អានតួអត្ថបទ
កូរ៉េខាងជើង-សង្គ្រាម

គីមជុងអ៊ុន​ បញ្ជា​ឱ្យ​កូរ៉េខាង​ជើង​ពន្លឿន​លក្ខណៈ​ត្រៀម​ធ្វើ​សង្គ្រាម

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម​ជុងអ៊ុន​បានប្រកាស​ទៅ​កាន់​សមាជពេញ​អង្គ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ នៅថ្ងៃព្រហស្បតិ៍​ទី​២៨​ធ្នូ​នេះ ឱ្យ​ពន្លឿនការ​ត្រៀម​លក្ខណៈធ្វើ​សង្គ្រាម​ និង​ពន្លឿន​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ព្រោះ​ស្ថានភាព​នយោបាយ​និង​យោធា​កំពុង​តែ​ធ្ងន់ធ្ងរ​ខ្លាំង។ ​បើតាម​សំដី​លោក​គីមជុងអ៊ុន​ដែល​មាន​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​សារព័ត៌មាន​រដ្ឋ ស្ថានភាព​អាក្រក់​នេះ​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត។

គីមជុងអ៊ុន​អំពាវនាវ​ឱ្យ​កូរ៉េខាង​ជើង​ពន្លឿន​លក្ខណៈ​ត្រៀម​ធ្វើ​សង្គ្រាម
គីមជុងអ៊ុន​អំពាវនាវ​ឱ្យ​កូរ៉េខាង​ជើង​ពន្លឿន​លក្ខណៈ​ត្រៀម​ធ្វើ​សង្គ្រាម © RFI
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុន​សមាជពេញ​អង្គ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ បក្សតែ​មួយគត់​តែ​កំពុង​កាន់​អំណាច​នៅក្នុង​ប្រទេស​កូរ៉េខាង​ជើង លោកប្រមុខ​គីម​​ជុងអ៊ុន​បាន​​ដាក់​បញ្ជា​ឱ្យ​ក្រុម​យោធា​ប្រជាមានិត ឱ្យ​ឧស្សាហកម្ម​គ្រាប់​រំសេវ យោធា​ក្នុង​វិស័យ​អាវុធ​នុយក្លេអ៊ែរ និង​ផ្នែក​ការពារ​ស៊ីវិល​ទាំងអស់ ត្រូវ​ពន្លឿន​ការ​ត្រៀម​រៀប​ចំ​ធ្វើ​សង្គ្រាម​។

ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​KCNA បានលម្អិត​ទៀត​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​ពន្លឿន​លក្ខណៈត្រៀម​សង្គ្រាម​ ក៏​ព្រោះ​តែ​ស្ថានភាព​នយោបាយ និង​យោធា​នៅក្នុង​ឧបទ្វីប​កូរ៉េ​ ដុនដាប​ខ្លាំង​ដល់​កំពូល​តែ​ម្តង ដូច​ជា​ត្រូវ​ប្រឈម​ផ្ទាល់​នឹងសមយុទ្ធ​​​អាមេរិក​ផង និង​​កម្លាំង​ដ៏​ខ្លាំងក្លា​គ្មាន​ប្រៀប​​ក្នុង​ប្រវត្តិសាស្ត្រ​ផង។

ជាការពិត សហរដ្ឋ​អាមេរិក កូរ៉េខាង​ត្បុង និង​ជប៉ុន បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា ដោយ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចែក​រំលែក​ទិន្នន័យ​ទាន់​ហេតុការណ៍​ពេល​កូរ៉េខាង​ជើង​បង្ហោះ​មីស៊ីល និង​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ក្នុង​តំបន់​ទៀត។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាមេរិក​បាន​បញ្ជូន​នាវា​មុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​USS Missouri នាវា​ផ្ទុក​យន្តហោះ​ និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរយុទ្ធសាស្ត្រ​ B-52 ទៅ​កាន់​កូរ៉េខាង​ត្បូង​។ សម្រាប់​កូរ៉េខាង​ជើង​ សមយុទ្ធផ្ទួនៗ​នេះ​ជា​ការ​ត្រៀម​លក្ខណៈ​ចូល​ឈ្លានពាន​ទឹក​ដី​ខ្លួន ដែល​គ្មាន​វិធានការ​អ្វី ​ក្រៅ​ពី​ត្រូវ​សាកល្បង​មីស៊ីល និង​ត្រូវ​តែ​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ទេ។

នៅឆ្នាំ២០២៣​នេះ កូរ៉េខាងជើងបាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ ក្នុង​ចំនួន​ដ៏​ច្រើន​បំផុ ត រំលោភបំពានសេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ បាន​បង្ហោះ​ដោយ​ជោគជ័យ​ផ្កាយរណប​ចារកិច្ច​ទៅក្នុង​គន្លង​តារាវិថី និង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីកអន្តរទ្វីប មាន​សមត្ថភាព​បាញ់​ដល់​ដី​អាមេរិក​ទៀត​។​ តែ​បើ​ព្យុងយ៉ាង​ហ៊ាន​វាយប្រហារ​នុយក្លេអ៊ែរ​មែន នោះ​សេអ៊ូល​និង​វ៉ាស៊ីនតោន​ច្បាស់​ជា​តប​ត និង​បញ្ចប់​របប​គីមជុងអ៊ុន​តែម្តង។

ជា​ចុងក្រោយ បើតាម​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​ដដែល ក្នុង​ឱកាស​សមាជបក្ស​នេះ លោក​គីមជុងអ៊ុន ក៏​បានអំពាវនាវ​ឱ្យ​កូរ៉េខាង​ជើង​ពន្លាត​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ប្រទេស​ឯករាជ្យ​និង​ប្រទេស​ប្រឆាំង​របប​ចក្រពត្តិ។ មាន​គាំទ្រ​ដោយ​ងាករេពី​ចិន​ ព្យុងយ៉ាង​បានបង្ខិត​ខ្លួន​ចូល​កៀក​​រុស្ស៊ី​កាន់​តែ​ខ្លាំងនាពេល​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ