អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

លោក គីមជុងអ៊ុនព្រមានកូរ៉េខាងត្បូងពីការផ្ទុះសង្រ្គាម បើសិនជាហ៊ាន​រំលោភកូរ៉េខាងជើង​តែមួយចំអាម

មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ព្រមានកូរ៉េខាងត្បូង​ពីការប្រកាស​សង្រ្គាម បើសិន​ជា​កូរ៉េខាងត្បូង​ហ៊ានតែរំលោភដែនដីកូរ៉េខាងជើង​សូម្បីតែ​មួយចំអាម។ នេះបើ​តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើងKCNA  នៅថ្ងៃអង្គារ​ទី ១៦​មករានេះ។ នៅមុនពាក្យព្រមាន​របស់លោក គីម ជុងអ៊ុន សភាជាន់ខ្ពស់​របស់​កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បាន​​បោះឆ្នោត​រំលាយចោល​ទីភ្នាក់ងារ​ជាច្រើន​ដែល​ទទួលបន្ទុក​ការផ្សះផ្សារ​ជាមួយ​កូរ៉េខាងត្បូង។ នៅសេអ៊ូល លោកប្រធានាធិបតី យូន សុខយោល​ប្រតិកម្ម​ទៅ​វិញ​ថា នឹង​វាយបករាល់​ការញុះញង់​របស់​កូរ៉េខាងជើង។

In this photo provided by the North Korean government, North Korean leader Kim Jong Un speaks at the Supreme People’s Assembly in Pyongyang, North Korea Monday, Jan. 15, 2024
លោក គីមជុងអ៊ុនព្រមានកូរ៉េខាងត្បូងពីការផ្ទុះសង្រ្គាម បើសិនជាហ៊ាន​រំលោភកូរ៉េខាងជើង​តែមួយចំអាម នៅថ្ងៃចន្ទទី​១៥​មករា ២០២៤ AP
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របស់ បងប្អូន​សត្រូវ​កូរ៉េ​កំពុង​ផ្ទុះសង្រ្គាម​ពាក្យសំដី​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ នៅថ្ងៃ​ចន្ទម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​បាន​គំរាម​កូរ៉េខាងត្បូង​ពី​ការប្រកាស​សង្រ្គាម បើសិន​កូរ៉េខាងត្បូង​ហ៊ាន​រំលោភដែនដី ដែនអាកាស ឬ​ដែនសមុទ្រ​របស់​កូរ៉េខាងជើង​សូម្បី​តែមួយ​ចំអាម។

នៅក្នុង​សារថ្លែងទៅកាន់សភាកូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង​បាន​បញ្ជា​ឲ្យ​មាន​វិធានការ​ថ្មី ដើម្បី​កំណត់ថា កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​ប្រឆាំង រករឿង​កូរ៉េខាងជើង។ យោង​តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក​គីម ជុងអ៊ុនបាន​ផ្តល់យោបល់​ផងដែរ​ឲ្យ​សភា​សរសេរ​បញ្ជាក់ នៅក្នុង​រដ្ឋធម្មនុញ្ញ​ស្តីពី​ចូល​កាន់កាប់​ទាំងស្រុង ការវាយចូលគ្រប់គ្រង​សាធារណរដ្ឋ​កូរ៉េ ឬ​ការកាត់​យក​កូរ៉េខាងត្បូង​មកធ្វើជាទឹកដី​កូរ៉េខាងជើង​តែម្តង នៅក្នុង​ករណី​ដែល​មាន​ផ្ទុះសង្រ្គាម នៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា នៅក្នុង​រដ្ឋធម្មនុញ្ញរៀងៗខ្លួន ប្រទេស​កូរ៉េទាំងពីរ​តែង​ទាមទារគ្រប់គ្រង​ដែនអធិបតេយ្យភាព​ទាំងស្រុង​របស់​ឧបទ្វីប​កូរ៉។ នៅថ្ងៃចន្ទ មេដឹកនាំកូរ៉េខាងជើង​ប្រកាស​មិន​ទទួលស្គាល់​ខ្សែបន្ទាត់​ដែនទឹក​ខាងជើង ដែលពុះខ័ណ្ឌ​កូរ៉េទាំងពីរ តាំងពីសម័យ​សង្រ្គាមកូរ៉េ។

ប្រតិកម្ម​នឹង​ពាក្យ​ព្រមាន​របស់​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យូន សុខយោល​បាន​តបវិញថា សេអ៊ូល​នឹង​វាយបក​រាល់សកម្មភាពញុះញង់​របស់កូរ៉េខាងជើង ព្រោះថា កងទ័ពកូរ៉េខាងត្បូង​មានសមត្ថភាព​ពេញ​ទំហឹង។

នេះមិនមែនជាលើកទី១ទេ ដែល ភាគីជម្លោះ​បងប្អូនកូរ៉េទាំងពី​ប្រើពាក្យ​សំដី​គំរាម​វាយកំទេច​គ្នា​ទៅវិញ ទៅមក។ នៅដើម​ខែមករានេះ មេដឹកនាំកូរ៉េខាងជើង​ធ្លាប់​បាន​ប្រកាស​ចាត់ទុក​កូរ៉េខាងត្បូង​ជា​សត្រូវ​ចំបង និង​ទាត់ចោល​រាល់ការប្រឹងប្រែង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា ដែល​លោក​ចាត់ទុកថា ជា​កំហុស​ដែល​កូរ៉េខាងជើង​មិនអាច​ធ្វើ​ជា​លើកទី២។

ជាលទ្ធផល សភាកូរ៉េខាងជើង​បោះឆ្នោត រំលាយចោល​គ្រប់​ស្ថាប័ន ទីភ្នាក់ងារ ដែល​ធ្វើការ​ទៅលើ​ការបង្រួបបង្រួមផ្សះផ្សា​បងប្អូនកូរ៉េទាំងពីរ។ “ដោយសារ​ប្រទេស​ទាំងពីរ​កំពុងប្រឈមតទល់គ្នា​យ៉ាងស្រួចស្រាវ ការផ្សះផ្សា​ជាមួយ​សាធារណរដ្ឋកូរ៉េ ឬ​កូរ៉េខាងត្បូង ជា​រឿង​មួយដែល​មិនអាចកើតឡើង​ទៅរួច។

ស្ថានការណ៍​នៅឧបទ្វីបកូរ៉េ​តានតឹង​ខ្លាំងឡើងៗ គិត​ចាប់តាំង​ពី​កូរ៉េខាងជើងបញ្ជូន​ដោយជោគជ័យ ផ្កាយរណបយកការណ៍សម្ងាត់ទៅក្នុងគន្លងតារាវិថី ដែលកូរ៉េខាងត្បូង​វាយតម្លៃថា បានទទួលជំនួយ​បច្ចេកវិទ្យាពីរុស្ស៊ី។ ដោយសារ​ការផ្គើនបាញ់សាកល្បងមីស៊ីល និង​ការបាញ់បង្ហោះផ្កាយរណប​របស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានជំហរ​អភិរក្សនិយម ប្រកាស​ផ្អាក ព្យួរ​កិច្ចព្រមព្រៀង​យោធា ដែលគេ​បង្កើតឡើង នៅ​ឆ្នាំ ២០១៨ នៅក្នុង​គោលដៅ​បន្ថយភាពតានតឹង​រវាង​កូរ៉េទាំងពីរ។

នៅចុង​ឆ្នាំមុន បន្ទាប់ពីបាញ់​សាកល្បងមីស៊ីលបាលីស្ទិក ជាញយដង លោកគីម ជុងអ៊ុន​នៅ​បាន​អំពាវនាវ​ឲ្យកូរ៉េខាងជើង​ពន្លឿនលក្ខណៈត្រៀមសង្រ្គាម ព្រោះថា ស្ថានការណ៍នយោបាយ និងយោធា​នៅឧបទ្វីបកូរ៉េកាន់តែ​ធ្លាក់ចុះដុនដាបដល់កំពូល ដោយសារ​តែ សមយុទ្ធយោធា​របស់​អាមេរិក និងកូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ