អានតួអត្ថបទ
ថៃ-វិបត្តិនយោបាយ

លោកភិថា លីមចៈរើនរ៉ាត់ ចូលខ្លួនទៅសវនាកា​រតុលាការធម្មនុញ្ញថៃ

តុលាការ​ធម្មនុញ្ញថៃ បានបើក​សវនាការ​ដោយ​គ្មានអ្នកកាសែតចូលរួមស្តាប់​ នៅព្រឹក​ថ្ងៃពុធទី​២០ធ្នូ​ លើសំណុំរឿងទាក់ទិន​នឹង​​លោក ​ភិថា លីមចៈរើនរ៉ាត់ អតីតបេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ដ៏មានប្រជាប្រិយ​ភាព​។ លោកភិថា ត្រូវបាន​គេចោទ ថាបានធ្វើបំពាននឹងច្បាប់បោះឆ្នោត ហើយអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ព្រមទាំងលែងមាន​​ សិទ្ធិ​ឈរឈ្មោះបោះឆ្នោត ​ថែមទៀត។ តុលាការធម្មនុញ្ញថៃ​ បាន​បញ្ជាក់ថា សេចក្តី​សម្រេច​នឹងត្រូវប្រកាស នៅថ្ងៃទី​២៤មករា។

លោក ភិថា លីមចៈរើនរ៉ាត់ ក្នុងពេលឆ្លើយសំណួរអ្នកកាសែត ក្រោយ​ចេញពី​អង្គសវនាការរបស់តុលាការធម្មនុញ្ញថៃ ព្រឹកថ្ងៃទី​២០ ធ្នូ ២០២៣
លោក ភិថា លីមចៈរើនរ៉ាត់ ក្នុងពេលឆ្លើយសំណួរអ្នកកាសែត ក្រោយ​ចេញពី​អង្គសវនាការរបស់តុលាការធម្មនុញ្ញថៃ ព្រឹកថ្ងៃទី​២០ ធ្នូ ២០២៣ AFP - LILLIAN SUWANRUMPHA
ផ្សាយពាណិជ្ជកម្ម

សូមរំលឹកថា លោក ភិថា លីមចៈរើនរ៉ាត់ អាយុ៤៣ឆ្នាំ​ អតីតប្រធានគណបក្ស Move Forward គឺជាអតីត​បេក្ខជននាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីគណបក្សរបស់​លោក​ បានឈ្នះ​បាន​អាសនៈសភា​នាំមុខ​គេ ក្នុងការបោះឆ្នោត​សភា កាលពីខែ​ឧសភាកន្លងទៅ។ គណបក្សរបស់លោកភិថា ដែល​មានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ​ បានទទួលការគាំទ្រខ្លាំង ជាពិសេសពីសំណាក់​យុវជន​វ័យក្មេងៗ ដែលនឿយណាយ​នឹងអំណាច​របស់​ក្រុមយោធាអភិរក្សនិយម​​។ ក៏ប៉ុន្តែ ក្រុមយោធាថៃ និង​ក្រុមសមាជិកសភា​អភិរក្សនិយមថៃ បាន​រារាំងបានសម្រេច មិន​ឲ្យ​លោក​ភិថា​ លីមចៈរើនរ៉ាត់ ក្លាយ​ជានាយករដ្ឋមន្ត្រី​។

ក្រោយ​លទ្ធផល​បោះឆ្នោតសភា ដែល​បង្ហាញជ័យជំនះ របស់​លោក​ ភិថា លីមចៈរើនរ៉ាត់ គណៈកម្ម​ការ​ជាតិ​រៀបចំការបោះឆ្នោតថៃ បាន​ចោទប្រកាន់ថា លោកភិថា ​បានធ្វើបំពាននឹងច្បាប់​បោះឆ្នោត ដែលហាម​មិន​ឲ្យ​បេក្ខជនឈរឈ្មោះ មានចំណែក​​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មានណាមួយ​​​។ គេចោទ​ថា ក្នុងពេលឃោសនាបោះឆ្នោត លោកភិថា មានភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុនបណ្តាញ​ទូរទស្សន៍ iTV។ លោក​ភិថា លីមចៈរើនរ៉ាត់ បាន​ឆ្លើយ​អះអាងថា ភាគហ៊ុនដែលលោកមាន វាគឺជា​ការផ្ទេរមរតកមកពីឪពុករបស់​លោក តែប៉ុណ្ណោះ​។ ហើយជាងនេះទៀត ស្ថានីយ​ទូរទស្សន៍ ​iTV បានបិទការផ្សាយទាំងស្រុង តាំងតែពី​ឆ្នាំ​២០០៧​ម្លេះ​ គ្មានអ្វីពាក់ព័ន្ធនឹង​ការឃោសនាបោះឆ្នោត ឆ្នាំ​២០២៣ទេ។

គួរបញ្ជាក់ថា ប្រសិន​បើតុលាការធម្មនុញ្ញថៃ សម្រេចទទួល​ស្គាល់​ថាលោក​ ភិថា លីមចៈរើនរ៉ាត់ ពិតជាបានធ្វើខុសនឹងច្បាប់បោះឆ្នោតពិតមែន គឺលោក អាចមាន​ប្រឈម​នឹងទោស ជាប់ពន្ធនាគារ បាត់បង់ជាស្ថាពរនូវអាសនៈសភា ហើយ​នឹង​ត្រូវគេហាមឃាត់ មិន​ឲ្យឈរឈ្មោះ​បោះឆ្នោត រយៈពេល​២០ឆ្នាំ​។ ជីវិតនយោបាយទាំងស្រុងរបស់​លោក គឺរំពឹងលើ​សេចក្តីសម្រេច​ នៃតុលាការធម្មនុញ្ញ​ ដែលនឹងប្រកាសនៅថ្ងៃទី​២៤ធ្នូ​។​

ពេលចេញពីអង្គ​សវនាការ នៅថ្ងៃពុធទី២០​ធ្នូ ក្នុងទឹកមុខញញឹម​ដូចសព្វមួយដង លោក ភិថា លីមចៈរើនរ៉ាត់ បាន​ឆ្លើយ​ប្រាប់អ្នកកាសែតថា លោក​មានក្តីសង្ឃឹមច្រើន ថា​លោក​នឹងទទួល​បានយុត្តិធម៌​។ លោកបញ្ជាក់ថា លោក​មាន​ការពេញចិត្ត ចំពោះនីតិវិនីនៅក្នុងតុលាការ ហើយ​ថាលោក​បានរងចាំថ្ងៃនេះយូរមកហើយ ដើម្បី​បាននិយាយ​លាតត្រដាងការពិត បញ្ជាក់ពីភាពស្មោះត្រង់របស់លោក។ លោកអះអាងថា លោក​ជឿជាក់ថា ការពិតនឹងឈ្នះ ការពិតនឹងនាំយក​ភាពយុត្តិធម៌​ ដើម្បីអនុញ្ញាតឲ្យ​លោក ​អាចមានលទ្ធភាពបម្រើនយោបាយ និង​​​ប្រជាជាតិថៃឡើងវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ