អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី៖ លោកលី សៀនឡុង ប្រកាសថានឹងប្រគល់​អំណាចគ្រប់គ្រងបក្ស ទៅឲ្យ​​មនុស្សជំនាន់ថ្មី

លោក​ លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី​ បានប្រកាសនៅថ្ងៃអាទិត្យ​ទី​៥វិច្ឆិកា​ថា លោកនឹងផ្ទេរអំណាចគ្រប់គ្រងគណបក្ស ទៅឲ្យ​មនុស្សជំនាន់ថ្មី ដើម្បីឈានទៅយកជ័យជំនះនៅក្នុងការបោះឆ្នោត​អាណត្តិក្រោយ​។ ការបោះឆ្នោត ដែលគ្រោងធ្វើនៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ ក្រុមការងារជំនាន់ថ្មីនេះ នឹងដឹកនាំដោយលោក Lawrence Wong អាយុ អាយុ៥០ឆ្នាំ បច្ចុប្បន្នជា​ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុសិង្ហបុរី​។

លោក Lee Hsien Loong ក្នុងជំនួបកំពូលអាស៊ាន នៅក្រុងចាកាតា ថ្ងៃទី ៥ កញ្ញា ២០២៣
លោក Lee Hsien Loong ក្នុងជំនួបកំពូលអាស៊ាន នៅក្រុងចាកាតា ថ្ងៃទី ៥ កញ្ញា ២០២៣ AP - Mast Irham
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់គណបក្ស​ People’s Action Party (PAP) លោកលី សៀនឡុង​បានលើកឡើងថា ក្រុមការងាររបស់​លោក Lawrence Wong បាន​ទទួល​បាននូវបទពិសោធន៍​ការងារជោគជ័​យ​ដ៏ច្រើន នៅក្នុងអំឡុងពេល​វិបត្តិកូវីដ​១៩។ ដូច្នេះ​ គ្មានហេតុផលអ្វីដែលត្រូវបង្អែរបង្អង់ ពន្យាពេលនៃ​ការផ្ទេរអំណាចទៀតនោះទេ។ លោក​លី សៀនឡុង បាន​បន្ថែមទៀតថា លោក​នឹង​ត្រៀមខ្លួនជាប្រចាំ ចាំជួយនាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាលថ្មី​។​

សូមរំលឹកថា លោក​ លី សៀនឡុង ដែលបច្ចុប្បន្នមានអាយុ៧១ឆ្នាំ ធ្លាប់​បានសន្យាថា លោក​នឹងផ្ទេរអំណាចទៅឲ្យ​មនុស្សជំនាន់ថ្មី នៅពេល​លោកចូលអាយុ៧០ឆ្នាំ។ ក៏ប៉ុន្តែកាលពីឆ្នាំ​២០២២ ដោយសារតែ​​វិបត្តិជម្ងឺកូវីដ​១៩ បានធ្វើឲ្យ​លោក​សម្រេចចិត្តបន្តគ្រប់គ្រងប្រទេស​បន្តទៀត ដោយខ្លាចក្រែងមនុស្ស​ថ្មីគ្មានបទពិសោធន៍​ ធ្វើ​ឲ្យ​ប្រទេសជួបបញ្ហា​ពិបាក​។

ថ្លែងនៅចំពោះមុខសមាជិកបក្សប្រមាណជាង​១ពាន់នាក់ នៅថ្ងៃទី​៥វិច្ឆិកានេះ លោកលី សៀនឡុង បាន​អះអាងថា លោកនឹងប្រគល់ការងារ​ទៅឲ្យ​លោក Lawrence Wong ដើម្បីដឹកនាំគណបក្សឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតអាណត្តិក្រោយ​។ លោក​បន្ថែមថា បើអ្វីៗរលូនដូចការរំពឹងទុក គឺលោក​នឹងផ្ទេរអំណាចជាផ្លូវការ នៅថ្ងៃបុណ្យខួប​លើកទី​៧០ នៃគណបក្ស​ People’s Action Party នៅខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក​ Lawrence Wong បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី នៅក្នុងកម្មវិធីប្រជុំ​ G20 Finance នៅក្រុង Nusa Dua កោះបាលី ថ្ងៃទី ១៦កក្កដា ២០២២
លោក​ Lawrence Wong បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី នៅក្នុងកម្មវិធីប្រជុំ​ G20 Finance នៅក្រុង Nusa Dua កោះបាលី ថ្ងៃទី ១៦កក្កដា ២០២២ AFP - SONNY TUMBELAKA

គួរបញ្ជាក់ថា ប្រសិន​បើ​លោក Lawrence Wong នឹងឡើងមកដឹកនាំប្រទេស​មែន នោះគឺជាលើកទី​២ហើយ សម្រាប់សិង្ហបុរី ដែលមាននាយករដ្ឋមន្ត្រី ​មិនមែនជាមនុស្ស​ក្នុងវង់ត្រកូលលី​។ លោកលី សៀនឡុង ដែល​បាន​ចូលកាន់អំណាចនៅឆ្នាំ​២០០៤ បាន​លើកឡើងថា “ប៉ុន្មានឆ្នាំមកនេះ​ គណបក្ស​ People’s Action Party បានធ្វើកំណែទម្រង់​ស៊ីជំរៅច្រើនណាស់ ដើម្បីឆ្លើយតបទៅ​នឹង​​ឧបសគ្គ ក៏ដូចជាការលំបាក​ទាំងឡាយ ដែលបានចោទឡើង ដើម្បីឈាន​ទៅ​​​រក្សាប្រទេសឲ្យមានស្ថិរភាពនិង​​សន្តិសុខ​។

គួរកត់សំគាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានរឿងអាស្រូវខ្លះៗ បាន​ផ្ទុះឡើងធ្វើរញ្ជួយដល់ក្បាលម៉ាស៊ីននយោបាយ​សិង្ហបុរី ដែល​គេធ្លាប់តែអួតសរសើរថា គ្មាន​អំពើពុករលួយ។ រឿងអាស្រូវពុករលួយ មានពាក់ព័ន្ធនឹងលោក​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ហើយបានថែមទាំង​ធ្វើ​ឲ្យ​សមាជិកសភា២នាក់ នៃគណបក្សកាន់អំណាច ត្រូវបង្ខំចិត្តលាលែងពីមុខងារ​ទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ