាយបក​ដាក់​អាមេរិក​វិញ។ គួរ​បញ្ជាក់​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ជា​ចំណុច​ស្នូល​នៃ​ភាព​តានតឹង​រវាង​ទីក្រុងប៉េកាំង និង​ទីក្រុងវ៉ាស៊ីនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ