អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូរ៉េ

អាមេរិក​និង​កូរ៉េខាង​ត្បូង​ថ្កោល​ទោស​ការ​បញ្ជូន​អាវុធ​ពី​ព្យុងយ៉ាង​ទៅ​ម៉ូស្គូ

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូល ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក អង់តូនី ប្លីងកិន និងលោក យ៉ូន ស៊ុកយោល ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង បានថ្លែង​​ថ្កោល​ទោស​រួម​គ្នា​ការ​បញ្ជូន​អាវុធ​របស់​កូរ៉េខាង​ជើង​ទៅ​ម៉ូស្គូ ដើម្បី​គាំទ្រ​រុស្ស៊ី​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

អាមេរិក​និង​កូរ៉េខាង​ត្បូង​ថ្កោល​ទោស​ការ​បញ្ជូន​អាវុធ​ពី​ព្យុងយ៉ាង​ទៅ​ម៉ូស្គូ
អាមេរិក​និង​កូរ៉េខាង​ត្បូង​ថ្កោល​ទោស​ការ​បញ្ជូន​អាវុធ​ពី​ព្យុងយ៉ាង​ទៅ​ម៉ូស្គូ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេសនៃ​ក្រុមហ្សេ​៧​នៅទីក្រុង​តូក្យូ​រួច លោក​ប្រមុខ​ការទូត​អាមេរិក​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​សេអ៊ូល​នៅថ្ងៃព្រហស្បតិ៍ទី ៩​វិច្ឆិកា​២០៣ ជា​លើក​ទី​មួយ តាំងពី​​លោក​ យ៉ូន​ ស៊ុកយោល​ ឡើង​កាន់​តំណែងជា​​ប្រធានាធិបតី​កូរ៉េខាង​ត្បូងមក។

នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​ជំនួបពិភាក្សា​គ្នា​រួច ប្រមុខ​ការទូត​អាមេរិក​និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងត្បូង បាន​ប្រកាស​ថ្កោល​ទោស​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារយោធា​និង​គ្រាប់​រំសេវ​ របស់​កូរ៉េខាង​ជើង​ទៅ​ឱ្យ​សហព័ន្ធ​រុស្ស៊ី​ ដើម្បី​អាច​បន្ត​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។ សេអ៊ូល​យល់​ថា ក្រោយ​ទស្សនកិច្ច​របស់​លោក​គីមជុងអ៊ុន​នៅ​រុស្ស៊ី កូរ៉េខាង​ជើង​ទំនង​ជា​បាន​បញ្ជូន​គ្រាប់​កាំភ្លើង​ធំ​ចំនួន​១លាន​គ្រាប់​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ចំណេះ​ធ្វើ​ក្នុង​វិស័យ​បច្ចេកវិទ្យាអវកាស។ សម្រាប់​​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ម៉ូស្គូ​និង​ព្យុងយ៉ាង​ កាន់​តែ​ខ្លាំងឡើង ប៉ះពាល់​ដល់​​សន្តិសុខ​​ក្នុង​តំបន់​ណាស់។ លោក ប្លីងកិន​ បាន​សន្យា​ថា​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​ ដើម្បី​ធ្វើ​ឱ្យ​យ៉ាង​ណា​ឱ្យ​មានការ​គោរព​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​គោរព​សណ្តាប់​ធ្នាប់​ពិភពលោក ដោយ​មិន​រីក​សាយ​ភាយ​អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ​ម៉ូស្គូ​បានឆ្លើយ​តប​ថា​​អំណះអំណាង​ខាង​លើ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ។

ក្រៅ​អំពីអរគុណ​កូរ៉េខាង​ត្បូង​ដែល​ប្តេជ្ញា​ជួយ​​អ៊ុយក្រែន លោក​អង់តូនី​ប្លីងកិន ក៏​បាន​ថ្លែង​អំណរគុណ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា។

ក្រោយ​ទស្សនកិច្ច​របស់​លោក​ប្លីងកិន​ សេអ៊ូល​នឹង​ទទួល​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយ៍​អូស្ទីន ដែល​មាន​កម្មវត្ថុ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។ កាលពី​ខែ​តុលា យន្តហោះចម្បាំង​អាមេរិក​B-៥២​ ដែល​មាន​លទ្ធភាព​​ពាំ​គ្រាប់​​បែក​នុយក្លេអ៊ែរ​ បាន​ចេញ​ធ្វើ​បេសកកម្ម​ដ៏​កម្រ​មួយ​នៅ​កូរ៉េខាង​ត្បូង។​ សហរដ្ឋ​អាមេរិ​ក៏​កំពុង​ស្វះស្វែង​ពង្រឹង​សម្ព័ន្ធភាពយោធា​​ត្រីភាគី​អាមេរិក​ជប៉ុន​កូរ៉េខាង​ត្បូង​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ខិត​ខំ​បង្ហាញ​វត្តមាន​​នៅ​អាស៊ីប៉ាស៊ីហ្វិក​ប្រឈម​នឹង​កូរ៉េខាង​ជើង​ផង ប្រឈម​នឹង​ការ​វាត​ទី​របស់​ចិន​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ