អានតួអត្ថបទ
ថៃ-សិទ្ធិសេរីភាព

សភាថៃ​បោះឆ្នោតទទួលយកសេចក្តីព្រាង​​ច្បាប់ ​អនុញ្ញាតអាពាហ៍ពិពាហ៍​រវាងអ្នកមានភេទដូចគ្នា

សភាជាន់ទាបថៃ នៅថ្ងៃសុក្រទី​២២ធ្នូនេះ បាន​បោះឆ្នោតនៅ​អំណានទី១ ទទួលយក​សេចក្តីព្រាងច្បាប់​ថ្មីដែលរដ្ឋាភិបាល​បានស្នើមក ដើម្បី​ឈានទៅ​បើកផ្លូវទទួលស្គាល់ ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ រវាង​អ្នកដែលមានភេទដូចគ្នា​។ ទោះបីពេលនេះ ច្បាប់នេះមិនទាន់ត្រូវបាន​អនុម័តជាស្ថាពរ តែវាបានផ្តល់ក្តីសង្ឃឹមខ្លាំង ដល់​ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅថៃ​ ក្នុងការទទួលបានសិទ្ធិ​ស្មើភាពគ្នាក្នុងសង្គម​។​

Participants hold a rainbow flag during the Pride Parade in Bangkok, Thailand, Sunday, June 4, 2023. Thousands of Thai and foreigners are taking part. (AP Photo/Sakchai Lalit)
អ្នកចូលរួមដើរក្បួន "Pride Parade" នៅបាងកក រួមគ្នាលើកទង់ឥន្ធនូ តំណាងឲ្យ​​ការទាមទារសិទ្ធិ​អ្នកស្រលាញ់ភេទដូចគ្នា LGBT+។ បាងកក ថ្ងៃទី​៤ មិថុនា ២០២៣ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ថ្មី ដែលរដ្ឋាភិបាលថៃបានស្នើទៅសភា គឺមានខ្លឹមសារ កែប្រែការប្រើប្រាស់ពាក្យ បុរស ស្ត្រី ប្តី និង​ប្រពន្ធ នៅក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍។ ពាក្យ​ទាំងអស់នេះ នឹងត្រូវជំនួសដោយ​ពាក្យ​ផ្សេងទៀត ដែល​មាន​ក្តោបន័យ​​ទូលំទូលាយ មិនសំដៅលើភេទ។ ការកែប្រែខ្លឹមសារថ្មីនេះ នឹងបើកផ្លូវ អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋថៃទាំងអស់ អាចរៀបអាពាហ៍ពិពាហ៍ ដោយ​លែងជា​ប់​លក្ខខណ្ឌ ថាត្រូវតែមានភេទពីកំណើតផ្ទុយគ្នាទៀតហើយ​។​ ការទទួលស្គាល់សិទ្ធិរៀបអាពាហ៍​ពិពាហ៍នេះ ក៏​នឹង​ផ្តល់​សិទ្ធិផងដែរ ឲ្យដៃគូសហព័ទ្ធ ដែល​មានភេទដូចគ្នា​ អាចមានសិទ្ធិ​ស្មុំកូន និង​មានសិទ្ធិផ្ទេរឬទទួលមរតក។​

លោក សុមសាក់ ធេបស៊ូធីន  ឧបនាយករដ្ឋមន្ត្រីថៃ បាន​ឡើងថ្លែងការពារ​សេចក្តីព្រាងច្បាប់ថ្មីនេះ នៅចំពោះមុខអង្គសភាជាន់ទាប ដោយ​លោក​បានលើកឡើងថា ច្បាប់ថ្មី​នេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈ របស់​រាជរដ្ឋាភិបាល ក្នុងការពង្រឹង​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​ពលរដ្ឋថៃគ្រប់រូប បានទទួលសិទ្ធិស្មើៗគ្នា ក្នុងការ​កសាងគ្រួសារ ដោយ​គ្មានការរើសអើង ។

សមាជិកសភាជាន់ទាបថៃ បាន​បោះឆ្នោត​ទទួលយក​សេចក្តីព្រាងច្បាប់​នេះ ជាមួយនឹងសំឡេងគាំទ្រ ៣៦០ ទល់​នឹង​​១០​សំឡេង​ប្រឆាំង។ ជំហានបន្ទាប់ អត្ថបទ​សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូន​ទៅ​កាន់​គណៈកម្មាធិការច្បាប់ ដើម្បី​ពិនិត្យ​លំអិតលើខ្លឹមសារ មុននឹងបោះឆ្នោតអនុម័តជាលើកទី២នៅរដ្ឋសភា​។

ក្រោយ​ដំណឹងលទ្ធផល​វិជ្ជមាន​នៅសភានេះ លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន បាន​សរសេរអបអរសាទរ នៅលើបណ្តាញសង្គម X ដោយ​លោក​បាន​លើក​ឡើងថា ទីបំផុតនៅថ្ងៃនេះ​ យើងបានឈាន​មកដល់​លើផ្លូវ​ ដែលឆ្ពោះទៅ​កាន់ សមភាពនៃសិទ្ធិសម្រាប់មនុស្ស​​​គ្រប់ៗគ្នា។​

គួររំលឹកថា កាលពីឆ្នាំ​២០២២ សភាថៃធ្លាប់​បានបើកភ្លើងខៀវ ទទួលយកមកពិចារណា នូវសេចក្តីព្រាងច្បាប់ចំនួន​២រួចហើយ ទាក់ទិននឹង​ការ​​អនុញ្ញាត​​ចំណងអាពាហ៍ពិពាហ៍ រវាង​អ្នកមានភេទដូចគ្នា និង​សេចក្តីព្រាង២ទៀត ទាក់ទិន​នឹង​​ការរួមរស់ជាអនីតិសង្វាស។ តែដំណើរការអនុម័តច្បាប់ទាំង​នេះ ត្រូវបាន​អាក់ខានវិញ បន្ទាប់​ពីអតីត​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធចាន់អូចា បានសម្រេចរំលាយសភាចោល ដើម្បី​បើកឲ្យ​មាន​ការបោះឆ្នោត​កាលពីខែ​ឧសភាកន្លងទៅ​។

គួរកត់សំគាល់ថា ប្រសិនបើថៃមាន​ច្បាប់​ទទួលស្គាល់​ ការរៀបអាពាហ៍ពិពាហ៍​ដោយស្របច្បាប់ រវាងអ្នកមានភេទដូចគ្នា នោះមានន័យថា ថៃជាប្រទេសដំបូងគេហើយ នៅអាស៊ីអាគ្នេយ៍ ដែលទទួលស្គាល់សិទ្ធិ​របស់​អ្នកស្រលាញ់​ភេទដូចគ្នា​។​ លោក Chawinroj Terapachalaphon មេធាវី​ LGBT+ ថៃម្នាក់ បាន​លើកឡើងថា ការផ្តល់សិទ្ធិ​ស្មើភាពគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ គឺវានឹងអត្ថប្រយោជន៍​ដល់សង្គម​ជាតិទាំងមូល។ លោក​បន្តថា អ្នកដែលប្រឆាំងនឹងចំណុចនេះ គឺគ្មានហេតុអ្វីត្រូវប្រឆាំងទេ ព្រោះ​ការផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ទាំងអស់គ្នានេះ វាមិនបានទៅ​រំលោភបំពាន ឬធ្វើ​ឲ្យប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ​។ ផ្ទុយទៅវិញ ការទទួលស្គាល់សិទ្ធិស្មើៗគ្នា គឺវានឹងធ្វើ​ឲ្យសង្គមជាតិ​ កាន់តែមានសេចក្តីសុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ