អានតួអត្ថបទ
សមុទ្ទចិន​ខាង​ត្បូង

ចិន​ច្រឡោត​នឹងសមយុទ្ធ​រវាង​​អាមេរិក​និង​ហ្វីលីពីននៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ការ​ប៉ះទង្គិច​គ្នា ​ក្នុង​តំបន់​ដែន​ទឹក​ជាប់​ជម្លោះមាន​​ជា​បន្ត​បន្ទាប់។ ឯ​សមយុទ្ធ​ក៏​មាន​សកម្មភាព​កាន់​ច្រើន។ នៅ​ថ្ងៃព្រហស្បតិ៍​នេះចិន​បាន​ចាត់​ទុក​សមយុទ្ធ​របស់​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ថា​ជា​ទង្វើ​បង្ក​រឿង។ ប៉ុន្តែទន្ទឹម​ពេល​គ្នានេះ យោធាចិន​ក៏​កំពុង​ធ្វើលំហាត់​សឹក​ដែរ​។

ចិន​ច្រឡោត​នឹង​សមយុទ្ធ​អាមេរិក​និង​ហ្វីលីពីន​នៅសមុទ្ទ​ចិន​ខាង​ត្បូង
ចិន​ច្រឡោត​នឹង​សមយុទ្ធ​អាមេរិក​និង​ហ្វីលីពីន​នៅសមុទ្ទ​ចិន​ខាង​ត្បូង AP - Mari Yamaguchi
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​រួម​ជា​មួយនាវិក​​ហ្វីលីពីន ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​កងពល​អាកាសនាវិក​ នៃ​ក្រុម​នាវាផ្ទុក​យន្តហោះ​ដើរ​ដោយ​នុយក្លេអ៊ែរ​USS Carl Vinson នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង រយៈ​ពេល​ពី​រ​ថ្ងៃ។ ជា​លំហាត់​សឹក​ជា​ប្រចាំ​​ដើម្បី​ពង្រឹង​ចំណង​រវាង​ជាតិ​ជា​សម្ព័ន្ធមិត្ត​និងជា​​ដៃគូ​គ្នា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​ជើង​ទឹក​អាមេរិក​US Navy។

ប៉ុន្តែ​សម្រាប់​ចិន​ សមយុទ្ធ​អាមេរិក​ហ្វីលីពីន ជា​សកម្មភាព​បង្ក​ហេតុ​ ដែល​​​ប៉ះពាល់​ដល់​បូរណភាព​ដែន​ដី​ចិន។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ដោយបញ្ជាក់​ថា លំហាត់​សឹក​អាមេរិក​ហ្វីលីពីន ធ្វើ​ឡើង​ក្នុង​បំណង​បង្អួត​បង្ហាញ​កម្លាំង និង​មិនសម​នឹង​ស្ថានការណ៍​និង​ការ​គ្រប់គ្រង​ជម្លោះ​ទេ។ ​

​សម្រាប់​ពេល​នេះ​ចិន​​ក៏​កំពុង​ដឹកនាំ​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​​ដែរ។ យោធា​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​៣មករា ថា កង​កម្លាំង​យោធា​ជើង​ទឹក​ និង​អាកាស​កំពុង​ចេញ​ល្បាត​ តាម​ទម្លាប់ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍។ តែចិន​មិន​បាន​បញ្ជាក់​ថា​អំពី​ទីតាំង ​ និង​​ចំនួន​ទាហាន​ ​​ឬប្រភេទ​នាវា​ និង​យន្តហោះ ដែល​ចូល​រួម​​ធ្វើ​លំហាត់សឹក​នេះ​ទេ។ សមយុទ្ធ​ ​ដែល​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​ជាសាធារណៈចុងក្រោយ​គេ​បំផុត គឺ​សមយុទ្ធ​កាលពី​ខែ​វិច្ឆិកា​២០២៣ និង​កាលពី​ខែ​កញ្ញា​ចិនមាន​ធ្វើ​សមយុទ្ធ​បួន។

ក្រៅ​អំពី​​សមយុទ្ធជា​បន្ត​បន្ទាប់ ស្ថានភាព​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ក៏​ឡើង​តានតឹង​​រវាង​ចិន ជាមួយ​នឹង​បណ្តាប្រទេស​ជាប់​ជម្លោះ​ជាពិសេស​ហ្វីលីពីន។ កាលពី​ខែ​ធ្នូ នាវា​ចិន​បាន​បាញ់​ទឹក​សំដៅ​នាវា​ហ្វីលីពីន​ដែល​ចេញ​ធ្វើ​​បេសកកម្ម​ផ្គត់ផ្គត់​ស្បៀង​​ដល់​ក្រុម​ប្រចាំការ​នៅ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​ Second Thomas ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ នាវា​ឆ្មាំ​សមុទ្ទ​ចិន​និង​នាវា​ហ្វីលីពី​នធ្លាប់​បាន​ទាំង​បុកទង្គិច​គ្នា​នៅសមុទ្ទ​ចិន​ខាង​ត្បូង​ទៀត កាលពី​ខែ​តុលា។

​សម្រាប់អ្នក​វិភាគ​សិង្ហបុរី ចិន​កំពុង​ប្រែក្លាយ​សមុទ្ទ​ចិន​ខាង​ត្បូង​ទៅ​ជាតំបន់​ដែន​ទឹក​​គន្លឹះ​របស់​ចិនដែល​ត្រូវ​ការពារ​ និង​គ្រប់គ្រង​ដោយ​ចិន​ ដើម្បី​ពង្រឹង ​ពង្រីក​ឥទ្ធិពល​និង​សមត្ថភាព​របស់​ខ្លួន​។ ​ប៉េកាំង​បាន​ថែម​ទាំង​អះអាង​ទៀត​ថា ចិន​​ជា​ប្រជាជាតិ​ដំបូង​គេ​ដែល​បាន​រក​ឃើញ​ប្រជុំ​កូនកោះ​ប៉ប្រះទឹក​និង​ជា​អ្នក​ដាក់​ឈ្មោះ​ឱ្យ​កូន​កោះ​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដ៏​ធំទូលាយដែល​​មាន​​​ចរាចរណ៍​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​អាស៊ី​និង​ផ្នែក​ផ្សេង​ទៀត​នៃពិភពលោកឆ្លងកាត់។ ចិន​​​មិន​ខ្វល់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៦ ដែល​ច្រាន​ចោល​ការ​ទាមទារ​គ្រប់​គ្រង​សមុទ្ទ​ចិន​ខាង​ត្បូង​តែ​ម្នាក់​ឯង​របស់​ប៉េកាំង​ថា​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ