អានតួអត្ថបទ
ចិន-អង់គ្លេស-ចារកិច្ច

ចិនអះអាងថាបានកំណត់អត្តសញ្ញាណ​​​ចារកិច្ច​​ម្នាក់ ដែលប្រមូល​ព័ត៌មាន​បម្រើឲ្យ​អង់គ្លេស

ចិនបានអះអាងថា ជនម្នាក់ដែលជាចារកិច្ច បម្រើ​ឲ្យ​ទីភ្នាក់ងារចារិក្ចអង់គ្លេស ត្រូវបានគេវែកមុខ ​កំណត់អត្តសញ្ញាណ​បាន។ ផ្អែក​តាម​ក្រសួងសន្តិសុខផ្ទៃក្នុងចិន គឺគេបានរកឃើញភស្តុតាងជាច្រើន បញ្ជាក់ថាទីភ្នាក់ងារចារកិច្ចអង់គ្លេស MI6 បានប្រើប្រាស់ជននេះ ឲ្យ​ប្រមូលព័ត៌មានសម្ងាត់ពីចិន ដោយ​បន្លំខ្លួន ធ្វើជា​អគ្គនាយកក្រុមហ៊ុន​ប្រឹក្សា​មួយ​​។

ឆ្មាំការពារសន្តិសុខឈរយាម នៅស្ថានទូតអង់គ្លេស ប្រចាំទីក្រុងប៉េកាំង ថ្ងៃទី​ ៨ មករា ២០២៤
ឆ្មាំការពារសន្តិសុខឈរយាម នៅស្ថានទូតអង់គ្លេស ប្រចាំទីក្រុងប៉េកាំង ថ្ងៃទី​ ៨ មករា ២០២៤ AFP - PEDRO PARDO
ផ្សាយពាណិជ្ជកម្ម

ក្រសួងសន្តិសុខផ្ទៃក្នុងចិន បានចេញសារប្រកាសមួយ​ នៅថ្ងៃចន្ទទី៨មករា នៅលើបណ្តាញ​សង្គម WeChat ដោយ​បានអះអាងថា ទីភ្នាក់ងារចារកិច្ចអង់គ្លេស MI6 បានប្រើប្រាស់ជនជាតិបរទេសម្នាក់ ដែលមាននាមត្រកូលថា Huong  ឲ្យ​មកឈ្លបស៊ើបយកការណ៍​សម្ងាត់ពីចិន​។

ប្រភពដដែលអះអាងថា ជននេះ បានធ្វើដំណើរចូលមកចិន​ជាច្រើនលើក ដោយ​ប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ បន្លំធ្វើជាអគ្គនាយកក្រុមហ៊ុន​ផ្តល់ប្រឹក្សា ដើម្បីមក​រៀបចំផ្សារភ្ជាប់ទំនាក់ទំនង​សហប្រតិបត្តិការ​ ក្នុង​វិស័យចារកិច្ចជាមួយ​ចិន។ មិនត្រឹមប៉ុណ្ណោះទេ ជនឈ្មោះ Huong នេះមានតួនាទីស្វែងរក​មនុស្សនៅចិន ដើម្បី​បញ្ចុះបញ្ចូលឲ្យធ្វើ​ការ​ប្រមើទីភ្នាក់ងារចារកិច្ចអង់គ្លេស​។

ឆ្លងកាត់ការស៊ើបអង្កេត អាជ្ញាធរចិនបាន​ប្រមូល​បានភស្តុតាង បញ្ជាក់ថាជនឈ្មោះ Huong បាន​បញ្ជូន​ព័ត៌មានសម្ងាត់ទៅ​ឲ្យ​ទីភ្នាក់ងារចារកិច្ចអង់គ្លេស MI6 យ៉ាងហោច ចំនួន​១៧ព័ត៌មាន​ ដែលក្នុងនោះមានទាំងព័ត៌មានសម្ងាត់រដ្ឋចិនថែមទៀត។ អាជ្ញាធរចិនលើកឡើងថា ជននេះធ្លាប់​បានទទួលការហ្វឹកហាត់ជំនាញ​ឈ្លបយកការណ៍ និង​ត្រូវបានគេបង្រៀន​ឲ្យ​ចេះប្រើ​សម្ភារៈបច្ចេកទេសទំនើប ដើម្បីប្រមូលព័ត៌មានហើយ​បញ្ជូនទៅ​កាន់MI6។ ក្រសួងសន្តិសុខផ្ទៃក្នុងចិនអះអាងថា គេបានចេញវិធានការបន្ទាន់ ដើម្បី​ឃាត់ខ្លួនជនសង្ស័យខាងលើ។

យ៉ាងណាក៏ដោយ​ គិតត្រឹមពេលនេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP មិនអាចទទួលបាន​ការបញ្ជាក់​ព័ត៌មាន​នេះ ពីប្រភពឯករាជ្យណាមួយទេ​។ ចំណែកក្រសួងការ​បរទេស​អង់គ្លេសវិញ បានបដិសេធមិន​ប្រតិកម្ម​អ្វីទាំងអស់ ទាក់ទិននឹងការអះអាងថា របស់អាជ្ញាធរចិននេះ​។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកហើយ ដែល​រដ្ឋាភិបាលចិន និងអង់គ្លេស បានចោទប្រកាន់គ្នាទៅវិញទៅមក ទាក់ទិននឹងសកម្មភាពចារកិច្ចឈ្លបយកការណ៍។ រដ្ឋាភិបាលអង់គ្លេស ធ្លាប់​បាន​អះអាងថា ចិន​បានធ្វើសកម្មភាព​ឈ្លបយកការណ៍​ ពីក្រោយ​ខ្នង​មន្ត្រីធំៗរបស់អង់គ្លេសជាច្រើននាក់។ កាលពីខែកញ្ញា ឆ្នាំ​២០២៣ អ្នកស្រាវជ្រាវម្នាក់​ធ្វើការនៅសភាអង់គ្លេស ត្រូវបាន​គេចាប់ឃាត់ខ្លួន ដោយ​ចោទថាបាន​ធ្វើចារកិច្ច​បម្រើឲ្យ​ចិន​

ពីខាងចិនវិញ គេបាន​អះអាងថា​បានចាត់វិធានការប្រឆាំងនឹងការធ្វើចារកិច្ចពីបរទេស ជាច្រើនករណី ក្នុងរយៈពេល​ប៉ុន្មានខែមកនេះ​។ ជាក់ស្តែង កាលពីខែ​ឧសភា ជនជាតិ​អាមេរិក​ដើមកំណើតចិនម្នាក់ ឈ្មោះ John Shing-wan Leung អាយុ៧៨ឆ្នាំ ត្រូវបាន​តុលាការចិន​ផ្តន្ទាទោស​ជាប់ពន្ធនាគារមួយជីវិត ពីបទចារកិច្ច តែ​ដោយ​គ្មាន​បង្ហាញ​​ភស្ដុតាង​ ឬព័ត៌មានលំអិត ទាក់ទិនការចោទនេះឡើយ​។ ហើយ​កាលពីខែ​តុលា ជនម្នាក់ឈ្មោះ Hou ត្រូវក្រសួងសន្តិសុខផ្ទៃក្នុងចិន ចោទថាបាន​បញ្ជូនឯកសារសម្ងាត់រដ្ឋចិនជាច្រើនច្បាប់ ទៅឲ្យអាមេរិក។

កាលពីឆ្នាំ​២០២៣ដែរ អាជ្ញាធរចិនបានចុះទៅ​ឆែកឆេរ និងរឹបអូសឯកសារ នៅតាមទីតាំងក្រុមហ៊ុន​បរទេសមួយចំនួន​នៅចិន​។ ខែ​ឧសភា អាជ្ញាធរចិនចុះ​ទៅរឹបអូស​ឯកសារ នៅក្រុមហ៊ុនផ្តល់​ប្រឹក្សាធុរកិច្ចអាមេរិកមួយ ឈ្មោះ Capvision ។ ខែ​មេសា សមត្ថកិច្ចចិនបានចុះទៅ​សាកសួរព័ត៌មាន​ បុគ្គលិក​ក្រុមហ៊ុន​ប្រឹក្សាធុរកិច្ចអាមេរិក​មួយទៀត ឈ្មោះ Bain។ ហើយ​កាលពីខែធ្នូ ចិនបាន​ឃាត់ខ្លួន​បុគ្គលិក៥នាក់ របស់ក្រុមហ៊ុន​សាវនកម្ម​អាមេរិក Mintz Group ព្រមទាំងបានសម្រេចបិទការិយាល័យក្រុមហ៊ុននេះ​ នៅក្រុង​​ប៉េកាំងថែមទៀត។ រដ្ឋាភិបាលអាមេរិកព្រមទាំងសភាពណិជ្ជកម្ម​អាមេរិក​ប្រចាំនៅចិន បាន​បរិហារថា ការ​ចុះទៅឆែកឆេររឹបអូសឯកសារ និងការសួរចម្លើយឥតស្រាកស្រាន​ពីអាជ្ញាធរចិន បានធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំងមកលើទំនុកចិត្តរបស់អ្នកវិនយោគ​ ព្រមទាំងសកម្មភាពរកស៊ី របស់​ក្រុមហ៊ុន​បរទេស​នៅក្នុងប្រទេសចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ