អានតួអត្ថបទ
ចិន-អូស្រ្តាលី

លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ សន្យាថានឹង “ធ្វើការ​ក្នុងន័យស្ថាបនា” ជាមួយចិន

លោកអង់តូនី អាល់បានេស នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាប់ផ្តើម​​ទស្សនកិច្ចរយៈពេល​៤ថ្ងៃ​នៅ​ចិន កាលពីថ្ងៃសៅរ៍ទី​៤វិច្ឆិកា។ លោកគឺជាថ្នាក់ដឹកនាំអូស្ត្រាលីដំបូងគេហើយ ដែល​បានឈានជើងទៅដល់ចិន បន្ទាប់ពី​ប្រទេសទាំង​២នេះ មានជម្លោះការទូតនឹងគ្នា គិតចាប់ពីឆ្នាំ២០១៦មក​។ រដ្ឋាភិបាល​ថ្មីរបស់​លោក អង់តូនី អាល់បានេស ហាក់កំពុងតែប្រឹង​ប្រែងស្តារទំនាក់ទំនងការទូត និងពាណិជ្ជកម្មឡើងវិញ ជាមួយចិន​។

លោកនាយករដ្ឋមន្ត្រីចិន​ Li Qiang ចាប់ដៃស្វាគមន៍​លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នៅក្នុងឱកាសបើកសម្ពោធ​ the China International Import Expo នៅទីក្រុងសៀងហៃ ថ្ងៃទី៥វិច្ឆិកា ២០២៣
លោកនាយករដ្ឋមន្ត្រីចិន​ Li Qiang ចាប់ដៃស្វាគមន៍​លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នៅក្នុងឱកាសបើកសម្ពោធ​ the China International Import Expo នៅទីក្រុងសៀងហៃ ថ្ងៃទី៥វិច្ឆិកា ២០២៣ AP - Lukas Coch
ផ្សាយពាណិជ្ជកម្ម

ទៅដល់ទីក្រុងសៀងហៃ លោក​អង់តូនី អាល់បានេស បានចូលរួម​ក្នុងកម្មវិធី​បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម ទំនិញនាំចូល​មកកាន់​ប្រទេស​ចិន។ លោក​បាន​ថ្លែងសុន្ទរកថា​ជាកិត្តិយស បើកកម្មវិធីនេះ ដែល​លោក​បាន​លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីដែលលោកដឹកនាំ នឹងបន្តប្រឹងប្រែងធ្វើការងារ ក្នុងន័យស្ថាបនា ជាមួយភាគីចិន។ ផ្អែកតាម​ប្រភពពីក្រសួងការបរទេសចិន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រជុំជាមួយ​ថ្នាក់ដឹកនាំចិន និយាយលំអិតអំពីការការស្តារទំនាក់ទំនងទ្វេរភាគី​។

លោកវ៉ាង វេនពីន អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានប្រាប់អ្នកកាសែតថា ចិនបាន​ត្រៀមខ្លួន​ជាស្រេចហើយ ក្នុង​ការ​ធ្វើការ ជាមួយ​អូស្ត្រាលី ដើម្បី​យកឱកាសនៃទស្សនកិច្ច​នេះ ជាពេលវេលាពង្រឹងពង្រីកទំនាក់អំនង កសាងទំនុក​ចិត្តលើគ្នាទៅវិញទៅមក ពង្រីក​សហប្រតិបត្តិការ​ និងធ្វើ​ឲ្យ​មិត្តភាព​រវាងប្រទេសទាំង២កាន់តែស៊ីជម្រៅ​។

សូមរំលឹកថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី បានធ្លាក់ចុះដុនដាបខ្លាំង ដោយសារអតីត​រដ្ឋាភិបាលស្តាំអភិរក្សនិយមអូស្ត្រាលី ចោទចិនថាបាន​ប្រើប្រាស់​ប្រាក់ ទិញទឹកចិត្តមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ឲ្យ​បម្រើផលមហិច្ឆតាសេដ្ឋកិច្ចនិងនយោបាយ​ចិន​។​ វិបត្តិ​​កាន់តែធ្ងន់ កាលពីចុងឆ្នាំ​២០១៩​ នៅពេលរដ្ឋាភិបាល​​​​អូស្ត្រាលី​ បានទាមទារ​ឲ្យមាន​ការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ស្តីពី​មេរោគជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងនៅ​ទីក្រុងវូហាន។ ជាការសងសិកវិញ ចិនបាន​ដាក់ពន្ធលើទំនិញ​អូស្ត្រាលី​មួយចំនួន ដូ​ចជាស្រូវសាឡី សាច់គោ និងស្រាទំពាំងបាយជូរជាដើម។ បន្ថែមពីនេះទៀត ចិនបាន​ឈប់ទិញធ្យូងថ្មអូស្ត្រាលីទៀត ដែលធ្វើ​ឲ្យ​ប្រទេសនេះ ខាតបង់ប្រាក់ចំណូល​មិនតិចពាន់លានដុល្លារទេ​។

ក្រោយ​ការចូលមកកាន់អំណាច នៃរដ្ឋាភិបាល​បក្ស​ពលករ ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី អង់តូនី អាល់បានេស គេសង្កេតឃើញថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីហាក់បាន​ចាប់ផ្តើម​ប្រសើរបន្តិចម្តងៗ ចាប់ពីខែ​ឧសភា ឆ្នាំ​២០២២មក​។ ភាគីទាំង២បានចាប់ផ្តើម​ដក​រនាំងពន្ធដា ដែលរារាំងទំនាក់ទំនងពាណិជ្ជកម្ម​។

នៅលើវិស័យការទូតវិញ គេសង្កេតឃើញថាមានភាពល្អប្រសើរដែរ ដោយកាលពីដើមខែតុលាកន្លងទៅ ចិនបានយល់ព្រមដោះលែង​អ្នកកាសែតជនជាតិអូស្ត្រាលី​ដើមកំណើតចិន ​ឈ្មោះ Cheng Lei ដែលជាប់ឃុំនៅចិន៣ឆ្នាំមកហើយ ពីបទធ្វើ​​ចារកិច្ច​សម្ងាត់ប្រឆាំងចិន​។ ការដោះលែងនេះ បានផ្តល់​ក្តីសង្ឃឹម ដល់ក្រុមគ្រួសារ​អ្នកនិពន្ធជនជាតិអូស្ត្រាលីដើមកំណើតចិន​ម្នាក់ ឈ្មោះ Yang Jun ដែលត្រូវចិនចាប់ដាក់ឃុំ តាំងតែ​ពីឆ្នាំ​២០១៩។​ យ៉ាងណាមិញ​​ ក្រុមគ្រួសារអ្នកនិពន្ធរូបនេះ បាន​ទទូចអង្វរ​​សុំឲ្យ​លោក​នាយករដ្ឋមន្ត្រី អង់តូនី អាល់បានេស និយាយពីបញ្ហានេះជាមួយភាគីចិនផង​​ នៅពេលលោកទៅប៉េកាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ