អានតួអត្ថបទ

គណៈប្រតិភូរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បីបង្កើនល្បឿន សហប្រតិបត្តិការ រុស្ស៊ី-កូរ៉េខាងជើង

គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Alexander Kozlov បានទៅដល់ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ។ នេះបើតាមការប្រកាសឲ្យដឹងនៅថ្ងៃពុធទី ១៥ វិច្ឆិកា ពីសំណាក់ភា្នក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង KCNA។ ប្រភពដដែលបន្ថែមថា រុស្ស៊ី និង កូរ៉េខាងជើង នឹងជួបពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ គួរបញ្ជាក់ថា ទំនាក់ទំនងកាន់តែរីកធំឡើងរវាងប្រទេសទាំងពីរ កំពុងបង្កក្តីព្រួយបារម្ភសម្រាប់ អាមេរិក និង កូរ៉េខាងត្បូង។

គណៈប្រតិភូរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បី “ បង្កើនល្បឿន ” សហប្រតិបត្តិការ រុស្ស៊ី-កូរ៉េខាងជើង
គណៈប្រតិភូរុស្ស៊ី ទៅព្យុងយ៉ាង ដើម្បី “ បង្កើនល្បឿន ” សហប្រតិបត្តិការ រុស្ស៊ី-កូរ៉េខាងជើង © AP
ផ្សាយពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA នៅក្នុងជំនួបនេះ ប្រទេសទាំងពីរ បានសម្រេចព្រមព្រៀងគ្នាជម្រុញល្បឿននៃចំណងទ្វេភាគី លើគ្រប់វិស័យ ឲ្យកាន់តែស្ទុះលឿនខ្លាំងទៅមុខបន្ថែមទៀត។ សូមរំឭកថា ទស្សនកិច្ចរបស់រុស្ស៊ីលើកនេះ គឺធ្វើឡើង ១ សប្តាហ៍ក្រោយពេលដែល ប្រមុខកាទូតអាមេរិកលោក អង់តូនី ប៊្លីងកិន បានថ្លែងថា ដំណើររីកធំឡើងនៃសហប្រតិបត្តិការ រុស្ស៊ី-កូរ៉េខាងជើង គឺជាគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ។ ក្នុងពេលជាមួយគ្នានេះ លោក ប៊្លីងកិន បានទទួចជំរុញឲ្យចិន ដែលជាសម្ព័ន្ធមិត្តរបស់ព្យុងយ៉ាង ត្រូវរារាំងកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ កុំឲ្យធ្វើជ្រុលហួសហេតុ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។

ដោយពុំអើពើនឹងសំដីរបស់អាមេរិក កូរ៉េខាងជើង កាន់តែបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ ជាក់ស្តែង​ គណៈប្រតិភូកូរ៉េខាងជើងមួយក្រុម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកីឡា និង វប្បធម៌ បានធ្វើដំណើរទៅចូលរួមវេទិកាស្តីពីកីឡា ដែលប្រព្រឹត្តទៅនៅទីក្រុង ពែម ក្នុងប្រទេសរុស្ស៊ី។ ផ្អែកតាមអ្នកវិភាគ សកម្មភាពទាំងនេះបង្ហាញច្បាស់ក្រឡែតថា ម៉ូស្គូ និង ព្យុងយ៉ាង មានឆន្ទៈបន្ថែមសន្ទុះទំនាក់ទំងរបស់ខ្លួន ដោយមិនខ្វល់ពីការទិតៀន ឬ បរិហារ ពីសហគមអន្តរជាតិឡើយ។

ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន កូរ៉េខាងត្បូងធ្លាប់បានចោទប្រកាន់ កូរ៉េខាងជើងថា បានបញ្ជូនគ្រឿងសព្វាវុធជាង​១លានគ្រឿងទៅឲ្យរុស្ស៊ី។ ជាប្រយោជន៍ត្រឡប់មកវិញ ព្យុងយ៉ាងទំនងជាទទួលបាននូវបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបយោធាពីរុស្ស៊ី ដែលជាមហិច្ឆតាធំមួយរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា សម្រាប់កូរ៉េខាងជើង ការនាំចេញគ្រឿងសព្វាវុធទៅឲ្យរុស្ស៊ី គឺជាការចាំបាច់មួយដែរ ដើម្បីពង្រីកវិសាលភាពនៃវិស័យពាណិជ្ជកម្មរបស់ខ្លួន។ មួយវិញទៀត តាមរយៈការដោះដូរពាណិជ្ជកម្មនេះ កូរ៉េខាងជើង ដែលជាប្រទេសក្រីក្រ ទទួលបានមកវិញនូវ ផលិតផលចំណីអាហារ និង ធានធានថាមពល សម្រាប់ប្រើប្រាស់ក្នុងស្រុក។  

សូមរំឭកថា រុស្ស៊ីនិងកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រនឹងគ្នា សុទ្ធតែជាប់ក្នុងទណ្ឌកម្មអន្តរជាតិ ពោលគឺ រុស្ស៊ី ក្នុងបទលុកលុយចូលអ៊ុយក្រែន ចំណែកកូរ៉េខាងជើង ក្នុងបទបំពាក់អាវុធនុយក្លេអ៊ែរ និង បាញ់បង្ហោះមីស៊ីលជារឿយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ