អានតួអត្ថបទ
អូស្ត្រាលី-ប៉ាពូអាស៊ីនូវែលហ្គីណេ

អូស្ត្រាលី ចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយ​ប៉ាពូអាស៊ីនូវែលហ្គីណេ

ប​ន្ទាប់ពីបាន​ស្ទាក់ស្ទើរក្នុង​ចិត្ត ទីបំផុតរដ្ឋាភិបាល​ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ បានសម្រេ​ច​ចុះកិច្ចព្រមព្រៀងសន្តិសុខ​ជាមួយ​អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី​៧ធ្នូ​។ កាលពីដើមឆ្នាំ២០២៣ រដ្ឋាភិបាល​ប៉ាពូអាស៊ី នូវែលហ្គីណេ ធ្លាប់​បានបង្ហាញ​ការព្រួយ​បារម្ភ ថាកិច្ចព្រមព្រៀងសន្តិសុខនេះ អាចនឹងប៉ះពាល់ មកលើ​អធិបតេយ្យ​ភាព របស់ប្រទេសខ្លួន។

Australia's Prime Minister Anthony Albanese, left, meets with Papua New Guinea's Prime Minister James Marape at Parliament House in Canberra, Australia, Thursday, Dec. 7, 2023. The Australian governme
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បាណេស ចាប់ដៃជាមួយ​លោក​James Marape នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​វិមាន​រដ្ឋសភា ក្រុងកង់បេរ៉ា ថ្ងៃទី​៧ធ្នូ២០២៣ AP - Mick Tsikas
ផ្សាយពាណិជ្ជកម្ម

លោក James Marape នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កិច្ច​ព្រមព្រៀងជាមួយ​អូស្ត្រាលីនេះ គឺ​ក្តោបទៅលើ​វិស័យ​សន្តិសុខ តួយ៉ាង ការរក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និង​ការសហការ​ក្នុងវិស័យយុត្តិធម៌​។ សន្តិសុខ​​ផ្ទៃក្នុង​របស់ ប៉ាពូអាស៊ី នូវែលហ្គីណេ នឹងត្រូវបានពង្រឹង តាមរយៈការជួយ​ពីសំណាក់អូស្ត្រាលី ក្នុងការបណ្តុះបណ្តាល​មន្ត្រីនគរបាលជំនាញ នឹងតាមរយៈការទប់ស្កាត់​ការឧក្រិដ្ឋ​កម្ម ការជួញដូរគ្រឿងញៀន អាវុធ និង​អំពើហិង្សាផ្សេងៗ។

លោកអង់តូនី អាល់បាណេស នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងអបអរចំពោះការចុះកិច្ចព្រមព្រៀងថ្មីនេះ ដែលលោកចាត់ទុកថា វានឹងមកជួយ​រក្សា​ការពារស្ថិរភាពតំបន់។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​សន្តិសុខនេះ នឹង​អនុញ្ញាត​ឲ្យ​មានការ​ជួយ​បណ្តុះបណ្តាល​មន្ត្រីនគរបាល​ប៉ាពូអាស៊ី នូវែលហ្គីណេ ជួយ​ផ្តល់​មធ្យោបាយ​ច្រើន ដល់​ចៅក្រម ព្រមទាំង​ជួយ​ពង្រឹងដល់​ការប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សាធ្វើទៅលើស្ត្រី។ ក្រៅពីនេះ កិច្ចព្រមព្រៀងនេះ ក៏បាន​កំណត់អំពីការសហការគ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង នឹងវិបត្តិអាកាសធាតុ សន្តិសុខ​ព័ត៌មានវិទ្យា ព្រមទាំង​ការជួយគ្នាក្នុងករណី​មានគ្រោះមហន្តរាយធម្មជាតិ​ជាដើម​។

គួរកត់សំគាល់ថា តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង បានក្លាយ​ជាទីប្រជែង​ក្តោបក្តាប់ឥទ្ធិពល ដែលមានម្ខាងជាចិន ម្ខាងទៀតគឺសហរដ្ឋអាមេរិក​សហការជាមួយអូស្ត្រាលី​។ កាលពី​ខែមេសា ឆ្នាំ​២០២២ ចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខមួយ ជាមួយ​កោះសាឡូម៉ុង។ ខ្លឹមសារលំអិតនៃកិច្ចព្រមព្រៀងនេះ ត្រូវបានភាគីទាំង២លាក់ជិត ដែលបានបង្កឲ្យ​មានការសង្ស័យថា ចិនអាចនឹងប្រើប្រាស់កោះសាឡូម៉ុង ដើម្បីបោះទីតាំងមូលដ្ឋានទ័ព ប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​។

គួរបញ្ជាក់ដែរថា ប៉ាពូអាស៊ី នូវែលហ្គីណេ ក៏ជា​ទីចាប់អារ​ម្មណ៍ណាស់ដែរ​ សម្រាប់ចិន និង​សហរដ្ឋអាមេរិក ដោយសារតែប្រទេសនេះ ស្ថិតនៅ​ចំចំណុចឆ្លង​កាត់ផ្លូវសមុទ្រ​ដ៏សំខាន់ និងមានធនធានរ៉ែមាស ឧស្ម័ន និង​រ៉ែកម្រផ្សេងៗជាច្រើន។ កាលពីខែឧសភា រដ្ឋាភិបាលប៉ាពូអាស៊ី នូវែលហ្គីណេបានចុះកិច្ចព្រមព្រៀង​មួយ ជាមួយសហរដ្ឋអាមេរិក ដោយ​យល់ព្រម​បើក​ឲ្យ​កងទ័ពអាមេរិក អាចប្រើប្រាស់​កំពង់ផែ មូលដ្ឋាន​ទ័ពជើងទឹក និង​ព្រលានយន្តហោះផង។ ​ដោយឡែក ចិន​ក៏បាន​ប្រើប្រាស់​យុទ្ធសាស្ត្រលួងលោម​ប៉ាពូអាស៊ី នូវែលហ្គីណេ ដែរ តាមរយៈគម្រោងវិនិយោគជាច្រើន​ លើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និង​គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​។

យ៉ាងណាក៏ដោយ លោក​នាយករដ្ឋមន្ត្រីប៉ាពូអាស៊ី នូវែលហ្គីណេ បានអះអាងនៅថ្ងៃព្រហស្បតិ៍​ទី​៧ធ្នូ​​ថា ប្រទេសលោកចង់​ធ្វើជាមិត្តជាមួយ​គ្រប់គ្នា ហើយ​មិនចង់​ធ្វើជា​សត្រូវ​របស់នរណាទាំងអស់។ ប៉ាពូអាស៊ី នូវែលហ្គីណេ ចង់ធ្វើការជាមួយ​សហរដ្ឋអាមេរិក និងអូស្ត្រាលី តែមិន​ចង់បង្កបញ្ហាអ្វីជាមួយ​ចិន​នោះទេ។ ថ្លែងក្នុងសន្និសីទកាសែត​ រសៀល​ថ្ងៃ៧ធ្នូ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានអះអាងថាចិនសប្បាយរីករាយ​ដែលឃើញ ប៉ាពូអាស៊ី នូវែលហ្គីណេ ចុះកិច្ចព្រមព្រៀងជាមួយ​អូស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ