អានតួអត្ថបទ
កូរ៉េខាងជើង-រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ធ្វើដំណើរទៅ​រុស្ស៊ីតាមការអញ្ជើញរបស់​លោក​ប្រមុខការទូតរុស្ស៊ី

បន្ទាប់ពីបាន​បាញ់មីស៊ីល​បាលីស្ទីក​ថ្មីមួយគ្រាប់ទៀត កាលពីថ្ងៃ​អាទិត្យ​ទី​១៤មករា ផ្អែកតាមការផ្សាយ​របស់បណ្តាញ​ព័ត៌មាន​ផ្លូវការ​​កូរ៉េ​ខាងជើង លោកស្រីរដ្ឋមន្ត្រីកូរ៉េខាងជើង ត្រូវធ្វើដំណើរទៅទស្សនកិច្ចផ្លូវការ​នៅរុស្ស៊ី ចាប់ពីថ្ងៃទី​១៥ ដល់១៧មករា។ គួរកត់សំគាល់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិង​កូរ៉េខាងជើង​ បានបង្ហាញ​ភាព​ស្អិតល្មួត ខ្លាំងឡើង​ៗ​​។ សហរដ្ឋ​អាមេរិក​​បាន​ថ្កោល​ទោសកូរ៉េខាងជើង ថាបានជួយផ្តល់សព្វាវុធទៅឲ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន​​។​

រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី Sergey Lavrov ចាប់ដៃជាមួយ​លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ពេលជួបគ្នានៅព្យុងយ៉ាង ថ្ងៃទី​១៩តុលា ២០២៣
រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី Sergey Lavrov ចាប់ដៃជាមួយ​លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ពេលជួបគ្នានៅព្យុងយ៉ាង ថ្ងៃទី​១៩តុលា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បាន​ផ្សាយ​ឲ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧មករា លោកស្រី Choe Son Hui រដ្ឋមន្ត្រីកាបរទេសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ ​នឹងទៅបំពេញទស្សនកិច្ច​ផ្លូវការនៅ​រុស្ស៊ី។ ជាទស្សនកិច្ច ធ្វើឡើងតាមការអញ្ជើញ​ ពី​លោក​ប្រមុខការទូតរុស្ស៊ី Sergueï Lavrov។

គិតត្រឹមពេលនេះ មិនទាន់មានការបញ្ជាក់លំអិតណាមួយ ស្តីពីកម្មវិធីនៃទស្សនកិច្ច និង​ថាតើ​រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងត្រូវទៅជួបថ្នាក់ដឹកនាំរុស្ស៊ី ណាខ្លះទេ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទំនាក់ទំនងរវាងរុស្ស៊ី និង​កូរ៉េខាងជើង កាន់តែស្អិតល្មួតលែងលាក់លៀមទៀតហើយ ជាពិសេសបន្ទាប់ពី​ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅ​ជួប​លោក​ពូទីន នៅឯទីក្រុង​ Vladivostok កាលពីខែ​កញ្ញាឆ្នាំ​២០២៣។ ហើយ​ប៉ុន្មាន​ខែមកនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើននាក់ បានធ្វើដំណើរទៅ​ព្យុងយ៉ាង ដែលគេជឿថា ទៅដើម្បីនិយាយអំពី​ផែនការ​យកអាវុធកូរ៉េខាងជើង ទៅធ្វើសង្គ្រាម​នៅអ៊ុយក្រែន​។

យ៉ាងណាមិញ កាលពី​ដើមខែមករានេះ សេតវិមានអាមេរិក បានចោទថា កូរ៉េខាងជើង បានប្រគល់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ ព្រមទាំង​ប្រព័ន្ធបាញ់​ប្លោងផង ទៅ​ឲ្យ​កងទ័ពរុស្ស៊ី​។ ផ្អែកតាមមន្ត្រីអាមេរិក​ដែរ មីស៊ីល​កូរ៉េខាងជើង ដែល​អាចរត់បានចំងាយ​ ៩០០គីឡូម៉ែត្រ ត្រូវបាន​រុស្ស៊ីយកទៅ​ប្រើរួចហើយ ដើម្បីបាញ់​ប្លោងទៅលើ​អ៊ុយក្រែន​។

ការខិតចូលជិតគ្នា ផ្នែកយោធា រវាងរុស្ស៊ីនិងកូរ៉េខាងជើងនេះ បានធ្វើ​ឲ្យ​អាមេរិក​និង​កូរ៉េខាងត្បូងមានការព្រួយបារម្ភជាខ្លាំង​។ នៅខែតុលាឆ្នាំ​២០២៣ សហរដ្ឋអាមេរិក​បានអះអាងថា កូរ៉េខាងជើងបាន​បញ្ជូនសម្ភារៈយោធា និ​ងគ្រាប់កាំភ្លើងចំនួន​ ១០០០កុងទឺនឺ ទៅ​ឲ្យ​រុស្ស៊ី​។ ចំណែក​កូរ៉េខាងត្បូងវិញ​ បានអះអាងដែរថា គេមានភស្តុតាងជាក់ច្បាស់ បញ្ជាក់ថា កូរ៉េខាងជើងបានប្រគល់​គ្រាប់កាំភ្លើងត្បាល់​ជាង​១លានគ្រាប់ទៅឲ្យរុស្ស៊ី ជាថ្នូរនឹង​ការជួយ​ពីរុស្ស៊ី​ ក្នុងផ្នែកបច្ចេកវិទ្យា​បង្ហោះផ្កាយ​រណប។ កាលពីចុងឆ្នាំ​២០២៣ កូរ៉េខាងជើង បានបាញ់​បង្ហោះបានជោគជ័យ នូវផ្កាយរណបយោធាឈ្លបយកការណ៍របស់ខ្លួន បន្ទាប់ពីបានបរាជ័យ២លើក។

គួរកត់សំគាល់ដែរថា គេសង្កេតឃើញថាកូរ៉េខាងជើងបញ្ចេញឫកខែងរែង កាន់តែខ្លាំងមួយរយៈចុងក្រោយ​នេះ​​ បែប​ប្រហែលជាសប្បាយ​ចិត្ត ដោយសារ​ខ្លួន​មាន​​ទំនាក់ទំនងស្និទ្ធស្នាល ជាមួយរុស្ស៊ី។ ក្រោយពីបាន​ធ្វើសមយុទ្ធបាញ់គ្រាប់ពិត​ កៀក​បំផុត​នឹងកោះមួយរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ​ទី​១៤មករា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ថែមទៀត ចូលទៅក្នុងសមុទ្រជប៉ុន​។ មិនត្រឹមប៉ុណ្ណោះទេ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុង បានប្រកាសចាត់ទុកថា កូរ៉េខាងត្បូងគឺជាសត្រូវដ៏ធំមួយរបស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ