អានតួអត្ថបទ

អ.ស.ប.អំពាវនាវ​ឲ្យ​ជួយ​សង្គ្រោះជីវិត​​ជនជាតិ​​រ៉ូហ៊ីងយ៉ា ១៨៥នាក់ ​កំពុងឋិតក្នុង​ទូក លើសមុទ្រ​ឥណ្ឌា

ជនជាតិរ៉ូហ៊ីងយ៉ា ១៨៥នាក់ ភាគច្រើន​ជា​ស្ត្រី​និងកុមារ កំពុងតែឋិតនៅលើទូក លើសមុទ្រឥណ្ឌា។ អង្គការ​សហប្រជាជាតិ ទទូច​អំពាវនាវ​ជា​បន្ទាន់​ សូម​ឲ្យ​ជួយ​សង្គ្រោះ​ស្រោច​ស្រង់​អាយុជីវិត​ពួក​គេ​ផង។ ត្រូវ​សង្គ្រោះ​ជាបន្ទាន់​ ពីព្រោះថា មនុស្សយ៉ាង​ហោច​ជាង ​១០ នាក់​ ក្នុង​ចំណោម​នោះ កំពុងតែ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ហើយ​អាច​នឹងត្រូវ​​ផុត​រលត់​ជីវិត ប្រសិន​បើ​គ្មាន​ការ​​ព្យាបាលសង្គ្រោះ ​ឲ្យ​ទាន់​ពេលវេលា​ ទេនោះ។

ទូកដឹកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះ ស្ថិតនៅកៀកក្បែរកោះ អន់ដាម៉ាន (Andaman) និងនីកូបារ (Nicobar)។
ទូកដឹកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះ ស្ថិតនៅកៀកក្បែរកោះ អន់ដាម៉ាន (Andaman) និងនីកូបារ (Nicobar)។ AP - AP Illustration
ផ្សាយពាណិជ្ជកម្ម

នេះបើយោងតា​ម​សេចក្តី​ថ្លែង​ការណ៍របស់ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ​ពីថ្ងៃ​សៅរ៍ ទី​២៣ ធ្នូ និង​​បញ្ជាក់ដែរ​​ថា ទូក​ដឹកជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះ ​ស្ថិតនៅកៀក​ក្បែរ​កោះ អន់ដាម៉ាន និងនីកូបារ។​

​​អ្នក​នាំពាក្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន លោក បាបារ បាលុស្ស៍ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា អ្នកនៅលើទូកនេះ បាន​ព្យាយាម​ទាក់ទង​សុំ​ជំនួយ​ពី​ប្រទេស​ផ្សេង​ៗ​​នៅ​ក្បែរ​ៗ​កោះនោះ ព្រោះ​តែ​ស្ថានភាព​លើទូក ​ធ្លាក់ក្នុង​​​ដំណាក់​កាលអស់​សង្ឃឹម​មែនទែន​ហើយ។​

ជា​ច្រើន​ឆ្នាំមកនេះ  ជនជាតិ​ភាគតិច ​​រ៉ូហ៊ីងយ៉ា ​កាន់សាសនា​អ៊ីស្លាម​​ ត្រូវ​ របបសឹក​ភូមា ប្រើអំពើហិង្សា ធ្វើ​ទុក្ខបុកម្នេញ ដែល​ជំរុញ​ឲ្យ​ពួក​គេ​រត់​ចោល​លំនៅដ្ឋាន ចាក​ចេញទៅជំរុំ​ជន​ភៀសខ្លួន​ ក្នុងប្រទេស​បង់ក្លាដែស​។ ​ស្ថានភាពក្នុង​​ជំរុំនេះ គឺត្រូវ​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន រិះគន់​ថ្កោលទោស​ថា​ ខ្វះ​ចំណី​អាហារ និង​គ្មាន​អនាម័យ ហើយ​និងមានអំពើ​​​ហិង្សា ចរាចរណ៍​គ្រឿងញៀន និង ការ​ចាប់​ជំរិត។ ក្នុងឆ្នាំ២០២៣​នេះ ​​នៅ​ជំរុំ​ជន​ភៀសខ្លួន​​បង់ក្លាដែស មានជនជាតិ​​រ៉ូហ៊ីងយ៉ា ជាង ៦០នាក់​ ស្លាប់​បាត់​បង់ជីវិត។ ហេតុដូច្នេះហើយ​ ទើប រ៉ូហ៊ីងយ៉ាខ្លះទៀត ត្រូវ​បង្ខំ​ចិត្ត​ ប្រថុយជីវិត​​ធ្វើដំណើរជា​បន្តទៀត តាម​ផ្លូវ​ទឹក ជិះ​ទូក តម្រង់ឆ្ពោះ​ទៅកាន់​ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។​ នៅ​ឥណ្ឌូនេស៊ី ក្នុង​សប្តាហ៍​នេះ ប្រជាជន​បាន​ធ្វើ​បាតុកម្ម​បដិសេធ​មិន​ព្រមទទួល​យក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា នោះឡើយ។​

តាមទិន្នន័យ​របស់​ឧត្ដមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន គឺក្នុង​ឆ្នាំ​២០២២ ក្រុម​​​រ៉ូហ៊ីងយ៉ា យ៉ាងហោច ជាង ២ ០០០ នាក់ បាន​ព្យាយាម​ចាកចេញទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​ ហើយ​ ក្នុង​ឆ្នាំទៅមិញនេះ ជាង ៥៧០ នាក់ បាត់ខ្លួន ឬ​​បានស្លាប់​បាត់​បង់​ជីវិត នៅក្នុង​សមុទ្រ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ