អានតួអត្ថបទ
ចិន-បំណុល

របាយការណ៍អាមេរិក​ថា​ចិន​ក្តាប់​​បំណុលជាង​​១១០០​ពាន់​លានក្នុងគម្រោង​ផ្លូវសូត្រ​ថ្មី

បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន បាន​រុញ​ច្រាន​ប៉េកាំង​ឱ្យ​ក្លាយ​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ ទំហំ​ប្រមាណ​ជាង​១១០០ពាន់​លាន​ដុល្លារ​។ ​កូន​បំណុល ​៨០%​ជា​ប្រទេស​ក្រីក្រ​ ​មាន​វិបត្តិ​ហិរញ្ញវត្ថុ។

​ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ ទំហំ​ប្រមាណ​ជាង​១១០០ពាន់​លាន​ដុល្លារ
​ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ ទំហំ​ប្រមាណ​ជាង​១១០០ពាន់​លាន​ដុល្លារ AP - Hyung-jin Kim
ផ្សាយពាណិជ្ជកម្ម

ផ្តួចផ្តើម​ដោយ​លោកប្រធានាធិបតី​ចិន​ស៊ីជីនពីង កាលពី​១០​ឆ្នាំមុន ដើម្បី​បង្ហាញ​ឥទ្ធិពល​​ពាណិជ្ជកម្ម​ដ៏​ចែង​ចាំង​របស់​ចិន គម្រោង​ផ្លូវ​សូត្រ​ថ្មី ឬ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ ប្រមូល​ផ្តុំ​ជាង១៥០ប្រទេស រាប់​តាំងពី​អ៊ុយរ៉ាហ្កាយ​ដល់​ស្រីលង្កា ភូមា ម៉ាឡេស៊ី ដោយ​មិន​ភ្លេច​ទេ​បណ្តា​ប្រទេស​នៅទ្វីបអាហ្វ្រិក។

ដើម្បី​សម្រេច​​គម្រោង​នេះ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​​ដ៏មហិមាដល់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម សម្រាប់​​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ជា​កំពង់ផែ ស្ពាន ផ្លូវដែក ឬ​​ផ្លូវ​ថ្នល់​ល្បឿន​លឿន។ ឥលូវ​ដល់​វេលា​ដែល​បណ្តា​ប្រទេស​ក្រីក្រ​និង​មធ្យម​ទាំង​នេះ ត្រូវ​សង​ប្រាក់​ដើម​ហើយ។ នេះ​បើ​តាម​របាយការណ៍AidData​​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​College of William and Mary ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទទី​៦​វិច្ឆិកា​២០២៣ ដោយ​ព្យាករ​ថា​ កូន​បំណុល​ត្រូវ​សង​ប្រាក់​ដើម​ឱ្យ​បាន​៧៥%​នៅ​ដំណាច់​ទសវត្សរ៍​។

បើ​តាម​ការ​វិភាគ​ទិន្នន័យ​ស្តីពី​កម្ចី​ហិរញ្ញវត្ថុ​ចិន​ក្នុង១៦៥​ប្រទេស ដែល​មានគម្រោងសរុប​ជិត​​២១០០០​គម្រោង AidData​យល់​ថា ក្នុង​មួយ​ឆ្នាំៗ​ប៉េកាំង​ព្រម​ផ្តល់​ជំនួយ​និង​កម្ចី​ហិរញ្ញវត្ថុ​ប្រមាណ​ជិត​៨០​ពាន់​លានដុល្លារ​ដល់​បណ្តាល​ប្រទេស​ក្រីក្រ​និង​មាន​ចំណូល​មធ្យម ទល់​នឹង​អាមេរិក​ដែល​ព្រម​ត្រឹម​៦០ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ចំពោះ​ក្រុម​ប្រទេស​ដូច​គ្នា។ ដូច្នេះ​មាន​ន័យ​ថា ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក​ ជា​ផ្លូវការ។ ជា​សរុប​ ដោយ​មិន​រាប់ការ​ប្រាក់​​បញ្ចូលចិន​កំពុង​ក្តាប់​បំណុល​ដើម​ ចំនួន​យ៉ាង​ហោច​១១០០ពាន់​លាន​ដុល្លារ​​​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ AidData​ ដែល​ប៉ាន់​ស្មាន​ទៀត​ថា ៨០%​នៃ​ប្រាក់​បំណុល​​បរទេសដែល​ជំពាក់​​ចិន​ នៅ​លើ​ពិភពលោក​ជា​បំណុលអភិវឌ្ឍ​ជួយ​ទ្រទ្រង់​ប្រទេស​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ននេះ។

ថ្វី​បើ​ជា​ផ្លូវការ​ សកម្មជន​នៃ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ចិន អួត​អាង​ថា​គម្រោង​បាន​ពាំនាំ​ធនធាន​និង​កំណើន​អភិវឌ្ឍ​ន៍ដល់​បណ្តា​ប្រទេស​ក្រីក្រ​ដ៏​ច្រើន​មែន​ ប៉ុន្តែ​សម្រាប់​អ្នក​ប្រឆាំង ក្រុមហ៊ុន​ចិន​ទទួល​បន្ទុក​សាង​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​គ្មាន​​​តម្លាភាព​​​ផ្នែក​តម្លៃទេ។ ​ប្រទេស​ខ្លះ​ មាន​អាទិ៍​​ម៉ាឡេស៊ី​ ឬភូមា កំពុង​សាក​ល្បង​ចរចាជាមួយ​ចិន​ឡើង​វិញ​ដើម្បី​​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ