អានតួអត្ថបទ
អាមេរិក​-កូរ៉េខាងត្បូង-ជប៉ុន

អាមេរិក ជប៉ុន កូរ៉េខាងត្បូង ​បើកដំណើរការចែករំលែក​ទិន្នន័យគ្នា ស្តីពីការបាញ់​មីស៊ីលរបស់កូរ៉េខាងជើង

រដ្ឋមន្រ្តីការពារជាតិ​សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅថ្ងៃទី​១៣វិច្ឆិកា ដើម្បីនិយាយអំពីកិច្ចសហប្រតិបត្តិការការពារសន្តិសុខក្នុងតំបន់ ដែល​កូរ៉េខាងជើង​​គំរាមកាន់តែ​​ខ្លាំង។ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា ថានឹងចាប់ផ្តើមដាក់​ឲ្យដំណើរការចាប់ពីខែធ្នូខាងមុខនេះទៅ នូវប្រតិបត្តិការចែករំលែក​​ទិន្នន័យ​គ្នាទៅវិញទៅមក ភ្លាមៗ​ក្នុងពេលតែមួយ ស្តីអំពី​សកម្មភាពបាញ់មីស៊ីលរបស់​កូរ៉េខាងជើង​។

In this photo provided by the South Korea Defense Ministry, U.S. Secretary of Defense Lloyd Austin, left, and his South Korean counterpart Shin Won-sik shake hands for a photo ahead of the 55th Securi
In this photo provided by the South Korea Defense Ministry, U.S. Secretary of Defense Lloyd Austin, left, and his South Korean counterpart Shin Won-sik shake hands for a photo ahead of the 55th Security Consultative Meeting (SCM) at the defense ministry in Seoul, South Korea, Monday, Nov. 13, 2023. (South Korea Defense Ministry via AP) AP
ផ្សាយពាណិជ្ជកម្ម

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មានវត្តមាននៅទីក្រុងសេអ៊ូល ជួបប្រជុំជាមួយ​សមភាគីកូរ៉េខាងត្បូង លោក Shin Won Sik ។ ចំណែក​លោក​រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara មានវត្តមាន​ពីចំងាយ​ប្រព័ន្ធវីដេអូខុនហ្វឺរិនស៍​។ យោងតាមលិខិតប្រកាសរបស់​ក្រសួងការពារជាតិកូរ៉េខាងត្បូង គឺរដ្ឋមន្ត្រីទាំង​៣បាន​យល់ស្របគ្នាថា ការរៀបចំដាក់​ឲ្យដំណើរការនូវប្រព័ន្ធ​ចែករំលែកព័ត៌មាន​គ្នាទៅវិញទៅមក បានដើរមកដល់ដំណាក់​កាលចុងក្រោយជិតរួចរាល់ហើយ។ ដូច្នេះ​ប្រតិបត្តិការនេះ នឹងត្រូវចាប់​ផ្តើមដំណើរការជាផ្លូវការ​ នៅដើមខែ​ធ្នូ​។ បន្ថែមពីនេះ រដ្ឋមន្ត្រីទាំង​៣នាក់ បានយល់ស្របគ្នា ក្នុង​បង្កើតគម្រោងផែនការ​ច្រើនឆ្នាំ សំដៅ​រៀបចំសមយុទ្ធយោធារួមគ្នាទាំង​៣កងទ័ព ចាប់ពីខែ​មករាឆ្នាំក្រោយទៅ​។

ប្រភពពីក្រសួងការពារជាតិអា​មេរិកវិញ បានឲ្យដឹងថា ក្នុងពេលប្រជុំ រដ្ឋមន្ត្រីទាំង៣នាក់ បាន​និយាយគ្នាវាយតម្លៃទៅលើ​កត្តាសន្តិសុខតំបន់ ដែលកាន់តែរងការគំរាមកំហែង ជាក់ស្តែងដោយសារតែអាវុធមីស៊ីល​បាលីស្ទីក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង​។ ក្រៅពីនេះ រដ្ឋមន្ត្រីការពារជាតិទាំង៣ បានថ្លែងថ្កោលទោសទៅលើ ចំណងសហប្រតិបត្តិការយោធា រវាង​រុស្ស៊ី និងកូរ៉េខាងជើង​ ដែលវាបំពានទៅនឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ​។ លោក​អង់តូនី ប្លីងកិន ដែលបានទៅក្រុងសេអ៊ូល​កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បានលើកឡើងថា​ចំណងសហការផ្នែកយោធា រវាងរុស្ស៊ី​និង​កូរ៉េខាងជើង កាន់តែ​ស្និទ្ធខ្លាំងឡើងដ៏គួរជាទីគ្រោះថ្នាក់បំផុត​។

គួររំលឹកថា សម្ព័ន្ធភាពរវាង អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានឈាន​កាន់តែរឹងមាំ បន្ទាប់​ពីលោកចូ បៃដិនបានរៀបចំជំនួប​កំពូលត្រីភាគី ជាលើកទី១ នៅឯ Camp David កាលពី​ខែ​សីហា។ គឺក្នុងឱកាសនោះហើយ ដែល​ថ្នាក់ដឹកនាំប្រទេស​ទាំង​៣ បានព្រមព្រៀងគ្នា ពង្រឹងសហប្រតិបត្តិការ​ផ្នែកសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការគំរាមកាន់តែខ្លាំងឡើងរបស់​ព្យុងយ៉ាង។

គួរបញ្ជាក់ដែរថា នៅទីក្រុងសេអ៊ូលថ្ងៃចន្ទទី​១៣វិច្ឆិកា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង ក៏បានចុះកិច្ចព្រមព្រៀងទ្វេរភាគីមួយដែរ ដើម្បី​កែប្រែសើរើ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រនៃវិធានការ​​សំឡុត​ ដែលប្រទេសទាំង​២បានចុះហត្ថលេខាកាលពី១០ឆ្នាំមុន​។ ដោយមិនបញ្ជាក់លំអិត​ថា​ ការកែប្រែថ្មីមានខ្លឹមសារយ៉ាងណាខ្លះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានត្រឹមបញ្ជាក់ថា ការ​កែប្រែថ្មីគឺដើម្បីឆ្លើយតបទៅភាពទំនើបឈានឡើង នៃ​គ្រឿងសព្វាវុធរបស់​កូរ៉េខាងជើង ហើយដែល​តម្រូវឲ្យ​កូរ៉េខាងត្បូងនិងអាមេរិក ត្រូវតែ​រិះរកមធ្យោបាយ​ថ្មី​ឲ្យ​សមស្របដើម្បី​កំញើញទៅវិញ​។ ផ្អែកតាម​កិច្ចព្រមព្រៀងចាស់ គឺសហរដ្ឋអាមេរិក​អាចមាន​លទ្ធភាព​ប្រើប្រាស់ គ្រប់​​មធ្យោបាយ​យុទ្ធសាស្ត្រកងទ័ព​​ទាំងអស់ ដោយរាប់ទាំងអាវុធនុយក្លេអ៊ែរ ដើម្បី​ការពារ​សម្ព័ន្ធរបស់ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ