អានតួអត្ថបទ
បច្ចេកវិទ្យាអវកាសចិន

ចិនបង្ហោះយានអវកាស Shenzhou-17 ទៅដល់គន្លងតារាវិថី ដោយជោគជ័យ

ថ្ងៃព្រហសត្បិ៍ទី ២៦ តុលា នៅម៉ោង ១១និង១៤ នាទីព្រឹក ចិនបានបាញ់បង្ហោះយានអវកាស Shenzhou-17 ដែលមានផ្ទុកអាកាសយាននិកចិនចំនួន ៣ រូប សំដៅទៅកាន់ស្ថានីយអវកាស ចិនឈ្មោះ Tiangong ដែលស្ថិតនៅចម្ងាយចន្លោះពី ៣០០ ទៅ ៤០០ គីឡូម៉ែត្រពីភពផែនដី។ នេះជាលើកទី១ដែលចិន បានបញ្ជូនក្រុមអាកាសយានិក « វ័យក្មេង » របស់ខ្លួន ទៅកាន់លំហអាកាស ពោលគឺ អាកាសយានិកទាំងនេះ មានអាយុជាមធ្យមត្រឹម ៣៨ ឆ្នាំ បើធៀបនឹងបេសក​កម្មអវកាសរបស់ចិនលើកមុន កាលពីខែឧសភាកន្លងទៅ ដែលមានអាកាសយានិក ក្នុងវ័យជាមធ្យម ៤២ ឆ្នាំ។ គួរបញ្ជាក់ថា បេសកកម្មអវកាសរបស់ចិនលើកនេះ គឺធ្វើឡើង ក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីលំហអាកាស ដើម្បីឈានទៅបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងបច្ចេកវិទ្យាបង្ហោះយានអវកាស ដែលមានមនុស្សជិះ។ តែ មហិច្ឆតាធំបំផុតរបស់ចិននោះគឺ ចិនរំពឹងថានឹងអាចបញ្ជូន យានអវកាសមានមនុស្សបើក ឲ្យទៅចុះចតនៅលើភពព្រះចន្ទ នៅរវាងឆ្នាំ ២០៣០​ ខាងមុខ។

ចិនបង្ហោះយានអវកាស Shenzhou-17 ទៅដល់គន្លងតារាវិថី ដោយជោគជ័យ
ចិនបង្ហោះយានអវកាស Shenzhou-17 ទៅដល់គន្លងតារាវិថី ដោយជោគជ័យ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

បាញ់ចេញពីតំបន់វាលខ្សាច់ Gobi ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន យានអវកាស Shenzhou-17 បានធ្វើដំណើរទៅដល់ស្ថានីយអវកាសចិន Tiangong ប្រមាណ ៦ម៉ោងកន្លះ បន្ទាប់ពីបានចាកចេញ ពីភពផែនដី។ នេះបើតាមការថ្លែងការរបស់ អ្នកនាំពាក្យនៃកម្មវិធីអវកាសចិន លោក លីន ស៊ីឈាង។ លោកបានឲ្យដឹងទៀតថា យាន ​Shenzhou-17 នឹងត្រូវបំពេញបេសកកម្មនៅលើលំហអាកាស ក្នុង រយៈពេល​ ៦ ខែ។

ស្ថានីយអវកាស Tiangong ដែលគេអាចហៅកាត់បានម៉្យាងទៀតថា CSS ឬ Chinese Space Station ត្រូវបានកសាងរួចរាល់ និង ដាក់ឲ្យដំណើរការពេញលេញ ចាប់ពីឆ្នាំ ២០២២​ មក។ ស្ថានីយនេះ នឹងត្រូវ បន្តបេសកកម្ម នៅលើអាកាស ក្នុងអំឡុងពេលយ៉ាងហោចណាស់ ១០ ឆ្នាំ។ គួរបញ្ជាក់ថា ចិនចាំបាច់ត្រូវ សាងសង់ស្ថានីយនេះឡើង ដោយសារតែសហរដ្ឋអាមេរិក បានបដិសេធមិនឲ្យចិនចូលរួមក្នុង ស្ថានីយអវកាសអន្តរជាតិ ឬ ISS ដែលមានប្រទេសធំៗផ្សេងទៀតជាសមាជិកដូចជា អាមេរិក រុស្ស៊ី អឺរ៉ុប និង កាណាដា។

គិតមកទល់ពេលនេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិ បានចំណាយថវិការ រាប់ពាន់លាន ដុល្លារ ដើម្បីសិក្សា និង ពន្លឿនបច្ចេកវិទ្យាអវកាសរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យចាញ់អាមេរិក និង រុស្ស៊ី។ គួរកត់សំគាល់ថា នៅក្រោមអាណត្តិលោក​ ស៊ី ជីនពីង វិស័យអវកាសចិន កំពុងមានសន្ទុះឡើងខ្លាំង។

សូមរំឭកឡើងវិញថា ចិនបានបញ្ជូនអាកាសយានិករបស់ខ្លួន ទៅដល់លំហអាកាសលើកទី១ ក្នុងឆ្នាំ ២០០៣។ ក្រោយមក ក្នុងឆ្នាំ ២០១៩ យានអវកាសចិនគ្មានមនុស្សបើក បានចុះចតនៅលើប៉ែក ងងឹតរបស់ភពព្រះចន្ទ។ ថ្មីៗនេះ នៅឆ្នាំ ២០២១​ ចិនបានបញ្ជូនរ៉ូបូតរបស់ខ្លួន ទៅដល់ភពអង្គារ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ