អានតួអត្ថបទ
ជ័យលាភី​ណូបែល​សេដ្ឋកិច្ច

បង់ក្លាដែស៖ ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច ត្រូវ​កាត់ទោស​ ឲ្យ​ជាប់ពន្ធនាគារ​ ៦ ខែ

ជ័យលាភី​ណូបែល​សេដ្ឋកិច្ច ឆ្នាំ២០០៦ លោក មហាម៉ាត់ យូនូស និង​សហការី​ ៣ នាក់ ត្រូវ ​តុលាការ​បង់ក្លាដែស បាន​សម្រេច​​ទោសដាក់​ពន្ធនាគារ​ ចំនួន​ ៦ ខែ ពីបទរំលោភ​បំពាន​ច្បាប់​ការងារ​។ នេះបើតាម​រដ្ឋអាជ្ញា​បង់ក្លាដែស ដែលប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែមករា ឆ្នាំ​២០២៤។​ បណ្តា​ក្រុម​អ្ន​កគាំទ្រ​រូបលោក និង​មេធាវី​ការពារក្តី​ឲ្យ​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ​ បាន​អះអាង​ថា សាលក្រម​​នេះ​ជារឿង​នយោបាយ​សុទ្ធសាធ និង​បាន​អំពាវនាវ​ឲ្យ​លើកលែង​បទចោទប្រកាន់​។

ជ័យលាភី​ណូបែល​សេដ្ឋកិច្ច ឆ្នាំ២០០៦ លោក មហាម៉ាត់ យូនូស ធ្វើ​សន្និសីទ​កាសែត​ព័ត៌មាន នៅថ្ងៃទី​១មករា​២០២៤។​
ជ័យលាភី​ណូបែល​សេដ្ឋកិច្ច ឆ្នាំ២០០៦ លោក មហាម៉ាត់ យូនូស ធ្វើ​សន្និសីទ​កាសែត​ព័ត៌មាន នៅថ្ងៃទី​១មករា​២០២៤។​ REUTERS - MOHAMMAD PONIR HOSSAIN
ផ្សាយពាណិជ្ជកម្ម

មាន​ជន្មាយុ ៨៣ ឆ្នាំ បណ្ឌិត​ មហាម៉ាត់ យូនូស ជា​ម្ចាស់​ស្ថាបនិក​ធនាគារ ​Grameen និង​ជា​អ្នក​សេដ្ឋកិច្ច​ដែល​បានទទួល​ការ​កោត​សរសើរ ជា​​ច្រើន​ពីបណ្តាអ្នកក្រ​ និងការ​គោរព​រាប់​អាន​ពី​សំណាក់​​បណ្តាមេដឹកនាំ​ស្ថាប័ន​​នានា​ៗជាច្រើន នៅ​​លើពិភពលោក។ លោក មហាម៉ាត់ យូនូស បានរៀនសូត្រ​​ផ្នែក​សេដ្ឋកិច្ច​នៅសហរដ្ឋអាមេរិក និងត្រឡប់​ចូល​ស្រុក​កំ​ណើត​វិញ​នៅ​ឆ្នាំ​១៩៧១។ ឆ្នាំ១៩៨៣ លោក​​បង្កើត​ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ ដែល​​ផ្តល់​ប្រាក់​ខ្ចី ឲ្យ​អ្នក​ក្រ​ ​​អាច​ខ្លីលុយតិចតួច​ ត្រឹមតែ​​ ១០០ ដុល្លារ​ ក៏ខ្ចីបាន​។ តាមរយៈ​ឥណទាន​ខ្នាតតូចនេះ​ គឺ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​លាន​នាក់ ហើយ​​ស្នាដៃនេះ​បាន​​ជំរុញ​ឲ្យ​រូបលោកទទួល​បាន​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច នៅឆ្នាំ២០០៦​។

​ចំពោះ​ឥណទានកម្ចី​ខ្នាតតូច​សម្រាប់​អ្នក​ក្រ និងបានចំណេញប្រាក់​តាមរយៈ​អត្រា​ការ​ប្រាក់​តិចតួច​នេះ គឺត្រូវ ​លោកស្រីនាយករដ្ឋមន្រ្តី​ ​ឆេក ហាស៊ីណា ​រិះគន់​ចំពោះរូប​លោក​ថា ​កំពុងតែ​ជញ្ជក់ឈាម​រាស្ត្រ​។ ​ក៏ប៉ុន្តែ បណ្ឌិត យូនូស បាន​អះអាង​ប្រាប់​ទីភ្នាក់​ងារព័ត៌មាន​​បារាំង​អាអេហ្វប៉េ កាលពីខែ​វិច្ឆិកា ២ ខែមុន ថា​ លោកស្ទើរតែគ្មាន​បាន​ចំណេញ​អ្វីឡើយ ពី​បណ្តាក្រុមហ៊ុន ប្រមាណ ៥០ ដែល​លោក​បាន​ជួយ​បង្កើត​នៅក្នុង​ប្រទេស​បង់ក្លាដែស។​​

បង់ក្លាដែស នឹងរៀបចំការ​​បោះឆ្នោត​សភា​​​ នៅ​ពេល​ខាងមុខ​នេះ ប៉ុន្តែ ​បក្ស​ប្រឆាំង​បង់ក្លាដែស បាន​ធ្វើពហិការ​បដិសេធ​មិន​ចូលរួមបោះឆ្នោត​ទេ​។ ស្របពេល​នេះ​ គឺ បក្ស​កាន់អំណាច ក៏​ចង់​រារាំង និងបង្អាក់ដំណើរ​​របស់​លោក មហាម៉ាត់ យូនូស ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង និង​​កំពុង​តែមាន​ចេតនា​​បង្កើត​គណបក្ស​នយោបាយមួយ​។ ប្រសិន​បើ​បង្កើត​បក្ស​នយោបាយ​ គឺ​លោក​នឹងក្លាយ​ជា​គូប្រជែង​ក៏មាន​ឥទ្ធិពល​ ហើយ​និងអាចប្រកួតប្រជែង​អំណាច​បាន។ ដូច្នេះហើយ បក្សកាន់អំណាច​បង់ក្លាដែស មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។​

ពេល​នេះ ក្នុង​ដំណាក់​ប្តឹងឡើង​សាលា​​ឧទ្ធរណ៍ លោក មហាម៉ាត់ យូនូស ត្រូវរដ្ឋអាជ្ញា​អនុញ្ញាត​ឲ្យ​នៅ​ក្រៅឃុំសិន​​។ ទោះយ៉ាងនេះក្តី​ ក្នុងករណីនេះ លោក ខាចា តានៀរ​ ​មេធាវីម្នាក់​​របស់​លោក មហាម៉ាត់ យូនូស បាន​ប្រាប់សារព័ត៌មាន​ថា សាលក្រម​កាត់​ទោស​នេះ គ្មាន​ន័យ​​ខ្លឹមសារ និង​អយុត្តិធម៌​រក​លេខ​ដាក់គ្មាន ហើយថា ​សំណុំរឿងនេះ នាំឲ្យ​បង់ក្លាដែស​ ខ្មាសគេ​ពេញ​មួយ​ទ្វីបលោក។

នៅបង់ក្លាដែស លោក មហាម៉ាត់ យូនូស ​រងបណ្តឹង​និងជាប់​​បទចោទប្រកាន់​ជាច្រើន​ករណី រាប់​ចាប់​តាំងពីបទ​ល្មើស​ពុក​រលួយ បទ​រំលោភ​​ច្បាប់​ការងារ និងបំពានច្បាប់​ធនគារ​ ជាដើម។​ ផ្ទុយទៅវិញ អតីត​ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា និង អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមមូន រួម​ទាំង​ ម្ចាស់​ជ័យលាភី​ណូបែល​ជា​ង​១០០​នាក់​ទៀត បាន​សរសេរ​លិខិត​ចំហ១ ពី ៣ ខែមុន ស្នើឲ្យ​ទម្លាក់ចោល​​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹងរូបលោក។​ ចំណែក អ្នកស្រី អ៊ីរែន ខាន់ អ្ន​ករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លើកឡើង​ថា បណ្ឌិត មហាម៉ាត់ យូនូស ​គួរតែ​ត្រូវ​ទទួល​បាន​ការ​កោត​សរសើរ និង​ជាមោទនភាព​សម្រាប់ជាតិ​ តែ​មិនគួរ​ត្រូវ​ចោទប្រកាន់​ផ្លូវ​ច្បាប់ ទាំង​ទទឹងទិស​បែប​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ