អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

សេអ៊ូល​ដាក់ទណ្ឌកម្ម​មេ​ចារកិច្ច​កូរ៉េខាងជើង​ចំពេល​គីមជុងអ៊ុន​បើក​ជំនួប​ប្រជុំបក្ស​​ប្រចាំ​ឆ្នាំ

កូរ៉េខាង​ត្បូង​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី ២៧​ធ្នូ​២០២៣​នេះ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នាយក​​ការិយាល័យ​ចារកិច្ច​កូរ៉េខាង​ជើង លោក រី ចង់ហូ ពី​បទ​ប្រព្រឹត្ត​សកម្មភាព​អនឡាញ​ដោយ​ខុស​ច្បាប់ និង​​លួច​បច្ចេកវិទ្យា រហូត​នាំ​ឱ្យ​កូរ៉េខាង​ជើងអាច​បាញ់សាកល្បង​​មីស៊ីលជា​ថ្មី​​កាលពី​​ពាក់​កណ្តាល​ខែ និង​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​បាន​សម្រេច។ គឺ​ជា​របត់​ថ្មី​​និង​ការ​ប្តូរផ្លាស់​ដ៏​ធំ​ធេងផ្នែក​សមត្ថភាព​យោធា​របស់​កូរ៉េខាង​ជើង។ នេះ​បើតាម​សំដី​​របស់លោក គីមជុងអ៊ុន ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើងនា​ឱកាស​​បើក​ជំនួប​ប្រជុំ​​បក្ស​ដ៏​ធំ​ប្រចាំ​ឆ្នាំ។

លោក​គីមជុនអ៊ុន​ ក្នុង​ជំនួប​ប្រជុំ​បក្ស​ប្រចាំ​ឆ្នាំ
លោក​គីមជុនអ៊ុន​ ក្នុង​ជំនួប​ប្រជុំ​បក្ស​ប្រចាំ​ឆ្នាំ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ពី​ថ្ងៃអង្គារ​ទី ២៦​ធ្នូ​ដល់​ថ្ងៃ​ទី ១​មករា២០២៤ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីមជុងអ៊ុន ត្រូវ​​ធ្វើ​ជាអធិបតី​ក្នុង​​ជំនួប​ប្រជុំ​បក្សប្រចាំ​ឆ្នាំ​​ ដែល​​ជា​ឱកាស​បង្អួត​បង្ហាញ​ផែនការ​និ​ងកម្មវត្ថុ​យោធា។ កាលពី​ឆ្នាំ​ទៅ ក្នុង​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំថ្ងៃទី ១​មករា​២០២៣​ លោក គីមជុងអ៊ុន​បាន​បញ្ជា​ឱ្យ​កូរ៉េខាងជើង​បង្កើន​សព្វាវុធ​នុយក្លេអ៊ែរ។ នៅ​ឆ្នាំ​នេះ ក្នុងពេល​បើក​កម្មវិធី​ ប្រមុខ​ដឹកនាំរបប​​ព្យុងយ៉ាង បាន​អះអាង​ថា​២០២៣​ ជា​របត់​ថ្មី និង​ជាឆ្នាំ​នៃ​​ការ​ប្តូរ​ផ្លាស់​ដ៏​ធំ​ធេង​របស់​កូរ៉េខាងជើង ​ជាពិសេស​ក្នុង​វិស័យ​ការពារជាតិ ដោយបាន​​​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​ បាញ់​សាកល្បង​មីស៊ីល​​បាលីស្ទិក​អន្តរទ្វីប​​ ដ៏​មាន​មហិទ្ធិឬទ្ធិ​បំផុត​គ្មាន​ប្រៀប​ និង​បាន​ចារ​ឈ្មោះ​កូរ៉េខាងជើង​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត។

កាលពី​សប្តាហ៍​មុន លោក គីម​ជុងអ៊ុន បាន​ប្រកាស​ថា​កូរ៉េខាង​ជើង​មិន​ញញើត​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ឡើ​យ ប្រសិន​បើ​មាន​នរណា​ហ៊ានយក​អាវុធ​នុយក្លេអ៊ែរមក​​បង្ក​រឿង​។

ការ​សាកល្បង​មីស៊ីល​និង​បង្ហោះ​កាំជ្រួច​ចារកិច្ច បាន​ធ្វើ​ឱ្យទំនាក់ទំនង​រវាង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​ ធ្លាក់​ដុន​ដាប​យ៉ាង​ខ្លាំង​ជា​ថ្មី។​ ​សេអ៊ូល​បាន​សម្រេច​ព្យួរ​កិច្ចព្រមព្រៀង​យោធា​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៨​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​យោធា​ក្នុង​តំបន់។ ហើយ​នៅ​ថ្ងៃ​ពុធ​ទី​២៧​ធ្នូ​នេះ​សេអ៊ូល​បាន​ចាត់​វិធានការ​បន្ថែម​ជា​និម្មត្តិរូប ដោយ​សម្រេច​ដាក់​ទណ្ឌកម្ម​​នាយក​ការិយាល័យ​ចារកិច្ច​កូរ៉េខាង​ជើង លោក រី ចង់ហូ។ ភ្នាក់ងារ​ចារកិច្ច​ក្រោម​បង្គាប់​​លោក​រីចង់ហូ ត្រូវ​ជាប់​សង្ស័យ​ថា​ ជាគ្រប់គ្រង​ក្រុម​ចោរ​អ៊ីនធ័រនែត Kimsuky Lazarus និងAndariel។ ចំណែក​​​រូប​លោក រី ចង់ហូ ផ្ទាល់ ត្រូវ​បាន​សេអ៊ូល​ចោទ​ប្រកាន់​ថា​ប្រមូល​ថវិកា​​​ឱ្យរបប​ព្យុងយ៉ាង និងទៅ​បម្រើ​សកម្មភាព​​នុយក្លេអ៊ែរ​ ​​តាម​រយៈ​​សកម្មភាព​រក​ស៊ី​​​​​អនឡាញខុស​ច្បាប់និង​ការ​លួច​បច្ចេកវិទ្យា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​កូរ៉េខាង​ត្បូង។ កូរ៉េខាង​ត្បូង​និង​សម្ព័ន្ធ​មិត្ត​អាមេរិក​ជប៉ុន សង្ស័យ​ថា​ព្យុងយ៉ាង​រក​ប្រាក់​បាន​ប្រមាណ​១,៧​ដុល្លារ​កាលពី​ឆ្នាំ​ទៅ តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថលCryptomonnaies។

ក្រៅ​ពី​លោក​រីចង់ហូ សេអ៊ូល​បាន​ដាក់​ទណ្ឌកម្ម​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េខាង​ជើង​៧​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន​ម្នាក់​ជា​អតីត​មន្ត្រី​ទូត​ប្រចាំ​នៅ​ចិន​ ពី​បទ​មាន​ពាក់​ព័ន្ធ​នឹង​ជំនួញ​លីចូម៦ លោហៈដ៏​ចាំបាច់​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ និង​ដែល​ហាមឃាត់​ដោយ​អង្គការ​សហប្រជាជាតិ។ អំណើះ​តទៅ ជន​ជាប់​ទណ្ឌកម្ម​កូរ៉េខាង​ត្បូង​មិនអាច​ផ្ទេរ​និង​ផ្តោះប្តូរ​ប្រាក់​ជាមួយកូរ៉េខាង​ត្បូង​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ។ តាំងពី​ឆ្នាំ​២០២២​មក​ ជា​ប្រតិកម្ម​តប​នឹង​សកម្មភាព​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរនិង​មីស៊ីល​ខុសច្បាប់ កូរ៉េខាង​ត្បូង​បាន​បញ្ចូល​ឈ្មោះ​បុគ្គល​៨៣​នាក់និងស្ថាប័ន​​កូរ៉េខាង​ជើង​ចំនួន៥៣​ ​ក្នុង​បញ្ជី​ខ្មៅ​។ ប៉ុន្តែ​ទណ្ឌកម្ម​ទាំង​នេះ មាន​តម្លៃ​ត្រឹម​ជា​និម្មិតរូប​ប៉ុណ្ណោះ ព្រោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​កំរិត​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ