អានតួអត្ថបទ
ចិន-ណូរូ-តៃវ៉ាន់

កោះណូរូ ផ្តាច់ទំនាក់ទំនងទូតជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់តែចិន

កាលពីថ្ងៃចន្ទ ទី​១៥មករា ប្រទេសណូរូ ដែលជាកូនកោះមួយ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានប្រកាសផ្តាច់ទំនាក់ទំង​ការ​ទូតទាំង​ស្រុង​ជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនតែមួយប៉ុណ្ណោះ។ ក្រោយ​ការប្រកាសនេះ រដ្ឋាភិបាលតៃវ៉ាន់ បានអះអាងថា ច្បាស់ណាស់ គឺចិនបានប្រើប្រាស់ជំ​នួយសេដ្ឋកិច្ច​ ដើម្បី​ដាក់សំពាធទៅ​លើប្រទេសកូនកោះនេះ​ ឲ្យ​ឈប់ទទួលស្គាល់តៃវ៉ាន់​។

ទង់ជាតិ​កោះណូរូ ត្រូវបាន​គេបង្ហូតយកចេញពី​បង្គោល (ទី៣រាប់ពីស្តាប់) នៅខាងមុខ​អគារ​ក្រសួងការបរទេសតៃវ៉ាន់។ តៃប៉ិ ថ្ងៃទី​១៥មករា២០២៤
ទង់ជាតិ​កោះណូរូ ត្រូវបាន​គេបង្ហូតយកចេញពី​បង្គោល (ទី៣រាប់ពីស្តាប់) នៅខាងមុខ​អគារ​ក្រសួងការបរទេសតៃវ៉ាន់។ តៃប៉ិ ថ្ងៃទី​១៥មករា២០២៤ AP - ChiangYing-ying
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ កោះណូរូ បានចេញលិខិតប្រកាស​ថា ចាប់ពីពេលនេះតទៅ ប្រទេសណូរូ នឹងលែងទទួលស្គាល់តៃវ៉ាន់ ជាប្រទេសដាច់ដោយឡែក តទៅទៀតហើយ។ ពីថ្ងៃនេះទៅ ណូរូចាត់ទុក​តៃវ៉ាន់ គ្រាន់តែ​ជាដែនដីមួយរបស់ចិន​ ដោយ​មិនអាចផ្តាច់ចេញបាន​។​ ដូច្នេះ​ ទំនាក់ទំនងគ្រប់វិស័យទាំងអស់ ជាមួយតៃវ៉ាន់ នឹងត្រូវបិទបញ្ចាប់ ហើយទៅថ្ងៃអនាគត ណូរូនឹងមិន​អភិវឌ្ឍន៍ទំនាក់ទំនងផ្លូវការ ឬ ការដោះដូរពាណិជ្ជកម្មជាផ្លូវការ​ ជាមួយតៃវ៉ាន់តទៅទៀតឡើយ​។​

ការប្រកាសរបស់​រដ្ឋាភិបាលណូរូនេះ ត្រូវបាន​ក្រសួងការបរទេសចិនអបអរសាទរ ថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ​។​ នៅលើបណ្តាញសង្គម Facebook លោកប្រធានាធិបតី​ណូរូ David Adeang បានបង្ហោះសារបញ្ជាក់ ណូរូបានសម្រេចចិត្ត​ ប្រកាសទទួលស្គាល់ សាធារណរដ្ឋ​ប្រជាមានិតចិនតែមួយប៉ុណ្ណោះ។

ភ្លាមៗក្រោយដំណឹងនេះ រដ្ឋាភិបាលតៃវ៉ាន់ បាន​បញ្ជាក់​ឲ្យដឹងថា សាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃ​វ៉ាន់ នឹងបិទបញ្ចប់ទំនាក់ទំនងទាំងអស់ជាមួយកោះណូរូ។ ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទទី​១៥មករា លោក Tien Chung-Kwang អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បាន​លើកឡើងចាប់ពីពេលនេះទៅ តៃវ៉ាន់សូមបិទបញ្ចប់ទំនាក់ទំនងការទូតជាមួយកោះណូរូ ដើម្បីរក្សាការពារកិត្តិយស​ជាតិ និងភាពថ្លៃថ្នូររបស់តៃវ៉ាន់​។​

លោកអនុ​រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានអះអាងទៀតថា ក្នុងរយៈពេលកន្លងមកនេះ ចិនបានព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ចុះបញ្ចូល​ អូសទាញថ្នាក់ដឹកនាំកោះណូរូ ឲ្យ​ឈប់ទទួលស្គាល់តៃវ៉ាន់ជាផ្លូវការតទៅទៀត។ តៃវ៉ាន់អះអាងថា ចិនបាន​ប្រើប្រាស់ ប្រាក់ជំនួយសេដ្ឋកិច្ច ដើម្បីទិញទឹកចិត្តថ្នាក់ដឹកនាំប្រទេសកូនកោះ ដែលមានប្រជាជនត្រឹមតែ ជាង​១២០០០នាក់នេះ​។

សូមបញ្ជាក់ថា គិតចាប់ពីពេលនេះទៅ គឺនៅសល់​ប្រទេសតែ​១២ប្រទេសប៉ុណ្ណោះ ដែលទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ក្នុងក្របខណ្ឌ​សហប្រតិបត្តិការអន្តរជាតិ​។ កាលពីឆ្នាំ​២០១៩ កោះសាឡូមុន ដែលជាប្រទេសកូនកោះមួយទៀត នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរ បានប្រកាស​ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ហើយបាន​​ងាកទៅទទួលស្គាល់ចិនតែមួយ​។ ​គម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មាន​តម្លៃរាប់រយលានរបស់កោះសាឡូមុន គឺបាន​មកពី​​ប្រាក់ជំនួយរបស់ចិន ដែលគេជឿថា គឺជាវិធីលួងលោមទិញទឹកចិត្ត ឲ្យ​ប្រទេសកូនកោះនេះដោះដៃចោល​​តៃវ៉ាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ